ករណីអនុសាលដីកាលើជម្លោះដីធ្លីមួយ កាលពីថ្ងៃទី២៤មករា នៅខេត្តព្រះសីហនុ បណ្ដាលឱ្យពលរដ្ឋតវ៉ារងរបួសធ្ងន់ធ្ងរជាច្រើននាក់ ក្នុងប៉ះទង្គិចនេះដែលសមត្ថកិច្ច ប្រើកាំភ្លើងគ្រាប់ពិត។ ហេតុការណ៍នេះ អ្នកការពារសិទ្ធិមនុស្សថាកម្ពុជានឹងប្រឈមការចោទសួរធ្ងន់ៗនៅក្រុមប្រឹក្សាសិទ្ធិមនុស្សUN ។តែអ្នកនាំពាក្យរាជរដ្ឋាភិបាល ថាករណីនេះ កម្ពុជាមានហេតុផលត្រូវបកស្រាយការពារខ្លួន។
កញ្ញា ឆោម ពៅនិកា រាយការណ៍៖
សម្លេងស្នូរកាំភ្លើង គប់ដុំថ្ម ស្របពេលផ្សែងដុតកង់ឡានកំពុងអណ្ដែតខ្មួរខ្មាញ់នៅភូមិគគីរ ស្រុកឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ គឺជាព្រឹត្តិការណ៍ជម្លោះដីធ្លី ដែលពលរដ្ឋ២០គ្រួសារងើបឡើងតវ៉ានឹងការអនុវត្តសាលដីការបស់តុលាការកំពូល កាត់សេចក្ដីឱ្យពួកគេចាញ់ឧកញ៉ា ម្នាក់ជុំវិញសិទ្ធិកាន់កាប់ដីធ្លី។
ព្រឹត្តិការណ៍នៅថ្ងៃនោះបានឆក់យកអារម្មណ៍របស់អ្នកតាមដានសង្គមទាំងឡាយ ព្រោះរូបភាពដែលអាជ្ញាធរសាធារណៈត្រូវបានបែកធ្លាយដោយគេអង្កេតឃើញថា គឺជាការអនុវត្តសាលដីកា។

លោក សឹង សែនករុណាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក បានរៀបរាប់ហេតុការណ៍ដូចនេះ៖
ព្រោះកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីការប្រឆាំងអំពើទារុណកម្មនឹងអមនុស្សធម៌ នោះកម្ពុជាត្រូវតែធ្វើខ្លួនជារដ្ឋដែលត្រូវធានាគោរព ការពារ និង អនុវត្ត សិទ្ធិមនុស្ស ហើយមិននៅសល់ប៉ុន្មានថ្ងៃទៀតទេ ដែលកម្ពុជាត្រូវបង្ហាញខ្លួនក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីយន្តការ ពិនិត្យជាសកល តាមកាលកំណត់ (UPR) ជុំទី ៣ សម្រាប់កម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេស ស្វ៊ីស។ កម្ពុជានៅថ្ងៃ ២៧ កន្លងទៅបានចេញជើងហោះហើរទៅកាន់ទីនោះ ដែលប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា លោកកែវរ៉ាមី ជាប្រធានប្រតិភូ អមដោយដោយមន្ត្រី មកពីក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ជាច្រើនរូប។ អ្នកឯកទេសសិទ្ធិមនុស្ស លោក សួនប៊ុនស័ក្ក ស្របពេលនេះអះអាងថា កម្ពុជានឹងត្រូវប្រឈមមុខក្នុងការចោទសួរសំណួរធ្ងន់ៗមួយកម្រិតទៀតក្នុងករណី ហិង្សា នៅខេត្តព្រះសីហនុនោះ ដូច្នេះរដ្ឋត្រូវតែចាត់វិធានការណ៍រកនរណាដែលធ្វើឱ្យគ្រោះថ្នាក់ដល់សិទ្ធិមនុស្សឱ្យខានតែបាន។
យ៉ាងណា លោក ផៃស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលថា រដ្ឋាភិបាលលើកទឹកចិត្តឱ្យជនរងគ្រោះធ្វើការប្ដឹងទៅកាន់តុលាការជាជាងនិយាយជាមួយនឹងសកម្មជនសិទ្ធិមនុស្ស និង រើសមេធាវីល្អៗ។

តែយ៉ាងណាម្ដាយជនរងគ្រោះរបួសដែលត្រូវគ្រាប់មួយរូប បានប្រាប់អ្នកសារព័ត៌មានជាតិថា មិនចង់ប្ដឹងផ្ដល់អ្វីនោះទេ តែត្រូវការជំនួយព្យាបាលកូន ហេតុជីវភាពក្រីក្រខ្លាំង។
ចំណុចនេះទៀតសោត វិទ្យុស្រ្ដីចោទសួរថា តើកម្ពុជានឹងធ្វើយ៉ាងណាបើសិនជាករណីនេះនឹងលើកឡើងនៅកិច្ចប្រជុំសិទ្ធិមនុស្ស លោកលោក ផៃស៊ីផាន បន្ដថា កម្ពុជានឹងពន្យល់ប្រាប់ទៅកាន់អង្គការសហប្រជាជាតិតាមដំណើររឿង។
កម្ពុជាក្នុងចំណោម៤៧ប្រទេសទៀត បានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចប្រជុំនោះដែលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវលើកយកទៅពិនិត្យនៅថ្ងៃទី៣០មករា ថ្ងៃពុធខាងមុខនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ CHRC ដែលចេញកាលពីថ្ងៃសុក្រ បានលើកឡើងថា កម្ពុជាបានដាក់របាយការណ៍ជាតិលើកទី ៣ ស្តីពីការពិនិត្យជាសកល តាមកាលកំណត់ ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីខែវិច្ឆិកាមកម្ល៉េះ។
យន្ដការពិនិត្យជាសកលតាមការកំណត់ គឺជាយន្តការត្រួតពិនិត្យគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ស្ថានភាពសិទិ្ធមនុស្សរបស់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិ។ហើយប្រទេសកម្ពុជានឹងត្រូវបានគេពិនិត្យទៅលើថាតើបានអនុវត្តអនុសាសន៍ដែលបានលើកឡើងនៅក្នុងឆ្នាំ ២០១៤ ដែរឬទេ?
ការកត់សម្គាល់កន្លងទៅក្នុងឆ្នាំ២០១៤ កម្ពុជាទទួលបានអនុសាសន៍កែតម្រូវពីប្រទេសនានាចំនួន២០៥ តែកម្ពុជាបានច្រានចោលខ្លះនឹងទទួលត្រឹមតែ១៦០អនុសាសន៍ប៉ុណ្ណោះ។ អ្នកនាំពាក្យអង្គការ ADHOC ថាកម្ពុជាមានចំណុចអវិជ្ជមាននៅតែតិចណាស់ ផ្ទុយទៅវិញការលើកឡើងភាពវិជ្ជមានពុំសូវមានមូលដ្ឋានច្បាស់លាស់។
សូមជម្រាបថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានឯកច្ឆ័ន្ទថ្កោលទោសកម្ពុជា ករណីរំលោភសិទ្ធិមនុស្សនិងសេរីភាពរបស់ពលរដ្ឋប្រហែលជាបីដងមកហើយ។ចំណែកឯកិច្ចប្រជុំលើកនេះ ត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា ករណីនៅខេត្តព្រះសីហនុនេះ ក៏នាំឱ្យកម្ពុជារងការ ថ្កោលទោស ជាថ្មីម្ដងទៀត៕