ភ្នំពេញ៖ លោក គង់ គាំ អតីតទីប្រឹក្សាគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ បានចូលបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ជុំវិញសំណុំរឿង សន្ទិដ្ឋិភាពឬអំពើក្បត់ជាតិ នៃសំណុំរឿងលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ តែលោកអះអាងថា ករណីលោកកឹមសុខាគឺលោកសមរង្ស៊ីទេ ដែលដឹង ច្រើនជាងលោក។
កញ្ញា ឆោម ពៅនិកា រាយការណ៍!
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការបំភ្លឺនៅសាលាដំបូងលោកគង់គាំ ទីប្រឹក្សាដែល ជាទីប្រឹក្សាឲ្យគណបក្សឆន្ទៈខ្មែរ របស់កូនប្រុសលោកឲ្យដឹងថា ប្រសាសន៍របស់ លោក កឹម សុខា ថ្លែងក្នុង វីដេអូ នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣គឺជារឿងភ្ញាក់ផ្អើល ដែលលោកថាធ្វើឲ្យលោកកឹមសុខារងការចោទប្រកាន់និងចាប់ឃុំខ្លួន។
តែបែបនេះក្ដីលោក បញ្ជាក់ទៀតថាលោកមិនបានដឹងអ្វីទេចំពោះការទំនាក់ទំនងរវាងលោក កឹម សុខាជាមួយបរទេស។លោកថានេះជារឿងអាថកំបាំងមួយដែរ។
ទោះជាយ៉ាងណា លោក គង់ គាំ បញ្ជាក់ទៅអ្នកសារព័ត៌មានថាករណីលោកកឹមសុខាគឺ មានតែលោក សម រង្ស៊ី ដែលដឹងរឿងនេះច្រើនជាងលោកដែលលោកសមរង្ស៊ីជាប្រធានគណបក្សសង្រ្គោះជាតិកាលនោះ។
លោក គង់ គាំ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបាន លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅសាកសួរក្នុងនាមសាក្សី ក្នុងសំណុំរឿងដែលមានជនត្រូវចោទ កឹម សុខា ជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ)។
លោកបានបញ្ជាក់ថា លោកគ្រាន់តែមកបំភ្លឺនិងផ្តល់ព័ត៌មានដើម្បីឱ្យតុលាការរកយុត្តិធម៌ជូនជនត្រូវចោទ។
លោកគង់គាំ ដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ជាមួយកូនប្រុសម្នាក់របស់លោកគឺលោកគង់បូរ៉ា បានសន្យាថាលោកនឹងចូលខ្លួនទៅបំភ្លឺសំណុំរឿងនេះតាមដីកាកោះរបស់តុលាការ។ អ្នកនយោបាយ ជើងចាស់ដែលធ្លាប់ជា អនុរដ្ឋមបន្ត្រីការបរទេសកម្ពុជា នៃសម័យសាធារណរដ្ឋប្រជាមនិត បានវាយប្រហារធ្ងន់ៗទៅលើលោកសមរង្ស៊ីអតីតមេដឹកនាំរបស់លោក។
លោកសមរង្ស៊ីបានប្រកាសថាចង់ធ្វើជាសក្សីអោយលោកកឹមសុខា ព្រោះលោកជាប្រធានលោកកឹមសុខា ផង និងជាប្រធានលោកគង់គាំផង។ តែសំណើរបស់លោកសមសរង្ស៊ីមិនមានការឆ្លើយតបឡើយពីតុលាការនិងក្រសួងយុត្តិធម៌។
តែសូមរំលឹកថាលោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។តែយ៉ាងណា ដើមគេថា អាមេរិកនៅពីក្រោយ លោកកឹមសុខា តែក្រោយមកគេមិនដែលឃើញ មានការចោទទៅអាមេរិកជាផ្លូវការឡើយ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។ បច្ចប្បន្ននេះ លោកកំពុងត្រូវបានឃុំខ្លួនក្នុងផ្ទះក្រោមការត្រួតពិនិត្យដោយតុលាការ។ទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានទាមទារអោយដោះលែងលោកកឹមសុខាជាបន្ទាន់និងគ្មានលក្ខខណ្ឌ។ករណីលោកកឹមសុខា និងការរំលាយគណបក្សសង្រ្គោះជាតិ ក្រោមហេតុផលលោកកឹមសុខារងបទចោទដូចនេះ បានាំអោយ កម្ពុជា មានការប្រឈមជាមួយសហភាពអឺរ៉ុបដែលកំពុងដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា៕