សេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន RT របស់រុស្ស៊ីបានឱ្យដឹងនៅប៉ុន្មានម៉ោងនេះថា សហរដ្ឋអាមេរិកបានត្រៀមកងទ័ពពិសេសរបស់ខ្លួនដើម្បីធ្វើអន្តរាគមន៍ជួយកងទ័ពរបស់ក្រុមប្រឆាំងផ្ដួលរំលំប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។
បើតាមសេចក្ដីរាយការណ៍នេះបញ្ជាក់ថា លោក ប្រធានាធិបតី ដូណាល់ត្រាំ ទទួលស្គាល់មេបក្សប្រឆាំងម្នាក់ជាប្រមុខរដ្ឋស្តីទីរបស់វេណេហ្សុយអេឡា ។ យ៉ាងណា សហរដ្ឋអាមេរិក ក៏បានរៀបចំឱ្យប្រទេសជិតខាងរបស់វេណេហ្សុយអេឡា ត្រៀមកងទ័ពដើម្បីចូលកាន់កាប់រដ្ឋធានី ការ៉ាកាស់ ដែលលោកប្រធានាធិបតីម៉ាឌូរ៉ូនៅទីនោះហើយទម្លាក់បុរសនេះពីអំណាចតែម្ដង ។
តាមសេចក្ដីរាយការណ៍ដដែលបន្ថែមទៀតថា ខណៈនេះវេណេហ្សុយអេឡា ធ្លាក់ក្នុងស្ថានភាពវឹកវរយ៉ាងខ្លាំងដោយសារតែបាតុកម្មផ្ទុះទូទាំងប្រទេសរួមកម្លាំងពីពួកកងទ័ពផងដែរ ដែលប្រឆាំងលោកម៉ាឌូរ៉ូ មិនឱ្យបន្តកាន់អំណាចតទៅទៀត ដែលបុរសនេះបានស្បថចូលកាន់ដំណែងកាលពីថ្ងៃទី ២០ មករា ។
កាលពីថ្ងៃម្សិលមិញ មេដឹកនាំបក្សប្រឆាំង លោក ជួន កៃដូ បានស្បថចូលកាន់ដំណែងជាប្រមុខរដ្ឋស្ដីទី ដែលនាំឱ្យប្រទេសនេះមានប្រធានាធិបតីពីរក្នុងពេលតែមួយ ។ លោក ជួនកៃដូ ដែលជាប្រធានរដ្ឋសភារបស់វេណេហ្សុយអេឡាផងដែរនោះ បានប្រកាសថា លោក នឹងប្រឆាំងលោក ម៉ាឌូរ៉ូ រហូតទាល់តែមានការបោះឆ្នោតឡើងវិញ ។
ស្របពេលនេះ សហរដ្ឋអាមេរិក ប្រេស៊ីល អាហ្សង់ទីន កូឡុំប៊ី ប៉េរ៉ូ ឈីលលី អេហ្កាឌ័រ និងប្រទេសកាណាដា បានប្រកាសទទួលស្គាល់ប្រធានរដ្ឋសភារូបនេះជាប្រធានាធិបតីស្តីទីស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសនេះ ។
អ្នកសង្កេតការណ៍ព្រមានថា សង្គ្រាមស៊ីវិល អាចនឹងផ្ទុះនៅវេណេហ្សុយអេឡា បើសហរដ្ឋអាមេរិក ប្រើប្រាស់យោធាដើម្បីបញ្ចប់របបម៉ាឌូរ៉ូ ។
យ៉ាងណាក៏ដោយ លោក អនុប្រធានាធិបតីអាមេរិក ម៉ៃស៍ ពេន បានអំពាវនាវជាចំហទៅកាន់កងទ័ពវេណេហ្សុយអេឡា ឱ្យប្រើប្រាស់សិទ្ធិរបស់ខ្លួនទម្លាក់លោក ម៉ាឌូរ៉ូ ឱ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។
ជាមួយគ្នានេះដែរ ប្រទេសបារាំងបានប្រកាសឱ្យក្រុមប្រឹក្សាសហភាពអឺរ៉ុបជួបប្រជុំគ្នាបន្ទាន់នៅថ្ងៃនេះ ដើម្បីពិនិត្យមើលស្ថានភាពនយោបាយនៅវេណេហ្សុយអេឡា ដែលមើលទៅសហភាពអឺរ៉ុប ទំនងទទួលស្គាល់លោក ជួន កៃដូ ជាប្រមុខរដ្ឋស្ដីទីដូចអាមេរិកផងដែរ ៕