រដ្ឋមន្ត្រីការបរទេសកម្ពុជាបង្ហាញការសោកស្តាយរបស់លោក ខណៈលោកថ្លែងទៅកាន់ក្រុមរដ្ឋមន្ត្រីការបរទេស នៃសមាគមអាស៊ាន ចំពោះសហគមន៍អឺរ៉ុបដែលបានកំណត់យកពន្ធលើអង្ករកម្ពុជានាំចូលទីផ្សារអឺរ៉ុប បានធ្វើឡើងកាលពីសប្ដាហ៍មុននេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យទី២០មករា ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ថ្លែងទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលត្រូវបានរៀបចំធ្វើឡើងនៅឯទីក្រុងឈៀងម៉ៃ ក្នុងប្រទេសថៃ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមករា។
លោក ប្រាក់ សុខុន ត្រូវបានដកស្រង់សម្ដីដាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ដែលបានថ្លែងប្រាប់ ក្រុមរដ្ឋមន្ត្រីការបរទេស នៃសមាគមអាស៊ានថា លោកសោកស្ដាយចំពោះការសេចក្ដីសម្រេចរបស់សហភាពអឺរ៉ុប ដែលបានកំណត់យកពន្ធលើអង្ករនាំចូលពីប្រទេសកម្ពុជា។
យ៉ាងណា បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ រដ្ឋមន្រ្តីកម្ពុជារូបនេះ ក៏បានថ្លែងផងដែរថា កម្ពុជានឹងមិនដោះដូរនូវអធិបតេយ្យជាតិដើម្បីជំនួយជាដាច់ខាត។
សហគមន៍អឺរ៉ុបដែលជាទីផ្សារធំបំផុតសម្រាប់អង្ករកម្ពុជា បានសម្រេចយកពន្ធលើអង្ករនាំចូលពីកម្ពុជា និងប្រទេសភូមាកាលពីសប្ដាហ៍មុន សម្រាប់រយៈពេល ៣ឆ្នាំជាប់គ្នា បន្ទាប់មានការប្ដ្ដឹងពីសមាគមកសិករនៃប្រទេសអ៊ីតាលីនិងប្រទេសអេស្ប៉ាញដែលថា អង្ករនាំចូលពីប្រទេសទាំងពីរនេះ បានធ្វើឲ្យប្រទេសផលិតអង្ករនៅក្នុងសហគមន៍អឺរ៉ុប បាត់បង់ចំណែកទីផ្សារយ៉ាងធំ។
សម្រាប់កម្ពុជា បាននាំអង្ករ ចូលទីផ្សារអឺរ៉ុប ជាង២៧ម៉ឺនតោន ។ សហភាពអឺរ៉ុបបាន កំណត់យកពីពន្ធអង្ករពីកម្ពុជានៅឆ្នាំដំបូង ក្នុងមួយតោន ២០០,៧៣ ហើយបើគិត២៧ម៉ឺនតោនគឺជាង៥៤លានដុល្លារអាមេរិក ។អ្នកសេដ្ឋកិច្ចព្រមានពីផលប៉ះលើ ការផលិតស្រូវនៅកម្ពុជាហើយអាចប៉ះពាល់ខ្លាំងដល់កសិករ៕