en     km
en     km

អ្នកវិភាគ៖រដ្ឋាភិបាលយោងលើអំណាចតុលាការរារាំងលោកសមរង្ស៊ីវិលចូលកម្ពុជាវិញគឺមិនត្រឹមត្រូវតែជារឿងនយោបាយ

Share

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២២មករា ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍មួយទាក់ទងទៅនឹងការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ។  សេចក្ដីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យនេះ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបែងចែកដាច់ដោយឡែកពីគ្នា រវាងស្ថាប័នអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។ ផ្ទុយពីនេះ អ្នកវិភាគ និងអ្នកតាមដានបញ្ហាសង្គមថាមិនមានការពិតឡើយហើយថាជាការអះអាងខុសនឹងស្ថានភាពជាក់ស្ដែង។

លោក សោម លាភ រាយការណ៍៖

 

នៅក្នុងសេចក្ដីថ្លែងការណ៍នេះ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងអំពី ជំហររបស់ខ្លួនពាក់ព័ន្ធនឹងផែនការវិលមកវិញរបស់លោកសមរង្ស៊ី ដែលរដ្ឋាភិបាលចាត់ទុក​ថាជារឿងបុគ្គល ។ តែសេចក្ដីថ្លែងការណ៍នេះបញ្ជាក់ពីការប្រើអំណាចរបស់តុលាការដោយសារតុលាការបានកាត់ទោស លោក សម រង្ស៊ី រួចហើយ។ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលករណីព្រមានថា ចលនាមួយចំនួនគាំទ្រការវិលមកវិញរបស់លោកសមង្ស៊ី គឺជាការបំពានសាលដីការបស់តុលាការកំពូលរំលាយបក្សសង្រ្គោះជាតិ ។ យ៉ាងណាការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាងពីការ បែងចែកអំណាចទាំង៣ របស់រដ្ឋ ដោយឡែកពីគ្នាតែមានទំនាក់ទំនងនិងគ្នា។

ក្នុងន័យថា មានការបង្រ្កាប អ្នកគាំទ្រ លោកសមរង្ស៊ី សម្រាប់សកម្មជនសិទ្ធិមនុស្ស លោក អំ សំអាត មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ថា ប្រសិនបើមានការបង្រ្កាបប្រជាជនដែលប្រើប្រាស់សិទ្ធិខ្លួនដោយមិនបំពាននរណា ដូចដែលមានច្បាប់ចែងនោះ គឺជាការបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ ។

ដោយឡែក លោក បណ្ឌិតមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងនយោបាយកម្ពុជា ប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជា​កំពុងតែព្រួយបារម្ភចំពោះវត្តមានរបស់លោក សម រង្ស៊ី ដែលធ្វើឱ្យរង្គោះរង្គើអំណាចនៃការគ្រប់គ្រងរដ្ឋមួយនេះ ។

អ្នកវិភាគរូបនេះថា លោកមិនមានជំនឿថា មានអន្តរជាតិណាមួយមកជាមួយលោក សម រង្ស៊ីនោះទេ ព្រោះកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមួយដែលមិនទាន់ដោះស្រាយវិបត្តិផ្ទៃក្នុងឱ្យរួចរាល់ទេនោះ ។

ជាងនេះទៅទៀត លោកបណ្ឌិតថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នអាចធ្វើអ្វីៗបានគ្រប់យ៉ាង ។

លោកថាអ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ ក្រែងមានក្រុមទីបីណាមួយបង្កើតឡើងដើម្បីបង្កឱ្យមានចលាចល គ្រោះថ្នាក់ ដូចជាការបោកគ្រាប់បែកកាលពីឆ្នាំ ១៩៩៧ ហើយឈានទៅដល់ការចោទប្រកាន់អំពីបទឧក្រិដ្ឋណាមួយក៏ថាបាន ។

លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីថា ប្រសិនបើមានអ្នកណាទៅហែហមលោក សម រង្ស៊ី មិនមែនទៅជាភាពជាឯកជន និងមិនសហការជាមួយអាជ្ញាធម៌មានសមត្តកិច្ច តែទៅដោយសារតែធ្វើឱ្យមានចលាចលក្នុងន័យនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិ អ្នកណាក៏ដោយក៏អាជ្ញាធរចាប់ខ្លួនដែរ ។

ទាក់ទិន នឹងសេចក្ដី ថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សា និងគោរពការអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យនៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា រវាងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ក៏ដូចជាអំណាចនីតិប្បញ្ញត្តិផងដែរ ។

លោក សួន ប៊ុនស័ក្តិ ទីប្រឹក្សាឃ្លាំមើលអភិបាលកិច្ចសង្គម ដោយសេរី និងយុត្ដិធម៌ មានប្រសាសន៍ថា គោលការណ៍នៃការបែងអំណាចនៅកម្ពុជារវាងអំណាចទាំងបីនេះ គឺត្រឹមត្រូវហើយនៅឡើយតែការអនុវត្តគឺមិនទាន់មាននូវឡើយ ។

តួយ៉ាង លោក បានលើកឡើងពីការអង្កេតរបស់លោកថា កម្ពុជាមិនទាន់មានការអនុវត្តឱ្យបានត្រឹមត្រូវនៅឡើយទេ ករណីការបែងចែកអំណាចទាំងបីនេះ ។

លោកសង្កេតឃើញថា អំណាចនីតិប្រតិបត្តិ ដែលជាអ្នកអនុវត្តច្បាប់ ជាស្ថាប័នមានឥទ្ធិពលទៅលើអំណាចទាំងពីរទៀត គឺអំណាចនីតិប្បញ្ញត្តិ និងអំណាចតុលាការ ។

ដោយឡែក លោកបណ្ឌិត មាស នី បញ្ជាក់ថា លោកមិនមានការភ្ញាក់ផ្អើលនោះទេ ដែលមេដឹកនាំប្រទេសមួយអះអាចថា មានប្រជាធិបតេយ្យក្រោមការដឹកនាំរបស់ខ្លួន ។

យ៉ាងណាលោក បណ្ឌិតថា កម្ពុជាគ្មានប្រជាធិបតេយ្យទេ ព្រោះកម្ពុជាជារបបឯកបក្ស ។

លោក សួន ប៊ុនស័ក្តិ ចង់ឃើញកម្ពុជាគោរពច្បាប់ នីតិរដ្ឋ ឱ្យបានត្រឹមត្រូវឈរលើគោលការណ៍ច្បាប់ ។

តែលោក ផៃ ស៊ីផាន បានហៅសម្ដីរបស់អ្នកវិភាគបែបនេះថា ជាការវិភាគអត់ក្បួន ខ្ជិលរៀនជាដើម ។

លោកថា រដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីការបែងចែកច្បាស់ណាស់ ពាក់ព័ន្ធនឹងការបែងចែកអំណាចទាំងបីនេះ ។

មាត្រា ៥១ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បានចែងថា ព្រះរាជាណាចក្រកម្ពុជា អនុវត្តន៍របនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន ។ ប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនតាមរយៈរដ្ឋសភា រាជរដ្ឋាភិបាល និងសាលាជំរះក្ដី ។ អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image