មន្ត្រីក្រសួងរ៉ែ និងថាមពល នៃរាជរដ្ឋាភិបាលកម្ពុជាឲ្យដឹងថា នៅឆ្នាំ២០១៨ ខាងមុខនេះ កម្ពុជា នឹងមានរោងចក្រចម្រាញ់ប្រេងផ្ទាល់របស់ខ្លួននៅខេត្តព្រះសីហនុ ដោយចំណាយទឹកប្រាក់វិនិយោគ១ពាន់៦រយលានដុល្លារ។ មន្ត្រីដដែលបញ្ជាក់ថា នៅពេលកម្ពុជាមានរោងចក្រចម្រាញ់ប្រេងខ្លួនឯង នោះតម្លៃសាំងនឹងថោកសមរម្យជាងពេលបច្ចុប្បន្ន។
លោកឌិត ទីណា បានថ្លែងបែបនេះកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ។ លោកថា រោងចក្រចម្រាញ់ប្រេងនេះមានទីតាំងនៅខេត្ត ព្រះសីហនុ ក្បែរជើងភ្នំបូកគោ ដែលចំណាយទុនវិនិយោគ ១ពាន់៦រយលានដុល្លារ។
លោកឌិត ទីណា បន្ថែមថា ហេតុដែលនាំជ្រើសរើសទីតាំងនៅក្នុងខេត្តព្រះសីហនុ ដោយសារទីតាំងជិតកំពុងផែ ងាយស្រួលក្នុងការដឹកជញ្ជូន ព្រោះកម្ពុជា នឹងទិញប្រេងឆៅពីក្រៅប្រទេស។ លោកបន្តថាក្រុមហ៊ុននេះមានឈ្មោះថាស៊ីភីស៊ី ជាក្រុមហ៊ុនដែលមានការសហការគ្នា រវាងក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេស។
លោកឌិត ទីណា មានប្រសាសន៍ថា នៅពេលដែលមានរោងចក្រចម្រាញ់ប្រេងដោយផ្ទាល់នៅក្នុងប្រទេស នោះតម្លៃប្រេងសាំងនៅកម្ពុជា នឹងមានតម្លៃថោកសមរម្យ ជាងពេលបច្ចុប្បន្ននេះ។
ចំពោះគម្រោងការបូមប្រេងឆៅនៅក្នុងខេត្តព្រះសីហនុវិញ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា កម្ពុជាកំពុងតែចរចាសំខាន់មួយ ជាមួយក្រុមហ៊ុនបូមប្រេង ដើម្បីធ្វើយ៉ាងណាទាមទារប្រយោជន៍ឱ្យបានកាន់តែច្រើនសម្រាប់កម្ពុជា។
សូមជម្រាបថា បញ្ហារោងចក្រចម្រាញ់ប្រេងត្រូវបានពន្យារពេលពីរលើកមកហើយ បន្ទាប់ពីមានគម្រោងសាងសង់ជាលើកដំបូងនៅដើម ឆ្នាំ ២០១៣ និងលើកទីពីរនៅខែធ្នូ ឆ្នាំដដែលដោយសារខ្វះទុន និងទុកពេលបញ្ចប់ការសិក្សាលើផលប៉ះពាល់បរិស្ថាន។ គេរំពឹងថា រោងចក្រចម្រាញ់ប្រេងនោះ មានលទ្ធភាពចម្រាញ់ប្រេងបាន ៥ លានតោនក្នុងមួយឆ្នាំ ដោយការនាំចូលប្រេងឆៅ ពីប្រទេសអារ៉ាប់៕