en     km
en     km

អង់គ្លេសរឹបអូសមាសរបស់ម៉ាឌូរ៉ូ តម្លៃ ១២០០លានដុលា្លរតាមសហរដ្ឋអាមេរិក

Share

រដ្ឋាភិបាលនៃប្រទេសអង់គ្លេសបានសម្រេចទទួលសំណើររបស់សហរដ្ឋអាមេរិក រឹបអូសមាសរបស់លោក ម៉ាឌូរ៉ូ ដែលតំកល់នៅក្នុងធនាគារមួយនៃប្រទេសអង់គ្លេស មានតម្លៃ ១២០០លានដុល្លារ ដើម្បីយកមកឱ្យប្រធានាធិបតីជូន ហ្កៃដូ ដែលត្រូវបានសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ទទួលស្គាល់ថាមេដឹកនាំស្របច្បាប់នៃប្រទេសវេណេហ្សុយអេឡា ។

វិធានការរបស់រដ្ឋាភិបាលនៃចក្រភពអង់គ្លេស ធ្វើឡើងតាមសំណើររបស់សហរដ្ឋអាមេរិក គឺតាមសំណើររបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pumpeo ដែលបានធ្វើឡើងកាលពីថ្ងៃម្សិលមិញ ។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអាមេរិក Bloomberg ដែលបានចុះផ្សាយនៅថ្ងៃនេះ ។

ប្រភពដដែលនេះបញ្ជាក់ថា អ្វីដែលធ្វើឱ្យអង់គ្លេសបានសម្រេចបង្កកទ្រព្យសម្បត្តិរបស់លោក ម៉ាឌូរ៉ូ គឺធ្វើឡើងភ្លាមៗបន្ទាប់ពីលោក ម៉ាឌូរ៉ូ បានបញ្ជូនសំណើរសុំដកមាសតម្លៃ ១២០០លានដុល្លារនេះ ទៅប្រទេសវេណេហ្សុយអេឡាវិញ ។

តាមប្រភពដដែលនេះបញ្ជាក់ទៀតថា រដ្ឋាភិបាលរបស់លោក ឌូណាល់ត្រាំ បានកំពុងតែចាត់វិធានការរកអន្តរាគមន៍ពីប្រទេសផ្សេងៗទៀត នៅទូទាំងពិភពលោកដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដើម្បីតាមដានមើលប្រាក់របស់លោក ម៉ាឌូរ៉ូ ដែលសង្ស័យថាមាននៅធនាគារនៅជុំវិញពិភពលោក ប្រមាណជា៨ពាន់លានដុល្លារសហរដ្ឋអាមេរិកជាពិសេសកំពុងតែតាមដានមើលធនាគារមួយចំនួនដែលពាក់ព័ន្ធនឹងប្រទេសតួកគី ។

គួររំលឹកថា ប្រទេសវេណេហ្សុយអេឡានៅពេលនេះស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់យ៉ាងខ្លាំង ដោយសារតែប្រជាជនរបស់ប្រទេសនេះ បានកំពុងតែធ្វើបាតុកម្មទម្លាក់ប្រធានាធិបតី គឺលោក ម៉ាឌូរ៉ូពីដំណែង ហើយបានគាំទ្រមេដឹកនាំថ្មីមកពីគណបក្សប្រឆាំងគឺលោក ជូនហ្កៃដូ ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិមួយចំនួនទៀត ដូចជាប្រទេសអង់គ្លេស បារាំង កាណាដាជាដើម ។

បែបនេះក្ដី លោក ម៉ាឌូរ៉ូ កំពុងទទួលបានការគាំទ្រពីប្រទេសរុស្ស៊ី ចិន តួកគី គុយបា និងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដែលមាននិន្នាការកុម្មុនីស្ត ។

វេណេហ្សុយអេឡា ស្ថិតក្រោមការដឹកនាំរបស់លោក ម៉ាឌូរ៉ូ នៅរយៈពេលចុងក្រោយនេះបានក្លាយជាកូនបំណុលដ៏ធ្ងន់ធ្ងររបស់ប្រទេសចិន និងរុស្ស៊ី ។ សេដ្ឋកិច្ចប្រទេសនេះ កំពុងតែដាំក្បាលចុះយ៉ាងខ្លាំង ។ បើតាមការព្យាករណ៍របស់ IMF សេដ្ឋកិច្ចរបស់ប្រទេសនេះអាចក្រឡាប់ទាំងស្រុង នៅឆ្នាំ ២០១៩នេះ ។ ជាងនេះទៅទៀត វេណេហ្ស៊ុយអេឡាកំពុងត្រូវទទួលការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ៕

 

Share

Image
Image
Image