en     km
en     km

តើកម្ពុជាទទួលបានសមិទ្ធផលអ្វីខ្លះក្រោយនាយករដ្ឋមន្រ្តីទៅបំពេញទស្សនកិច្ចនៅចិន?

Share

ភ្នំពេញ៖ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីកម្ពុជានៅប្រទេសចិនរយៈពេល ៤ថ្ងៃគេសង្កេតឃើញថាសម្តេច ហ៊ុន សែន​ បានកៀរគរសមិទ្ធផលជាច្រើនមកការមាតុភូមិជាតិ។ កម្ចីប្រមាណ៦០០លានដុល្លារ កំណើនទំហំកូតានាំចេញអង្ករ ៤០ម៉ឺនតោន ជាមួយកិច្ច​ព្រមព្រៀង​និង​អនុស្សារណៈ​ចំនួន ៨ រវាងកម្ពុជាចិន ទាំងនេះជាសមិទ្ធផលត្រួសៗមួយចំនួនដែលទទួលបានក្រោយពីសម្តេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។

តើសមិទ្ធផលទាំងនោះមានអ្វីខ្លះ?តទៅនេះសូមស្តាប់សេចក្តីរាយការណ៍របស់លោក កែវ សុខា ដូចតទៅ!

កាដូដ៏ធំរបស់មហាយក្សចិនផ្តល់សម្រាប់កម្ពុជាគឺ ជំនួយជាង ៦០០លានដុល្លារ  ជំនួយដែលអាចបង្ការបាននូវហានិភ័យនានាបើសិនជាសហគមន៍អឺរ៉ុបដកគោលការណ៍អនុគ្រោះពន្ធ EBA ដែលកម្ពុជាអាចចំណេញទឹកប្រាក់រហូតដល់ទៅជាង ៧០០លានដុល្លារនោះ។

ការទម្លាក់ជំនួយឥតសំណងរបស់ចិននេះ កើតមានឡើងបន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានទៅបំពេញដំណើរទស្សនកិច្ចនៅប្រទេសចិនរយៈពេល ៤ថ្ងៃ ដែលសម្តេចទើបត្រឡប់មកដល់កម្ពុជាវិញនៅរសៀលថ្ងៃនេះ។

រីឯការពង្រីកកូតានាំអង្ករពីកម្ពុជាចូលទីផ្សារចិនឱ្យបាន ៤០ម៉ឺនតោនក៏ជាសមិទ្ធផលធំមួយដែលរបស់នាយករដ្ឋមន្រ្តី​ បន្ទាប់ ពីអង្ករកម្ពុជាត្រូវបានសមាគមន៍អឺរ៉ុបសម្រេចតម្រូវឱ្យបង់ពន្ធនាំចូលទីផ្សារអឺរ៉ុបនោះ។ ចិនបានកំណត់កូតានាំអង្ករពីកម្ពុជា ឱ្យបាន៣០ម៉ឺនតោនកាលពីឆ្នាំ២០១៨ តែជាក់ស្តែងកម្ពុជាបាននាំអង្ករចូលទីផ្សារចិនបានត្រឹមតែ ១៧ម៉ឺនតោនប៉ុណ្ណោះ។ ដោយឡែកកម្ពុជានឹងត្រូវខាតបង់ប្រាក់ចំនួនជាង ៥៤លានដុល្លារពីការនាំអង្ករចូលទីផ្សារអឺរ៉ុប ក្រោយពីសហភាពអឺរ៉ុបបានសម្រេចឱ្យកម្ពុជាបង់ពន្ធអង្ករចំនួនជាង ២០០ដុល្លារក្នុងមួយតោន។

ចំណែកកិច្ចព្រមព្រៀងចំនួន ៨ ចំនុចរវាងកម្ពុជា-ចិន ក៏ជាសមិទ្ធផលសំខាន់ផងដែរ សម្រាប់ដំណើរទស្សនកិច្ចរបស់នាយក មន្រ្តីខ្មែរនៅចិននេះ។

កិច្ចព្រមព្រៀង ៨ ចំនុចនោះរួមមាន៖ គម្រោងកែលំអរផ្លូវជនបទ ជំហានទី២ គម្រោងផ្គត់ផ្គងទឹកជន​បទ ជំហានទី២ គម្រោង​ការ​ងារ​វិស្វកម្មសម្រាប់គាំទ្រ ដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ គម្រោងសង់អគារអង្គរក្ស នៃទីស្តីការគណៈ រដ្ឋមន្រ្តី​ គម្រោងលើកកម្រិតផ្លូវជាតិលេខ ៧ ដែលរងការ​ខូច​ខាតដោយទឹកជំនន់ ​គំរោងជួសជុលប្រាសាទតាកែវ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍អាងរក្សាទឹកក្នុងខេត្ត​ព្រះវិហារ និងចុងក្រោយកិច្ចព្រមព្រៀងស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត។

ក្រៅពីនេះដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់ សម្តេច ហ៊ុន សែននេះ សម្តេចបានជួបជាមួយអ្នកវិនិយោគចិនមួយចំនួនដោយបានពិភាក្សា និងបង្ហាញពីគម្រោងស្ថាបនាមួយចំនួនជូនគ្នាទៅវិញទៅមកផងដែរ។ ក្នុងនោះលោក ស៊ូ យីនពាវ (Shu Yinbiao) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហួរណេងគ្រុប ដែលជាក្រុមហ៊ុនសាងសង់វារីអគ្គិសនីសេសាន្តក្រោម២ នៅខេត្តស្ទឹងត្រែង លោកបានបង្ហាញគម្រោងសិក្សានិងវិនិយោគលើកការផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជានាពេលខាងមុខនេះ។

ក្រុមហ៊ុនក៏មានគម្រោងសាងសង់បំពង់បង្ហូរប្រេង ឬឧស្ម័ន ពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ ជាមួយនិងគម្រោងនៃការសាងសង់ផ្លូវល្បឿនលឿនផងដែរ។

ក្នុងជំនួបនោះសម្តេច ហ៊ុន សែន បានអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវ ដើម្បីបណ្តាក់ទុនវិនិយោគ ពិសេសការផលិតថាមពលស្អាតនៅកម្ពុជា។​

នៅក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជា-ចិន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ កម្ពុជា-ចិន សម្រេចបាន ប្រមាណ ៦ប៊ីលានដុល្លារ។ ប្រទេសទាំងពីរបានដាក់ចេញ នូវគោលដៅថ្មីទៀត ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ១០ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០២៣។

បន្ថែមពីនេះ កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនលើវិស័យនានា ទាក់ទងនិងវិស័យពាណិជ្ជកម្ម ដូចជាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅក្នុងទីក្រុងមួយចំនួននៃប្រទេសចិន ការចុះហត្ថលេខាលើលិខិតប្តូរសារ ដែលបានផ្តល់ឲ្យកម្ពុជានូវប្រព្រឹត្តកម្មមិនជាប់ពន្ធគយគ្រប់ដណ្តប់លើ ៩៧% នៃបន្ទាត់ពន្ធ គយសរុប និងការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាមួយចំនួន ក្នុងវិស័យ ពាណិជ្ជកម្ម។

សូមបញ្ជាក់ថា ទំហំវិនិយោគរវាង កម្ពុជា-ចិន បានស្ទុះឡើងរហូតដល់ប្រមាណ ៦,៨ប៊ីលានដុល្លា កើនប្រមាណ៧% បៀបនិងឆ្នាំ២០១៧។ ប្រទេសចិនបន្តស្ថិតនៅជាប្រទេសនាំមុខគេ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេនៅកម្ពុជាក្នុងឆ្នាំ២០១៨ ដោយមានទំហំទុនវិនិយោគសរុបប្រមាន ៣,៦ ប៊ី លានដុល្លា រស្មើនិង៥៣% នៃទំហំវិនិយោគសរុប ពោលគឺកើនឡើងប្រមាណ ៥៤% ធៀបនិងឆ្នាំ ២០១៧។

ក្នុងជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិតីចិន លោក ស៊ី ជីនភីង មានប្រសាសន៍ថា  កម្ពុជា​នឹង​ទទួលបាន​នូវ​ភាព​ជោគ​ជ័យ​ថែម​ទៀត ក្នុង​រយៈពេល ៦០ ឆ្នាំ​ទៅ​មុខ។ ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ល្អ ចិន​សូម​គាំទ្រ​ចំពោះ​សម្តេច​ ហ៊ុន សែន និង​គណបក្សប្រជាជន​កម្ពុជា ដែល​ទទួល​បាន​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី ពី​ការ​បោះ​ឆ្នោត​សកល​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨ កន្លង​ទៅ។

លោក​ប្រធានាធិបតី អះអាងថា៖ «បច្ចុប្បន្ននេះ បើទោះបីជា​ទំនាក់​ទំនង​អន្តរជាតិ មាន​ការ​ប្រែប្រួល​ក៏​ពិត​មែន ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ចិន​និង​កម្ពុជា គឺ​ពិតជា​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​ពីគ្នា​ទៅ​វិញ​ទៅ​មក។

តាមរយៈ​នេះ ចិន​នឹង​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ពិសេស​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​កាន់​តែ​រឹងមាំ​ទ្វេ​ឡើង​ថែម​ទៀត»។

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង