en     km
en     km

សហព័ន្ធស្រូវអង្ករកម្ពុជា៖ការសម្រេចដាក់ពន្ធជាជំហានថយក្រោយរវាងសហភាពអឺរ៉ុបនិងកម្ពុជា

Share

ភ្នំពេញ៖ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញអ្នកជំនួយធំនៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាល គឺពួកគាត់បានបញ្ចេញ សេចក្ដីថ្លែងបន្តបន្ទាប់គ្នា ដោយសម្ដែងការសោកស្ដាយជាខ្លាំង​ថាមិនគួរណា សហភាពអឺរ៉ុប បានចាត់វិធានការយកពន្ធការនាំចូលអង្ករពីកម្ពុជា នោះទេ។

ដូចជាថ្ងៃនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាសមាគមធំតែមួយគត់មុខជំនួញអង្ករនៅកម្ពុជា​ក៏បាន​សម្ដែងពីការខកចិត្តខ្លាំងដែរ។ តែយ៉ាងណាអ្នកសិក្សាអំពីកិច្ចការជំនួញថា​ករណី​អង្ករនេះ គឺជារឿងសុគ្រស្មាញមួយដែរបន្ទាប់ពីករណីប្រព័ន្ធអនុគ្រោះពន្ធEBA។

កញ្ញា ឆោម ពៅនិកា រាយការណ៍៖  

 

តំណាងវិស័យស្រូវអង្ករផ្នែកឯកជនទូទាំងព្រះរាជាណាចក្រកម្ពុជា  សហព័ន្ធស្រូវអង្ករកម្ពុជា ហៅការដាក់ពន្ធនាំចូលអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបថាជាជំហានដើរថយក្រោយនៃសហប្រតិបត្តិការលើមុខលើជំនួញនេះ ដែលធ្លាប់សង្ឃឹមថា នឹងដើរទៅមុនបានច្រើនជំហានទៀត។ នេះបើយោងតាម សេចក្ដីថ្លែងការណ៍សមាគមនេះដែលចុះផ្សាយកាលពីល្ងាចថ្ងៃទី២៣មករា ឆ្នាំ២០១៩។

សេចក្តីសម្រេចរបស់គណៈ​កម្មការ​អឺរ៉ុប​ដែលបានដាក់ចុះកាលពីថ្ងៃទី១៨មករាបាន​ឲ្យ​ដឹងថា​​៖ «​ការ​ស៊ើប​អង្កេត​បានរកឃើញ​ពី​ការ​កើន​ឡើង​​​យ៉ាង​ខ្លាំង​នៃ​ការ​នាំចូល​អង្ករ​ Indica ​គ្រាប់វែងពី​​​កម្ពុជា និង​មី​យ៉ាន់​ម៉ា​​ ទៅ​ក្នុង​សហភាព​អឺរ៉ុប​ (EU) ​ដែល​បញ្ហានេះបាន​បណ្ដាល​ឲ្យ​ខូចខាត​សេដ្ឋកិច្ច​​ប្រទេស​ផលិត​អង្ករក្នុងសហភាព​អឺរ៉ុប»។​

សេចក្តីសម្រេចបន្តថា៖«​គណៈ​កម្មការ​អឺរ៉ុប​ សម្រេច​​​​​អនុវត្ត​​ការ​ដក​ហូត​ពន្ធ​គយ​ឡើង​វិញ ​ដែល​នឹង​​ត្រូវ​បាន​កាត់​បន្ថយ​ជា​បន្ត​បន្ទាប់​ក្នុង​អំឡុង​ពេល ​៣ ឆ្នាំ​លើអង្ករមួយតោន ជាង២០០ដុល្លារ​សម្រាប់​ឆ្នាំដំបូង»​។​

ការសម្រេចរបស់គណៈកម្មការអឺរ៉ុប ធ្វើឡើងតបតាមការស្នើរបស់រដ្ឋាភិបាលអ៊ីតាលី  ក្នុងគោលដៅរក្សាតម្លៃអង្ករនៅបណ្តាប្រទេសអឺរ៉ុបដែលផលិតស្រូវមានការកើនឡើង និង មានប្រទេសដទៃចំនួន៧ បានដាក់ញត្តិបង្ខំបំពេញបន្ថែមលើករណីនេះ។​

ករណីនេះបាននាំអោយសហព័ន្ធស្រូវអង្ករកម្ពុជាចេញ សេចក្ដីថ្លែងការណ៍​ដោយប្រតិកម្មថា​ជាការដើរផ្ទុយនូវ អ្វីដែលសហភាពអឺរ៉ុបបានសន្យាកន្លងមក។ 

ទោះបីជាសហភាពអឺរ៉ុប រក្សាការលើកលែងចំពោះប្រភេទអង្ករ​សម្រូប អង្ករបាក់ និង ប្រភេទអង្ករផ្សេងទៀតរប់កម្ពុជាក៏ដោយ សហព័ន្ធស្រូវអង្ករកម្ពុជា យល់ឃើញថា ការសម្រេចដាក់ពន្ធនេះធ្វើឡើងមានលក្ខណៈឆាប់រហ័សពេក ខណៈដែលកម្ពុជាត្រូវការរយៈពេលបន្ដិចទៀតក្នុងការពង្រឹងខ្លួនឱ្យរឹងមាំសម្រាប់ការប្រកួតប្រជែង និង មិនអាស្រ័យលើការអនុគ្រោះពន្ធរបៀបនេះទៀត។

សហព័ន្ធនេះបានថ្លែងបន្តទៀតថា ការយកពន្ធនេះគឺបានធ្វើឱ្យការប្រកួតប្រជែងកម្ពុជាមានភាពប៉ះពាល់ និង​ការលំបាកខ្លាំងដោយមិនអាចត្រៀមខ្លួនពេញលេញ។ 

តែយ៉ាងណា​ សេចក្ដីសង្ឃឹមដែលនៅសេសសល់ បានជម្រុញឱ្យមានការពិភាក្សានៃថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជាំ និង សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ពីផលប៉ះពាល់នេះ និង បញ្ចេញនូវដំណោះស្រាយមួយចំនួនដែល ទី១  សហព័ន្ធនេះនឹងរួមតវ៉ាទៅអន្តរជាតិ និង ព្យាយាមពង្រឹងការប្រកួតប្រជែងដោយកាត់បន្ថយចំណាយថ្លៃដើម និង ពង្រីកទីផ្សារធ្វើការនិង ក្រសួង ពាក់ព័ន្ធ ជាពិសេសក្រុមការងារទី៩ នៃវេទិការាជរដ្ឋាភិបាលនិង វិស័យឯកជនផ្នែកស្រូវអង្ករ។ ការណ៍នេះ គឺធ្វើយ៉ាងណា ជម្រុញការប្រកួតប្រជែង និង​ជម្រុញម៉ាកសញ្ញាអង្ករប្រណីតកម្ពុជា ម្លិះអង្ករ ឱ្យទទួលបានពានរង្វាន់អង្ករល្អជាងគេលើពិភពលោក បន្ទាប់ពីយីហោនេះត្រូវបានរដ្ឋាភិបាលប្រើប្រាស់សម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិនឹងជំរុញការនាំចេញរបស់កម្ពុជាតាំងពីដើមឆ្នាំ២០១៨មក។

យ៉ាងណាមិញ ដំណោះស្រាយមួយវិញទៀត គឺសហព័ន្ធស្រូវអង្ករកម្ពុជា គៀងគរឱ្យប្រជាពលរដ្ឋខ្មែរទាំអងស់ ជួយរកទីផ្សារក្នុងស្រុក គឺការទិញអង្ករកម្ពុជា គឺជាការគាំទ្រដល់កសិករ និង​ សាមគ្គីនៃការគាំទ្រវិស័យស្រូវអង្ករកម្ពុជា។

គួរបញ្ចាក់ថា ដោយសារករណីនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានឆ្លើយតបវិញ ទៅកាន់សហភាពអឺរ៉ុប ថាវិធានការណ៍របស់សហភាពអឺរ៉ុបនេះ ប្រៀបដូចជាអាវុធមកធ្វើឃាតកសិករក្រីក្រកម្ពុជា កសិករដែលកំពុងជាប់ឥណទានធនាគារស្រូវដូច្នេះដែរ។ ​ក្រសួងពាណិជ្ជកម្មចាត់ទុកការសម្រេចរបស់សហភាពអឺរ៉ុបបែបនេះ គឺ មិនបានឆ្លុះបញ្ចាំងលើទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ បទដ្ឋានបច្ចេកទេស និងសច្ចភាព ស្របតាមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងវិស័យឯកជនរបស់កម្ពុជាជាមួយសហគមន៍អឺរ៉ុបដែលមានកាលពីគ្រាកន្លងមកនោះឡើយ។

ក្រោយពីការចាត់ទុកថាជាជំហានថយក្រោយរវាងកម្ពុជា និង សហភាពអឺរ៉ុបក្រោយចំណាត់ការ Safeguard clause នេះរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និង សេចក្ដីសោកស្ដាយរបស់ក្រសួងពាណិជ្ជកម្មជុំវិញបញ្ហានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុនសែនបានធ្វើរឿងមួយដែលជាដំណោះស្រាយនាំច្រកចេញអង្ករកម្ពុជាទៅកាន់បរទេសនោះគឺ ការសន្យារបស់រដ្ឋាភិបាលចិនថា​នឹងទទួលយកអង្ករកម្ពុជាឱ្យកើនឡើងទ្វេដង ក្នុងរង្វង់ ៣០ទៅ៤០ម៉ឺនតោនក្នុងឆ្នាំ២០១៩នេះ។ ស្របពេលនេះ ក្រុមជំនួយ៣៨ក្រុមហ៊ុននៅកម្ពុជា ក៏បានស្នើសុំឱ្យសហភាពអឺរ៉ុបធ្វើការ​ពិចារណាឡើងវិញចំពោះករណីយកពន្ធអង្ករកម្ពុជា។

ក្នុងឆ្នាំ២០១៨ កម្ពុជានាំអង្ករចេញទៅក្រៅប្រទេស បានប្រមាណ ៦២ម៉ឺនតោន ជាចំនួនដែលបានធ្លាក់ចុះ ១,៥ ភាគរយបើធៀបនឹងឆ្នាំ ២០១៧។ កម្ពុជានាំទៅកាន់សហភាពអឺរ៉ុបជាង២៧ម៉ឺនតោន។ អ្នកជំនាញកសិកម្ម និង វិស័យស្រូវអង្ករប៉ាន់ស្មានតួលេខ បង់ពន្ធអង្ករមួយឆ្នាំសម្រាប់របាំងពន្ធដារសហភាពអឺរ៉ុបនេះ ប្រមាណជាង៥៤លានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំដំបូង ព្រោះកម្ពុជាត្រូវបង់ពន្ធចំនួនជាង ២០០ដុល្លារក្នុងអង្ករមួយតោន។

អ្នកវិភាគ ហៅវិធានការនេះ ថា អាចជាចំណុចនាំចំពោះកិច្ចសហការពាណិជ្ជកម្មកម្ពុជា ជាមួយសហភាពអឺរ៉ុប ខណៈករណីប្រព័ន្ធEBA កំពុងប្រឈមជាមួយគ្នាខ្លាំងរួចហើយ៕

Share

ព័ត៌មានទាក់ទង

Image