ភ្នំពេញ៖ សហភាពអឺរ៉ុបបានសម្រេចតម្រូវឱ្យកម្ពុជាត្រូវបង់ពន្ធលើការនាំចូលអង្ករជាជំហានដំបូងចូលក្នុងទីផ្សាររបស់ខ្លួន ជាអ្វីដែលអ្នកជំនាញកសិកម្មមើលឃើញថា អាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យស្រូវអង្ករ និងសេដ្ឋកិច្ចជាតិ។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌Reuters មានកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០១៩ បានឱ្យដឹងថា គណៈកម្មការអឺរ៉ុបសម្រេចយកពន្ធអង្ករពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងរយៈពេល៣ឆ្នាំខាងមុខ ដោយតម្រូវបង់ពន្ធ២០០,៧៣ដុល្លារក្នុងមួយតោននៅឆ្នាំដំបូង។
យ៉ាងណាការសម្រេចនេះ នឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ ប្រសិនបើក៏ភាគីពាក់ព័ន្ធមិនបានប្តឹងជំទាស់។
វិទ្យុស្រ្តីបានព្យាយាមទាក់ទងក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជាជាច្រើនលើក តែគ្មានអ្នកឆ្លើយតប។
បើតាម Reuters ការសម្រេចរបស់គណៈកម្មការអឺរ៉ុប ធ្វើឡើងតបតាមការស្នើរបស់រដ្ឋាភិបាលអ៊ីតាលី ក្នុងគោលដៅរក្សាតម្លៃអង្ករនៅបណ្តាប្រទេសអឺរ៉ុបដែលផលិតស្រូវមានការកើនឡើង។
គណៈកម្មការអឺរ៉ុបរកឃើញថា ការអនុគ្រោះពន្ធនាំអង្ករចូលពីកម្ពុជា និងមីយ៉ាន់ម៉ា ធ្វើឲ្យប៉ះពាល់ដល់ដំណើរការផលិតអង្ករក្នុងតំបន់អឺរ៉ុបស្របពេលប្រទេសចំនួន ៨ នៅភាគខាងត្បូងអឺរ៉ុបផលិតអង្ករកើនឡើងចាប់ពីប្រទេស Portugal ដល់ Bulgaria។
អ្នកជំនាញផ្នែកកសិកម្ម និង ជាស្ថានិកនៃអង្គការសេដាក លោក បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ដោយភ្ជាប់ជាមួយសារព័ត៌មាន Reuters លើរឿងរ៉ាវនេះថា វិធានការនេះនឹងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យស្រូវអង្ករ និងសេដ្ឋកិច្ចខ្មែរ ជាពិសេសកសិករខ្មែរ ព្រោះមិនអាចប្រកួតប្រជែងចូលទីផ្សារអឺរ៉ុបបាន។ លោកបន្ថែមថា ល្មមដល់ពេលមានដែលកម្ពុជាមានគោលនយោបាយល្អជួយលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កសិកម្មនិងសេដ្ឋកិច្ចខ្មែរហើយ។
អង្គការកសិករ និង សហករណ៍កសិកម្មអឺរ៉ុប (Copa Cogeca) បានជំរុញឲ្យគណៈកម្មាការអឺរ៉ុបអនុវត្តជាបន្ទាន់នូវវិធានការការ ពារលើការនាំចូលអង្ករពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ស្របពេលដែលប្រទេស អ៊ីតាលី និង អេស្ប៉ាញត្អូញត្អែរពីផលប៉ះពាល់ដល់ទីផ្សារអង្កររបស់ពួកគេ។
សហករណ៍កសិករអឺរ៉ុបធ្លាប់បានស្នើបញ្ហានេះតាំងពីខែធ្នូ ឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែសំន្នើនេះមានភាពមិនទាន់ចុះសម្រុងពីប្រទេសជាសមាជិកអឺរ៉ុបទាំង២៨ប្រទេស។
បើសិនសេចក្តីសម្រេចនេះត្រូវអនុវត្តនាពេលខាងមុខនេះ អង្កររបស់កម្ពុជានឹងប្រឈមការយកពន្ធ១៧៥អឺរ៉ូ ស្មើប្រមាណ ២០០,៧៣ ដុល្លារអាមេរិកក្នុង ១ តោននៅឆ្នាំដំបូង និង ១៧៣ដុល្លារនៅ ឆ្នាំទី ២ ហើយ ១៤៤ដុល្លារនៅឆ្នាំបន្ទាប់។ ករណីនេះបើកម្ពុជាមិនមានចំណាត់ការច្បាស់លាស់នោះកម្ពុជានឹងអាចខាតបង់ ៥៤ លានដុល្លារអាមេរិកលើការនាំចូលអង្ករទៅកាន់ទីផ្សារអឺរ៉ុប។ ការខាតបង់នេះ ព្រោះកម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបចំនួនប្រមាណ ២៧ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួននាំចេញសរុបនៅឆ្នាំ២០១៨។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ បង្ហាញថានៅឆ្នាំ ២០១៨ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួនជាង ៦២ម៉ឺនតោន ចំនួននេះបញ្ជាក់ថា ការនាំចេញអង្ករបានធ្លាក់ចុះ ១,៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ដែលមានចំនួនជាង ៦៣ ម៉ឺនតោន។
យោងតាមរបាយការណ៍នេះ កម្ពុជាបាននាំចេញអង្ករក្រអូបជាង ៤៩ ម៉ឺនតោន អង្ករសគ្រាប់វែងជាង ១០ ម៉ឺនតោន និងអង្ករចំហុយគ្រាប់វែង ២,៦ ម៉ឺនតោន។ ប្រទេសដែលជាទីផ្សារទិញអង្ករកម្ពុជាច្រើនជាងគេ គឺសហគមន៍អឺរ៉ុបដែលមានចំនួនជិត ២៧ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួននាំចេញសរុប។
ចំណែកប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺមានប្រទេសចិន ចំនួនជាង១៧ម៉ឺនតោន ស្មើនឹង២៧.១៧ភាគរយ, ប្រទេសបារាំងចំនួនជិត ៩ ម៉ឺនតោន, ប្រទេសម៉ាឡេស៊ី ជាង ៤ម៉ឺនតោន, ប្រទេសហ្គាប៉ូង (Gabon) ជាង៣ម៉ឺនតោន។ ចំណែកប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍វិញមានប្រទេសវៀតណាមចំនួនជាង ២.៦ម៉ឺនតោន, ប្រទេសថៃ ជាង ២.៣ម៉ឺនតោន។
គេនៅចាំបានថា កាលពីឆ្នាំ ២០១៦ កសិករដាំដុះស្រូវនៅខេត្តបាត់ដំបង ដែលជាខេត្តផលិតស្រូវដ៏សំខាន់មួយរបស់កម្ពុជា បានចេញមកតវ៉ានៅតាមផ្លូវដើម្បីប្រឆាំងនឹងការធ្លាក់ចុះតម្លៃ តាមរយៈការបិទផ្លូវ ដើម្បីឲ្យមានអន្តរាគមន៍ពីរដ្ឋាភិបាល។ គ្រានោះរដ្ឋាភិបាលក៏បានបញ្ចេញសាច់ប្រាក់ប្រមាណជាង ២៧លានដុល្លារ ដើម្បីជួយទិញស្រូវពីកសិករទាំងនោះ៕