en     km
en     km

អ្នកវិភាគ៖កម្ពុជាមិនគួរត្រៀមកម្លាំងបង្រ្កាបលោក​ សមរង្ស៊ីទេ បើមេដឹកនាំមានជំនឿចិត្តលើខ្លួន

Share

ភ្នំពញ៖ លោក បណ្ឌិត មាស នី សរសេរលើទំព័រហ្វេសបុកថា អ្នកដឹកនាំកម្ពុជា មិនគួរត្រៀមកម្លាំងសន្ធឹកសន្ធាប់ចាំបង្ក្រាបលោក សម រង្ស៊ី តែម្នាក់​ឯងនោះទេ បើជាមេដឹកនាំដែលមានទំនុកចិត្តលើខ្លួនឯង ។ ការបញ្ជាក់បែបនេះ ក្រោយពេលដែលកងកម្លាំងកម្ពុជាប្រកាសគាំទ្ររដ្ឋាភិបាល ហើយត្រៀមបង្រ្កាប លោក សម រង្ស៊ី ឱ្យខានតែបាន ។

បន្ទាប់ពីលោក សម រង្ស៊ី ក៏ដូចជាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ ពួកគាត់ប្រកាសដោយរៀបចំឱ្យប្រធានបក្សនេះវិលចូលកម្ពុជាវិញ គេឃើញថាថ្នាក់ដឹកនាំកម្ពុជានៃគណបក្សកាន់អំណាច ស្ទើតែគ្រប់ជាន់ថ្នាក់បានប្រកាសត្រៀម កម្លាំងដើម្បីបង្រ្កាបលោក សម រង្ស៊ី ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែពន្យុះឱ្យលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ខណៈដែលសម្ដេច បានត្រៀមកងកម្លាំងចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងរូចរួចរាល់ហើយដែរ ដើម្បីយកទៅអនុវត្តទោស ។

បន្ទាប់ពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏ប្រកាសឱ្យកងទ័ពទាំងអស់ត្រូវកម្ទេចក្រុមទាំងឡាយណា ទោះបីជាមានស្លាប់មនុស្ស បួនប្រាំនាក់ក្ដី ព្រោះថាពួកគេធ្វើបដិវត្តន៍ពណ៌ប៉ុងប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

លោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រៀមមកកម្ពុជានៅពេលស្ថានភាពអំណោយផលនោះ បានសរសេរលើទំព័រហ្វេសបុក ដែលជាការប្រាប់ទៅកងកម្លាំងទាំងអស់ឱ្យនៅខាងប្រជាពលរដ្ឋ កុំស្ដាប់ បញ្ជានាយករដ្ឋមន្ត្រីកម្ពុជា ។

បែបនេះក្ដី កម្លាំងកងទ័ពជាច្រើន បានប្រកាសថ្កោលទោសលោក សម រង្ស៊ី នឹងត្រៀមរួចរាល់ហើយ ដើម្បីបង្ក្រាបអ្នកនយោបាយនិរទេសខ្លួនរូបនេះ​នៅពេលដែលលោកវិលចូលកម្ពុជាវិញ ។

លោក បណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យមួយរូប បានសរសេរលើទំព័រហ្វេសបុករបស់លោកដែលទំនងជាចង់សម្ដៅថា កម្ពុជា​ មិនគួរត្រៀមកងទ័ពសន្ធឹកសន្ធាប់ដើម្បីបង្រ្កាបលោក សម រង្ស៊ី តែម្នាក់ឯងនោះទេ បើកម្ពុជាមានមេដឹកនាំដែលមានទំនុកចិត្តនិងភាពជឿជាក់ហើយនោះ ។

លោក បន្ថែមថា ការធ្វើបែបនេះ ជាការបង្ហាញពីការព្រួយបារម្ភខ្លាំងចំពោះវត្តមានរបស់លោក សម រង្ស៊ី ដែលវិលចូលកម្ពុជា។

គួររំលឹកថា ថ្មីៗនេះ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានចេញសេចក្ដីថ្លែងការថា នឹងបង្រ្កាបដោយអនុវត្តច្បាប់ ទៅលើបុគ្គលទាំងឡាយណាដោយមិនរើសមុខ ប្រសិនបើពួកគេ ចេញទៅទទួលលោក សម រង្ស៊ី ដោយមិនសហការជាមួយនឹងកម្លាំងសមត្ថកិច្ច និងក្នុងរូបភាពបង្ករចលាចលដោយរឿងនយោបាយ ក្នុងន័យគណបក្សសង្គ្រោះជាតិជាដើម ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image