en     km
en     km

កសិករក្នុងស្រុកមួយនៃខេត្តកំពង់ធំត្អូញត្អែរពីតម្លៃស្រូវធ្លាក់ចុះ ខណៈអឺរ៉ុបផ្តើមយកពន្ធអង្ករកម្ពុជា

Share

កំពង់ធំ៖ ប្រជាកសិករក្នុងស្រុកមួយនៃខេត្តកំពង់ធំកំពុងត្អូញត្អែរពីការធ្លាក់ថ្លៃស្រូវនៅឆ្នាំនេះ តែកសិករទាំងនោះត្រូវតែបង្ខំចិត្តលក់បើទោះបីជាត្រូវខាតក៏ដោយ។ ការធ្លាក់ថ្លៃនេះស្របពេលដែលសហគមន៍អឺរ៉ុបកំពុងចាប់ផ្តើមយកពន្ធលើការនាំចូលអង្ករពីប្រទេសកម្ពុជា ជាអ្វីដែលអ្នកជំនាញផ្នែកកសិកម្មយល់ថា អាចបង្កផលប៉ះពាល់ដល់វិស័យស្រូវអង្ករ និងសេដ្ឋកិច្ចជាតិ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

កសិករមួយចំនួនក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានត្អូញត្អែរចំពោះតម្លៃស្រូវក្នុងឆ្នាំនេះ ដែលធ្លាក់ថ្លៃរហូតដល់ ៧៧០ រៀលក្នុងមួយគីឡូ ដែលឆ្នាំមុនស្រូវប្រភេទដូចគ្នានេះបានតម្លៃជាង១០៤០រៀល។

លោក អ៊ុច ឡេច កសិករមួយរូបក្នុងភូមិជីអោក ឃុំបារាយណ៍ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១៧ មករានេះថា ស្រូវប្រភេទ៤៩ នៅឆ្នាំនេះបានធ្លាក់ថ្លៃយ៉ាងខ្លាំងត្រឹមតែ ៧៧០ រៀលប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុនគឺត្រូវខាតអស់ ៣០០រៀលក្នុងមួយគីឡូ។ លោកបញ្ជាក់ថា បើទោះបីជាត្រូវខាតក៏កសិករត្រូវបង្ខំចិត្តលក់ដែរ ព្រោះបើទុកក្នុងស្រែយូរស្រូវនឹងខូត ហើយត្រូវលក់យកប្រាក់សងថ្លៃជី និងថ្លៃភ្ជួររាស់ផ្សេងៗ។

ចំណែកកសិករមួយរូបទៀតរស់នៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឱ្យដឹងថា តម្លៃស្រូវក្នុងឆ្នាំនេះគឺធ្លាក់ចុះខ្លាំង បញ្ហានេះនឹងធ្វើឱ្យកសិករខាតបង់ នឹងអាចជំពាក់បំណុលធនាគារកាន់តែច្រើន។ លោកឱ្យដឹងបន្ថែមថា កាលពីឆ្នាំទៅលោកបានចំណេញពីរបបដាំដុះស្រូវនេះជាង ៥០លានរៀល ដែលធ្វើលើផ្ទៃដី ២៥ ហិកតា តែឆ្នាំនេះលោកអាចខាតបង់បើតម្លៃមិនល្អប្រសើរទេនោះ។ លោកបន្តថា ក្រៅពីបញ្ហាតម្លៃស្រូវនេះ ប្រជាកសិករក្នុងស្រុកបារាយណ៍ក៏ជួបបញ្ហាសត្វល្អិតស៊ីផលដំណាំផងដែរ ដោយថាអាជ្ញាធរពាក់ព័ន្ធពុំសូវអើងពើនោះឡើយ។ លោកសូមឱ្យក្រសួងមន្ទីរកសិកម្ម ឬអ្នកពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះដល់កសិករ។

                                                                                        ផែនទីខេត្តកំពង់ធំ។ រូបតំណាង

 

ពាក់ព័ន្ធក្នុងរឿងនេះលោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំប្រាប់វិទ្យុស្រ្តីថា ចំពោះតម្លៃស្រូវត្រឹម៧៧០ ឬ៧៨០រៀល ក្នុងមួយគីឡូ គឺប្រជាកសិករមិនខានច្រើននោះទេ។ លោកពិតជាទទួលស្គាល់ថា តម្លៃស្រូវនៅឆ្នាំនេះពិតជាធ្លាក់ថ្លៃបន្តិចមែន ព្រោះកម្ពុជាជាប្រទេសទីផ្សារសេរី ដូច្នេះតម្លៃតែងឡើងចុះលើទីតម្រូវការទីផ្សារ។ តែយ៉ាងណាលោកបញ្ជាក់ថា លោកនឹងខិតខំជួយរកទីផ្សារជូនកសិករចំពោះបញ្ហានេះ។

ចំពោះបញ្ហាសត្វមមេចស៊ីផលស្រូវរបស់កសិករវិញលោកបភ្លឺថា ខាងមន្រ្តីនៃមន្ទីរកសិកម្មខេត្តតែងតែចុះណែនាំកសិករជាប់ជានិច្ច​ ពិសេសបានប្រាប់កសិករមិនត្រូវប្រើថ្នាំបាញ់ពេលស្រូវកំពុង់ទុំនោះ។​ ប្រសិនបើជួបបញ្ហាសត្វល្អិតស៊ីពេលស្រូវទុំ កសិកម្មត្រូវបង្ហូរទឹកចេញពីស្រែគឺអាចបង្ការបញ្ហានេះបាន។

ជាការគត់សម្គាល់បញ្ហាធ្លាក់ថ្លៃស្រូវរបស់កសិករនេះ ស្របពេលដែលសហគមន៍អឺរ៉ុបកំពុងផ្តើមដោយតម្រូវឱ្យប្រទេសកម្ពុជា និងភូមា បង់ពន្ធអង្ករដែលនាំចូលទីផ្សារអឺរ៉ុប។ វិធានការណ៍នឹងចាប់អនុវត្តនៅថ្ងៃសុក្រស្អែកនេះ បើសិនជាភាគីពាក់ព័ន្ធពុំបានប្តឹងជំទាស់ទេនោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ ងារសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី១៤មករា។ បើវិធានការនេះត្រូវធ្លាក់ចុះមែននោះកម្ពុជានឹងត្រូវខាតបង់ថវិកាជាង ៥៤លានដុល្លារលើការនាំអង្ករទៅកាន់ទីផ្សារអឺរ៉ុប ព្រោះកម្ពុជាបាននាំអង្ករចេញទៅទីផ្សារអឺរ៉ុបប្រហែលលជា ២៧ ម៉ឺនតោន ព្រោះកម្ពុជាត្រូវបង់ពន្ធចំនួនជាង ២០០ដុល្លារក្នុងអង្ករមួយ

តោន។

អ្នកជំនាញផ្នែកកសិកម្ម និងផ្នែកសេដ្ឋកិច្ច បង្ហាញមតិថា ការយកពន្ធអង្ករពីកម្ពុជាដែលនាំចូលសហគមន៍អឺរ៉ុបនេះ នឹងធ្វើឱ្យប៉ះពាល់វិស័យស្រូវអង្ករ និងសេដ្ឋកិច្ចកម្ពុជាពុំខាន។ ពួកសុំឱ្យរដ្ឋាភិបាលត្រូវមានគោលនយោបាយឱ្យបានច្បាស់លាស់ជាងនេះ ពិសេសត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កសិករ។

ជាការកត់សម្គាល់ដាច់ដោយឡែកមួយទៀត ការធ្លាក់ថ្លៃនេះក៏ស្របពេលដែលការនាំចេញអង្កររបស់កម្ពុជានៅឆ្នាំ២០១៨នេះមានការធ្លាក់ចុះផងដែរ។ យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ បង្ហាញថានៅឆ្នាំ ២០១៨ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួនជាង ៦២ ម៉ឺនតោន ចំនួននេះធ្លាក់ចុះ ១,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ដែលមានចំនួនជាង ៦៣ ម៉ឺនតោន៕

 

 

Share

ព័ត៌មានទាក់ទង

Image