រដ្ឋមន្ត្រីការពារជាតិនៃប្រទេសវេណេហ្សូអេឡាបានដាក់លិខិតទៅលោក ម៉ាឌូរ៉ូ អោយចាកចេញពីតំណែងប្រធានាធិបតី បើពុំ នោះទេ លោកនឹងចុះចេញពីតំណែង។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន អាមេរិក Washington Post កាលពីថ្ងៃពុធទី៩មករា ឆ្នាំ២០១៩។
សារព័ត៌មាននេះ បញ្ជាក់ថា ការស្នើសុំរបស់រដ្ឋមន្ត្រីការពារជាតិធ្វើឡើងកាលពីមុន គឺមុនមួយខែដែលលោកម៉ាឌូរ៉ូប្រកាសជាផ្លូវការចូលកាន់តំណែងប្រធានាធិបតីជាថ្មីទៀត បន្ទាប់ពីការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៨ដោយគ្មានការទទួលស្គាល់ ពីសហគមន៍អន្តរជាតិដូចជាអាមេរិក សហភាពអឺរ៉ុប និង ប្រទេសក្នុងតំបន់នៃទ្វីបអាមេរិក ដោយសារតែ លោកម៉ាឌូរ៉ូ កំចាត់បេក្ខជនបក្សប្រឆាំងមិនអោយចូលបោះឆ្នោត។
តាមប្រភពចារកម្មរបស់អាមេរិក លោក រដ្ឋមន្ត្រីការពារជាតិ Vladimir Padrino Lopez ស្ថិតនៅក្នុងតំណែងនៅឡើយតែ ប្រឈមនឹងការតានតឹងជាមួយលោកម៉ាឌូរ៉ូ។ កាលពីសប្ដាហ៍មុន ចៅក្រមពីររូបនៃតុលាការកំពូលរបស់ប្រទេសនេះ បានរត់ទៅសុំសិទ្ធិជ្រកកោននៅ អាមេរិកបន្ទាប់ពីពួកគាត់ មានជម្លោះជាមួយលោកម៉ាឌូរ៉ូ ដែលអ្នកសង្កេតការណ៍ហៅថាជាជម្លោះក្នុងសង្គមនិយមនៃប្រទេសនេះ។
ចាប់តាំងពីប្រទេសនេះ ធ្លាក់ក្នុងវិបត្តិនយោបាយ ដោយសារលោកម៉ាឌូរ៉ូរំលាយ សភា របស់បក្សប្រឆាំង មានឧត្តមសេនីយ៍ច្រើនរូបត្រូវបានចាប់ខ្លួនករណីពាក់ព័ន្ធនឹងការរៀបចំផែនការធ្វើរដ្ឋប្រហារទម្លាក់លោក៕