en     km
en     km

សម្ដេច ហ៊ុន​ សែន៖ បរទេសគ្មានសិទ្ធិនិយាយពីប្រជាធិបតេយ្យនៅកម្ពុជា បើដាក់ទណ្ឌកម្មមែននោះ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន​ សែន៖ បរទេសគ្មានសិទ្ធិនិយាយពីប្រជាធិបតេយ្យនៅកម្ពុជា បើដាក់ទណ្ឌកម្មមែននោះ ។ ជាងនេះ សម្ដេចថា បើដាក់ទណ្ឌកម្មនៅកម្ពុជា នោះសម្ដេច និងដាក់ទណ្ឌកម្មលើអ្នកទោសនៅកម្ពុជា ។ អ្នកវិភាគថា អ្នកនយោបាយ គួរតែគិតពិចារណាឡើងវិញ ថាតើកម្ពុជាអាចរស់នៅបានកម្រិតណា មុនពេលដែលចង់រស់នៅដោយដាច់ដោយឡែកពីអន្តរជាតិធំៗ ។

លោក សោម លាភ រាយការណ៍៖

 

ថ្លែងនៅក្នុងថ្ងៃគម្រប់ខួបនៃការឡើងកាន់តំណែងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល ៣៤ ឈានចូល ៣៥ ឆ្នាំ សម្ដេច ហ៊ុន សែន ប្រកាសខ្លាំងៗថា បើអន្តរជាតិណា ដាក់ទណ្ឌកម្មលើកម្ពុជា នោះប្រទេសទាំងនោះ គ្មានសិទ្ធិនិយាយអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាដែរ ហើយកម្ពុជា ក៏គ្មានហេតុផលអី្វដែលត្រូវលួងលោមអន្តរជាតិទាំងនោះដែរ  ។

សម្ដេចទំនងជាបង្ហាញកំហឹង និងថ្លែងទៅកាន់លោក សម រង្ស៊ី ឱ្យចាំមើលជោគវាសនាខ្លួនឯង ថាតើនឹងទៅជាយ៉ាងណា? ព្រោះលោកសម រង្ស៊ី ជាអ្នកញុះញង់ឱ្យអន្តរជាតិដាក់សម្ពាធលើកម្ពុជា ។

កន្លងមក សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់តែប្រកាសថា កម្ពុជាមាននយោបាយកម្ពុជា មិនមែនធ្វើតាមអ្វីដែលចង់បានរបស់អន្តរជាតិនោះទេ ។  សម្ដេចថា គ្មានសម្ពាធអន្តរជាតិ ឬទណ្ឌកម្មលើកម្ពុជានោះទេ ។

តែយ៉ាងណា សម្ដេចបញ្ជាក់ទៅអន្តរជាតិថា ការដាក់ទណ្ឌកម្មមកលើកម្ពុជាមិនខុសអ្វីពីការសម្លាប់បក្សប្រឆាំងនៅកម្ពុជានោះទេ ។

នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងហាក់ដូចជាការសងសឹកទៅលើការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ពីអន្តរជាតិដូចជាអាមេរិក និងសហភាពអឺរ៉ុបថា សម្ដេច នឹងមិនលើកលែងទោសឱ្យអ្នកប្រព្រឹត្តខុសនៅកម្ពុជានោះទេ ជាពិសេសគឺគណបក្សប្រឆាំង ។

សម្ដេចបញ្ជាក់ម្ដងទៀតថា មិនអាចយកឯករាជ្យកម្ពុជា​ មកដូរជាមួយជំនួយអ្នកណាទេ ។  

សម្ដេច ហ៊ុន សែន បញ្ជាក់ប្រាប់ទៅប្រជាជនកម្ពុជាថា ទោះបីជាយ៉ាងណាក៏ដោយ ក៏សេដ្ឋកិច្ច និងពលរដ្ឋកម្ពុជាមិនស្លាប់នោះទេ ។

សម្ដេច ពន្យល់ និងលើកឡើងនូវការខិតខំតស៊ូរបស់កម្ពុជាតាំងពីបាតដៃទទេ រហូតធ្វើឱ្យកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនដូចសព្វថ្ងៃនេះ ។

សម្ដេចថា កម្ពុជានៅតែខិតខំប្រឹងបន្តទៀត ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាបន្តរស់ និងបន្តរីកចម្រើនបើទោះបីជាអន្តរជាតិផ្ដាច់អុកស៊ីសែនក៏ដោយ ។

លោក ឯម សុវណ្ណរ៉ា ប្រាប់វិទ្យុស្ត្រី នៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជាថា សហភាពអឺរ៉ុប មិនចង់ដាក់ទណ្ឌកម្ម ឬចង់កាច់ចង្កូតដំណើរការនយោបាយនៅកម្ពុជានោះទេ ។

លោកបញ្ជាក់ថា មូលហេតុដែលសហភាពអឺរ៉ុបដាក់ទាមទារនូវលក្ខខ័ណ្ណមួយចំនួននោះ គឺដោយសារតែកម្ពុជាបានចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញានានា  ពាក់ព័ន្ធនឹងសិទ្ធិមនុស្សជាដើម ។

លោក ឯម សុវណ្ណារ៉ាចោទសួរថា តើកម្ពុជាអាចរស់នៅដោយសេដ្ឋកិច្ចកម្រិតណា ប្រសិនបើកម្ពុជាមិនពឹងគេអន្តរជាតិ ?

លោកបន្ថែមថា កម្ពុជាមិនអាចរស់នៅឯកោបានទេ នៅពេលដែលអន្តរជាតិដាក់ទណ្ឌកម្ម ហើយលោកថា ដំណាក់កាលនេះគ្រាន់តែជាដំណាក់កាលចាត់វិធានការតែប៉ុណ្ណោះ ។

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប គឺជា​ទីផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំសម្រាប់​កម្ពុជា ក្នុង​ការនាំចេញ​ផលិតផល​ ​ដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ពី​ស្បែក ប្លាស្ទិក ម្ហូបអាហារ និង​ផលិតផល​កសិកម្ម​ជាដើម ។

សហរដ្ឋអាមេរិក ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) តាំងពី​ឆ្នាំ​១៩៩៧ ។

ការអនុគ្រោះពន្ធនេះ ធ្វើឱ្យកម្ពុជា​ទទួល​បាន​ការ​មិន​យកពន្ធ​សរុប​តម្លៃ ៤០០ ​លាន​ដុល្លារ ពី​សហរដ្ឋអាមេរិក ។

ដោយឡែក សហភាព​អឺរ៉ុប ក៏​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ តាមរយៈ​កម្មវិធី​អ្វីៗ​ទាំងអស់ លើកលែងតែ​អាវុធ (Everything But Arms, EBA) តាំងពី​ឆ្នាំ​២០១២ ។ ក្នុង​មួយឆ្នាំៗ កម្ពុជា​ទទួល​បាន​ការ​មិន​យកពន្ធ សរុប​តម្លៃ​ជិត ៧០០​លាន​ដុល្លារ ពី​សហភាព​អឺរ៉ុប ។

យ៉ាងណា ទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បាននិងកំពុងដំណើរការនីវិធីក្នុងការដកការអនុគ្រោះពន្ធពីកម្ពុជា ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image