en     km
en     km

អគ្គស្នងការ​នគរបាល​ជាតិ​ នឹង​បណ្តេញ​នគរបាល​ដែល​មិន​ចូលរួម​ហ្វឺ​ក​ហ្វឺ​ន​ជំនាញ​ទៀងទាត់​

Share

Ar-kak-snong-ka-nor-kor-bal-cheat-cover

«​អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​ប្រកាស​ថា​ នឹង​លុបឈ្មោះ​កងកម្លាំង​នគរបាល​ចេញពី​បញ្ជី​ក្របខ័ណ្ឌ​នគរបាល​ ប្រសិនបើ​កងកម្លាំង​នគរបាល​ណា​ មិន​ចូលរួម​ហ្វឹកហ្វឺន​ជំនាញ​របស់​ខ្លួន​ឲ្យ​បាន​ទៀងទាត់​»​។​ នេះ​ជា​ការ​ថ្លែង​របស់​លោក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពី​ធី​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល​ ២០០​នាក់​ ដែល​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ចាត់​បញ្ជូន​ទៅ​ហ្វឹកហ្វឺន​ជំនាញ​កង​អន្តរាគមន៍​ពិសេស​ នៅ​បន្ទាយ​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​លេខ​៩១១​ កាលពី​រសៀល​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​។​

​លោក​  គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ ថ្លែង​ថា​ ការ​ហាត់រៀន​ជំនាញ​ក្នុង​ជួរ​កម្លាំង​នគរបាល​ គឺ​ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ការ​បង្ហូរឈាម​ នៅ​ពេល​ចុះ​ប្រតិបត្តិការ​ការពារ​ជាតិ​ ការពារ​ទឹកដី​ ការពារ​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​ជាក់ស្តែង​ នៅ​ពេល​ហេតុការណ៍​អាក្រក់​កើតឡើង​ដែល​មិន​អាច​ដឹង​ជា​មុន​បាន​។​ ជាមួយ​គ្នា​នោះ​ លោក​ ក៏​បាន​ស្នើ​ឲ្យ​កងកម្លាំង​នគរបាល​ដែល​កំពុង​បាន​ហ្វឹកហ្វឺន​ជំនាញ​អន្តរាគមន៍​ពិសេស​ទាំងអស់​ ត្រូវ​បង្កើន​ការ​គោរព​វិន័យ​ និង​លក្ខន្តិកៈ​ជួរ​កងកម្លាំង​នគរបាល​ឲ្យ​បាន​ល្អ​ប្រសើរ​ សំដៅ​បង្កើន​សមត្ថភាព​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ជូន​សង្គម​ជាតិ​ និង​ប្រជាជន​។​

​ទាក់ទិន​ក្នុង​រឿង​នេះ​ដែរ​ លោក​ សន​ ជ័យ​ មន្ត្រី​សម្របសម្រួល​បណ្ដាញ​រួបរួម​ ដើម្បី​គណនេយ្យ​ភាព​សង្គម​ ប្រចាំ​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ បាន​លើក​ឡើង​ថា​ លោក​សាទរ​ចំពោះ​ចំណាត់ការ​នេះ​។​ ក៏​ប៉ុន្តែ​លោក​ថា​ កន្លង​មក​លោក​សង្កេត​ឃើញ​ថា​ កងកម្លាំង​នគរបាល​ជាតិ​មិន​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ ហ្វឹកហាត់​ជំនាញ​ថ្មីៗ​ ទៅ​តាម​ផែនការ​ដែល​មាន​ ឲ្យ​បាន​ជាប់លាប់​នោះ​ទេ​។​

​លោក​ សន​ ជ័យ​ បន្ថែម​ថា​ ដើម្បី​ឲ្យ​ការ​ហ្វឹកហ្វឺន​ជំនាញ​ និង​ការ​អនុវត្ត​ការងារ​របស់​កងកម្លាំង​នគរបាល​ជាតិ​ ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ លុះត្រាតែ​ការ​ជ្រើសរើស​សិក្ខាកាម​ទៅ​ហ្វឹកហ្វឺន​ ធ្វើ​ឡើង​ប្រកបដោយ​តម្លាភាព​ ដោយ​មិន​ត្រូវ​ប្រកាន់​បក្សពួក​និយម​ ។​ លោក​បន្ត​ថា​ មួយទៀត​ដែរ​ គឺ​ត្រូវ​ធានា​នូវ​ប្រាក់បៀវត្ស​សមរម្យ​ដល់​កងកម្លាំង​នគរបាល​ ដើម្បី​ធានា​ថា​  ការ​បំពេញភារកិច្ច​ការងារ​សម្រេច​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​
​សូម​ជម្រាប​ថា​ កងកម្លាំង​នគរបាល​ដែល​បាន​ហ្វឹកហ្វឺន​នា​ពេល​នេះ​ គ្រោង​នឹង​បញ្ចប់​ការ​វគ្គ​ហ្វឹកហ្វឺន​របស់​ខ្លួន​នៅ​ចុងខែ​វិច្ឆិកា​ខាង​មុខ​ ហើយ​ក្នុង​ចំណោម​កង​នគរបាល​ទាំងនោះ​ គឺ​មាន​កម្លាំង​នគរបាល​១៧៥​នាក់​បាន​មក​ធ្វើការ​ហ្វឹកហ្វឺន​ជំនាញ​ទៀងទាត់​ ចំណែកឯ​សិក្ខាកាម​២៥​នាក់​ មិន​បាន​ចូលរួម​ហ្វឹកហ្វឺន​ទៀងទាត់​នោះ​ទេ​ ហើយ​អ្នក​ទាំងនោះ​នឹង​ត្រូវ​អគ្គស្នងការ​លុបឈ្មោះ​ចេញពី​បញ្ជី​កងកម្លាំង​នគរបាល​៕

Share

Image
Image
Image