en     km
en     km

វេណេហ្សូអេឡា៖ បក្សប្រឆាំងដាក់ផែនការអូសទាញពួកយោធាអោយបញ្ចប់របបលោកម៉ាឌូរ៉ូ

Share

លោកជូន ហ្គាយដូមេដឹកនាំបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡា បានអំពាវនាវ ទៅកាន់ជនរួមជាតិ របស់លោក អោយធ្វើយុទ្ធនាការម្ដងទៀតនៅថ្ងៃពុធទី៣០មីនានេះ ដើម្បី អ្វីដែលលោកថា ជាការបង្ហាញការសាមគ្គីភាពកាន់តែរឹងមាំ លើពួកយោធា ហើយឈានទៅដល់ការ បញ្ចប់ការគ្រប់គ្រងរបស់លោកនីកូឡាស់ម៉ាឌូរ៉ូ។

សាររបស់លោកជូនហ្គាយដូបញ្ជាក់ដូចនេះត្រូវបានសារព័ត៌មានបរទេសជាច្រើនចុះផ្សាយនៅថ្ងៃអង្គារទី២៩មករានេះ។

លោកបញ្ជាក់ថា មកដល់ពេលនេះ កងទ័ពមួយចំនួនបានចូលរួមជាមួយលោក ហើយ ខ្លះទៀតដែលមានតួនាទីធំៗ នឹងបន្តមកខាងលោកទៀត។ លោកថា បាតុកម្មលើកនេះ គឺជាការបង្ហាញប្រាប់ទៅខាងកងទ័ពដែលនៅស្មោះស័្មគ្រនឹងលោកម៉ាឌូរ៉ូថា ពេលវេលា អស់លោកត្រូវកែប្រែជំហរមកវិញគឺមកដល់ហើយ។  មានការរពឹងថា បាតុកម្មលើកក្រោយនេះ គឺដំណាក់កាលថ្មីទៀត ដែលជាចលនាកាន់តែធំនឹងរឹងមាំ ដើម្បីយកប្រៀបលើ អ្នកគាំទ្រលោកម៉ាឌូរ៉ូដែលកាន់តែតិចៗទៅៗ។

ការបះបោរទាមទារអោយលោកម៉ាឌូរ៉ូចុះចេញពីតំណែងឬ ក៏ការបោះឆ្នោតប្រធានាធិបតីឡើងវិញដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៣មករា បានបណ្ដាលឱ្យមនុស្ស ៣៥ស្លាប់និងចាប់ខ្លួន ជាង៨០០នាក់។  លោកជួនហា្គយដូ ដែលអាមេរិក សហភាពអឺរ៉ុប កាណាដា អូស្ត្រាលី អ៊ីស្រាអ៊ែល និងប្រទេសចំនួន១០ជិតខាងវេណេហ្សូអេឡា ទទួលស្គាល់ជាប្រធានាធិបតីស្របច្បាប់ តាមរដ្ឋធម្មនុញ្ញរបស់ប្រទេស បានសន្យាថានឹងលើកលែងទោស មេទ័ពមួយចំនួនបើពួកគេបោះបង់ចោល លោកម៉ាឌូរ៉ូ។

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញនេះ បានព្រមានលោកម៉ាឌូរ៉ូកុំអោយប៉ះពាល់លោកជួនហ្គាយដូ និងមន្ត្រីទូតអាមេរិក​ ហើយពុំនោះលោកម៉ាឌូរ៉ូនឹងគ្រោះថ្នាក់។

ជាមួយគ្នានេះ​ តំណែងនិងអាសនៈរបស់លោកម៉ាឌូរ៉ូនៅអង្គការសហប្រជាជាតិ កំពុងប្រឈមនឹងការព្យួរ ក្រោមសំពាធរបស់សហរដ្ឋអាមេរិក និងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនៅលើពិភពលោកទោះបីប្រទេសរុស្ស៊ី ចិន និងគុយបា គាំទ្រលោកម៉ាឌូរ៉ូប្រឆាំងនឹងអាមេរិកក៏ដោយ ៕

 

Share

Image
Image
Image