មនុស្ស៥០នាក់បានស្លាប់ និង២២៦នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល៥ថ្ងៃ នៃទិវាបុណ្យជាតិចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥។
តាមការផ្សាយព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១០១លើក ធ្វើឲ្យមនុស្សស្លាប់៤១នាក់ អ្នករបួសធ្ងន់១៣០នាក់ និងរបួសស្រាល៧២នាក់។ ហើយនៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៥លើក ធ្វើឲ្យមនុស្សស្លាប់៩នាក់អ្នករបួសធ្ងន់១៣នាក់ និងរបួសស្រាល១១នាក់។
អគ្គស្នងការនគរបាលជាតិក៏ឲ្យដឹងដែរថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន មិនគោរពសិទ្ធអាទិភាព ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ បត់ឆ្វេងស្តាំមិនប្រុងប្រយ័ត្ន បត់គ្រោះថ្នាក់ ស្រវឹង និងកត្តាយានយន្ត។
សូមជម្រាបថា ក្នុងរយៈពេល៥ថ្ងៃ នៃពិធីបុណ្យភ្ជុំនាឆ្នាំ២០១៤ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកញ្ញា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមាន១៣៧លើក បានបណ្ដាលឲ្យមនុស្សស្លាប់៤៩នាក់ រងរបួសធ្ងន់ស្រាល៣០៥នាក់ ក្នុងនោះរបួសធ្ងន់១៨៩នាក់៕