ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ពុជានៅថ្ងៃទី១៧ មករា ម្សិលមិញបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងវិធានការណ៍របស់សហ ភាពអឺរ៉ុប ដែលបានសម្រេចតម្រូវឱ្យកម្ពុជាពន្ធលើការនាំចូលអង្ករចូលទីផ្សារអឺរ៉ុប ជាអ្វីដែលក្រសួងចាត់ទុកថា ប្រៀបបីដូចយកអាវុធមកសម្លាប់ប្រជាកសិករខ្មែរក្រីក្រយ៉ាងដូច្នោះដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយកាលពីយប់មិញ។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាន)
ភ្លាមៗបន្ទាប់ពីគណៈកម្មការអឺរ៉ុប បានចេញសេចក្តីសម្រេចដោយតម្រូវឱ្យប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ត្រូវបង់ពន្ធលើការនាំចូលអង្ករទៅកាន់ទីផ្សារអឺរ៉ុបនោះ កម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម បានឆ្លើយតបវិញដែលថា វិធានការណ៍របស់សហភាពអឺរ៉ុបនេះ ប្រៀបដូចជាអាវុធមកធ្វើឃាតកសិករក្រីក្រកម្ពុជាដូច្នេះដែរ។ ក្រសួងពាណិជ្ជកម្មចាត់ទុកការសម្រេចរបស់សហភាពអឺរ៉ុបនេះ មិនបានឆ្លុះបញ្ចាំងលើទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ បទដ្ឋានបច្ចេកទេស និងសច្ចភាព ស្របតាមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងវិស័យឯកជនរបស់កម្ពុជាជាមួយសហគមន៍អឺរ៉ុបដែលមានកាលពីគ្រាកន្លងមកនោះឡើយ។
ក្រសួងពាណិជ្ជកម្មកម្ពុជាសង្កត់ធ្ងន់ថា ការសម្រេចដាក់ចុះនូវវិធានការការពារទីផ្សារអង្ករអឺរ៉ុបដោយយកពន្ធអង្ករ(Indica) របស់កម្ពុជានេះ នឹងមានឥទ្ធិពលគ្រប់គ្រាន់ សម្រាប់ដកហូតចំណូលរបស់ប្រជាកសិករក្រីក្រកម្ពុជា ដែលកំពុងជំពាក់បំណុលធនាគារ។
នៅចំពោះមុខបញ្ហានេះក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រសួងកំពុងពិនិត្យផ្ទៀតផ្ទាត់សេចក្តីសម្រេចនេះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ និងវិធានការពាណិជ្ជកម្មអន្តរជាតិ ដើម្បីបន្តតវ៉ាជាមួយនឹងសហគមន៍អឺរ៉ុបឱ្យទម្លាក់ចោលវិធានការនេះ។
កាលពីថ្ងៃម្សិលមិញគណៈកម្មការអឺរ៉ុប បានចេញសេចក្តីសម្រេចដោយតម្រូវឱ្យកម្ពុជា និងមីយ៉ាន់ម៉ាត្រូវបង់ពន្ធរយៈពេល ៣ ដំបូងក្នុងអត្រា ១៧៥អឺរ៉ូ ឬស្មើប្រមាណ ២០០ដុល្លារអាមេរិកក្នុងអង្ករមួយតោនចំពោះការនាំចូលអង្ករទៅអឺរ៉ុប។ អត្រាបង់ពន្ធលើការនាំអង្ករចូលរបស់កម្ពុជានិងមីយ៉ាន់ម៉ានេះ នឹងត្រូវធ្លាក់ចុះមកត្រឹម ១៧៣ ដុល្លារនៅឆ្នាំទី ២ ហើយ ១៤៤ដុល្លារនៅឆ្នាំបន្ទាប់។
តាមរយៈសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបបានឲ្យដឹង៖ «ការស៊ើបអង្កេតបានរកឃើញពីការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលអង្ករ Indica គ្រាប់វែងពីកម្ពុជា និងមីយ៉ាន់ម៉ា ទៅក្នុងសហភាពអឺរ៉ុប (EU) ដែលបញ្ហានេះបានបណ្ដាលឲ្យខូចខាតសេដ្ឋកិច្ចប្រទេសផលិតអង្ករក្នុងសហភាពអឺរ៉ុប»។ សេចក្តីសម្រេចបន្តថា៖«គណៈកម្មការអឺរ៉ុប សម្រេចអនុវត្តការដកហូតពន្ធគយឡើងវិញ ដែលនឹងត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ក្នុងអំឡុងពេល ៣ ឆ្នាំ»។
យ៉ាងណាក្រសួងពាណិជ្ជកម្មកម្ពុជា សូមអំពាវនាវឱ្យគណៈកម្មការអឺរ៉ុបពិនិត្យឡើងវិញនូវការសម្រេចរបស់ខ្លួន ដោយផ្អែកលើវិធានការពាណិជ្ជកម្មអន្តរជាតិ និងចំណងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជានិងសហភាពអឺរ៉ុប។
សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញអង្ករសំខាន់មួយរបស់ប្រទេស កម្ពុជា។ តាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ បង្ហាញថាក្នុងឆ្នាំ ២០១៨ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួនជាង ៦២ម៉ឺនតោន ធ្លាក់ចុះ១,៥%បើធៀបនឹងឆ្នាំ២០១៧។ ទីផ្សារអឺរ៉ុបបានស្រូបយកអង្ករកម្ពុជា២៧ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួននាំចេញសរុប។ តាមតួលេខនេះកម្ពុជានឹងអាចខាតបង់ទឹកប្រាក់ប្រមាណ ៥៤លានដុល្លារក្នុងមួយឆ្នាំលើការនាំអង្ករចេញទៅអឺរ៉ុប។
អ្នកជំនាញផ្នែកស្រូវអង្ករ និងសេដ្ឋកិច្ច បានបង្ហាញយោបល់ថា ការយកពន្ធលើអង្ករកម្ពុជានេះ នឹងធ្វើឱ្យប៉ះពាល់វិស័យស្រូវអង្ករ និងសេដ្ឋកិច្ចកម្ពុជាពុំខាន ពិសេសកសិករក្រក្រីកម្ពុជានឹងប្រឈមការប្រកួតប្រជែងកានតែខ្លាំង។ ពួកគេសុំឱ្យរដ្ឋាភិបាលត្រូវមានគោលនយោបាយសមស្របក្នុងកាលៈទេសៈនេះ ដោយរដ្ឋាភិបាលគួរពិចារណាកាត់បន្ថយតម្លៃអគ្គិសនី និងកម្រៃសេវាកំពង់ផែជាដើម។
ស្របពេលគ្នានេះ កសិករក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានត្អូញត្អែរថា តម្លៃស្រូវរបស់ពួកគេនៅឆ្នាំនេះបានធ្លាក់ចុះខ្លាំងដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។ ពួកគេថា តម្លៃស្រូវប្រភេទ៤៩ នៅឆ្នាំនេះលក់បានថ្លៃត្រឹមតែ ៧៧០ រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដោយឆ្នាំមុនស្រូវប្រភេទនេះលក់បានតម្លៃ១០៤០រៀល។ ពួកគេសុំឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផ្តល់កិច្ចអន្តរាគមន៍លើរឿងនេះ។
យ៉ាងណាក្រុមអ្នករកស៊ីក្នុងវិស័យស្រូវអង្ករ បានគូសបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ទីផ្សារអឺរ៉ុបនៅតែដើរតួសំខាន់ជាងគេជានិច្ចសម្រាប់ការនាំអង្ករ ដូច្នេះពួកគេនឹងខិតខំរិះរកមធ្យោបាយដើម្បីរក្សាការនាំចេញទៅកាន់ទីផ្សារនេះ។ ទន្ទឹមគ្នានេះក្រុមអ្នករកស៊ីស្រូវអង្ករបង្ហើបថា កម្ពុជាត្រូវតែបង្កើនគុណភាពប្រកូតប្រជែង និងស្វែងរកទីផ្សារថ្មីផ្សេងទៀត ដើម្បីកាត់បន្ថយការនាំចូលតែក្នុងទីផ្សារតែមួយ។
អ្នកនាំពាក្យក្រសួងកសិកម្មធ្លាប់គូសបញ្ជាក់ប្រាប់វិទ្យុស្រ្តីថា បើសិនសហភាពអឺរ៉ុបពិតជារឹតបណ្តឹងការនាចូលអង្ករកម្ពុជាតាមរយៈការយកពន្ធនេះមែន កម្ពុជាក៏អាចបង្កើនការនាំចេញទៅកាន់ទីផ្សារចិនជំនួសវិញ ដែលលោកថា កម្ពុជាគ្មានអ្វីគួរឱ្យបារម្ភច្រើនឡើយលើបញ្ហានេះ៕