(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី១០ ខែមករា បានចេញសេចក្តីប្រកាសព័ត៌មានដោយអំពាវនាវដល់សា ធារណជន ចូលរួមបោះឆ្នោតជូនលោកស្រី កែ ឡេង តាមប្រព័ន្ធ Online សម្រាប់ពាន «នារីប៉េតង់ឆ្នើមពិភពលោក» ប្រចាំឆ្នាំ២០១៨។ ការអំពាវនាវនេះ ខណៈដែលក្រសួងអប់រំបានសម្រេចជ្រើសយកកីឡាការិនីប៉េតង់ កែ ឡេង ជាបេក្ខនារីតំណាងប្រទេសកម្ពុជា ត្រូវប្រជែងយកពាននេះ ជាមួយបេក្ខភាពអត្តពលិកនានា ជុំវិញពិភពលោកជាច្រើននាក់។
បន្ទាប់ពីកីឡាការិនីដ៏ឆ្នើមផ្នែកវាយប៉េតង់ គឺអ្នកស្រី កែ ឡេង ត្រូវបានជ្រើសរើស ជាបេក្ខនារីតំណាងកម្ពុជា ដែលត្រូវប្រជែង យកពាន«នារីប៉េតង់ឆ្នើមពិភពលោក» ប្រចាំឆ្នាំ២០១៨ ជាមួយបេក្ខភាពអត្តពលិកនានា ជុំវិញពិភពលោកជាច្រើននោះ ក្រសួងអប់រំបានអំពាវនាវដល់សាធារណជនទាំងអស់បោះឆ្នោតគ្រាំតាមរយៈប្រព័ន្ធ Online ជូនដល់អ្នកស្រី កែ ឡេង។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ កាលពីថ្ងៃទី១០ មករា ម្សិលមិញបានបញ្ជាក់ថា ការសម្រេចជ្រើសយកអ្នកស្រី កែ ឡេង ជាបេក្ខភាពទៅដណ្តើមពាននេះ គឺដោយសារតែកីឡាការិនីរូបនេះធ្លាប់បានសាងស្នាដៃល្អៗតាមរយៈការដណ្តើមបានពានជាច្រើនលើឆាកអន្តរជាតិផ្នែកវាយប៉េតង់ជូនមាតុភូមិជាតិ។
សមាគមកីឡាអន្តរជាតិ (IWGA) ដែលមានទីស្នាក់ការនៅប្រទេសស្វីស បានរៀបចំការបោះឆ្នោតតាម Online សម្រាប់ពានរង្វាន់ នារីប៉េតង់ឆ្នើមពិភពលោកប្រចាំឆ្នាំ២០១៨។ កម្មវិធីតម្រូវឲ្យអ្នកគាំទ្រ ចូលរួមបោះឆ្នោតដោយផ្ទាល់ តាមរយៈការចុច Vote លើឈ្មោះអត្តពលិក ហើយបំពេញឈ្មោះ និង E-mail ផងដែរទើបអាចបោះឆ្នោតបាន។ ការបោះឆ្នោតគាំទ្រ ធ្វើឡើងតាមនីតិវិធីរាល់ ២៤ម៉ោងម្ដង ជារៀងរាល់ថ្ងៃ។ ជុំទី ១ ផុតកំណត់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ដែលជាជុំបញ្ចប់។
ដើម្បីអាចចូលទៅបោះឆ្នោតគាំទ្រកីឡាការិនី កែ ឡេង ដំបូងត្រូវចូលទៅកាន់វេបសាយhttp://www.theworldgames.org ហើយដំណាក់កាលទី២ ត្រូវចុចលើពាក្យ picture “Athelete of the year 2018” និងទី៣. ចុច Vote លើរូបអ្នកស្រី កែ ឡេង រួចចុចលើពាក្យ registration ជាការស្រេច។
សូមបញ្ជាក់ជូនថា កីឡាការិនីវាយប៉េតង់ដ៏ឆ្នើមរបស់កម្ពុជាគឺអ្នកស្រី កែ ឡេង ជាវីរកីឡាការិនីស្រ្តីតែ ១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ចំនួន ៤ លើកគឺកាលពីឆ្នាំ ២០១៣ នៅប្រទេសបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។ គិតមកដល់ឆ្នាំ២០១៨នេះ លោកស្រីឈ្នះមេដាយចំនួន ៥៥ ខណៈមេដាយមាស២១ មេដាយសំរឹទ្ធ១៧ និងមេដាយប្រាក់១៧ផងដែរ។
ថ្លែងក្នុងសន្និសទីសារព័ត៌មាននៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១០ ខែមករា ម្សិលមិញនេះអ្នកស្រី កែ ឡេង ដែលត្រូវបានប្រសិទ្ធនាមថា ជាវីរកីឡាការិនីប៉េតង់ដៃឯកកម្ពុជា បានថ្លែងថា ចាប់តាំងពីប្រកបអាជីព ជាកីឡាការិនីប៉េតង់ ពោលតាំងពីឆ្នាំ ១៩៩៧ មកទល់ដើមឆ្នាំ២០១៩នេះ លោកស្រីបានឈ្នះមេដាយ សរុបចំនួន៥៥មេដាយហើយ។
អ្នកស្រីលើកឡើងថា អ្នកស្រីបាននឹងកំពុងហ្វឹកហាត់ជាប់ជានិច្ចដើម្បីត្រៀមចេញទៅប្រកួតទាំងក្នុង និងក្រៅប្រទេស ដើម្បីដណ្តើមបានពានផ្នែកកីឡាវាយប៉េតង់នេះជូនជាតិមាតុភូមិកម្ពុជា៕