ភ្នំពេញ៖ ការនាំអង្ករចេញរបស់កម្ពុជានៅឆ្នាំ ២០១៨ បានត្រឹមជាង ៦២ម៉ឺនតោនប៉ុណ្ណោះ ជាចំនួនដែលបានធ្លាក់ចុះ ១,៥ ភាគរយបើធៀបនឹងឆ្នាំ ២០១៧។ តែយ៉ាងណាអ្នករកស៊ីក្នុងវិស័យស្រូវឱ្យដឹងថា តម្លៃអង្ករក្នុងរដូវប្រមូលផលឆ្នាំ ២០១៨-២០១៩ មានភាពល្អប្រសើរជាងរដូវប្រមូលផលឆ្នាំកន្លងទៅ។
នៅឆ្នាំ ២០១៨ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួនជាង ៦២ម៉ឺនតោន ចំនួននេះបង្ហាញថា ការនាំចេញបានធ្លាក់ចុះ ១,៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ដែលមានចំនួនជាង ៦៣ ម៉ឺនតោន។ នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ។
យោងតាមរបាយការណ៍នេះ កម្ពុជាបាននាំចេញអង្ករអង្ករក្រអូបជាង ៤៩ ម៉ឺនតោន អង្ករសគ្រាប់វែងជាង ១០ ម៉ឺនតោន និងអង្ករចំហុយគ្រាប់វែង ២,៦ ម៉ឺនតោន។ ប្រទេសដែលជាទីផ្សារទិញអង្ករកម្ពុជាច្រើនជាងគេ គឺសហគមន៍អឺរ៉ុបដែលមានចំនួនជិត ២៧ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួននាំចេញទសរុប។
ចំណែកប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺមានប្រទេសចិន ចំនួនជាង១៧ម៉ឺនតោន ស្មើនឹង២៧.១៧ភាគរយ, ប្រទេសបារាំងចំនួនជិត ៩ ម៉ឺនតោន, ប្រទេសម៉ាឡេស៊ី ជាង ៤ម៉ឺនតោន, ប្រទេសហ្គាប៉ូង (Gabon) ជាង៣ម៉ឺនតោន។ ចំណែកប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍វិញមានប្រទេសវៀតណាមចំនួនជាង ២.៦ម៉ឺនតោន, ប្រទេសថៃ ជាង ២.៣ម៉ឺនតោន។
ងាកមកតម្លៃស្រូវអង្ករវិញ សមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់កាសែតក្នុងស្រុកថា តម្លៃស្រូវក្នុងរដូវប្រមូលផលឆ្នាំ ២០១៨-២០១៩ បានកើនឡើងចន្លោះតម្លៃពី ៩០០ រៀល ទៅ ១ ៣០០ រៀល ក្នុងមួយគីឡូក្រាម ជាតម្លៃដ៏ល្អមួយសម្រាប់កសិករបើធៀបនឹងរដូវប្រមូលផលមុនៗ។
ពួកគេឱ្យដឹងថា តម្លៃស្រូវគុណភាពខ្ពស់មានចំនួន ១៣០០ រៀលក្នុង ១ គីឡូក្រាម ចំណែកស្រូវធម្មតាតម្លៃ ៩០០ រៀល។ តម្លៃនេះល្អជាងឆ្នាំមុនៗដែលមានត្រឹមតែជាង ៥០០រៀល ទៅ៦០០រៀលតែប៉ុណ្ណោះ។
អ្នកជំនាញសេដ្ឋកិច្ចបានឲ្យដឹងថា ទីផ្សារស្រូវកម្ពុជាប្រែប្រួលតាមទីផ្សារអន្តរជាតិ ដែលគេមិនអាចធានាតម្លៃខ្ពស់ក្នុងរយៈពេលយូរណាមួយបានទេ។
គេនៅចាំបានថា កាលពីឆ្នាំ ២០១៦ កសិករដាំដុះស្រូវនៅខេត្តបាត់ដំបង ដែលជាខេត្តផលិតស្រូវដ៏សំខាន់មួយរបស់កម្ពុជា បានចេញមកតវ៉ានៅតាមផ្លូវដើម្បីប្រឆាំងនឹងការធ្លាក់ចុះតម្លៃ តាមរយៈការបិទផ្លូវ ដើម្បីឲ្យមានអន្តរាគមន៍ពីរដ្ឋាភិបាល។ គ្រានោះរដ្ឋាភិបាលក៏បានបញ្ចេញសាច់ប្រាក់ប្រមាណជាង ២៧លានដុល្លារ ដើម្បីជួយទិញស្រូវពីកសិករទាំងនោះ។
កាលពីពេលថ្មីៗនេះ អង្គការកសិករ និង សហករណ៍កសិកម្មអឺរ៉ុប (Copa Cogeca) បានជំរុញឲ្យមានការអនុវត្តជាបន្ទាន់នូវវិធានការការពារលើការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ស្របពេលកសិករ អ៊ីតាលី និង អេស្ប៉ាញ ត្អូញត្អែរពីផលប៉ះពាល់ដល់ទីផ្សាររបស់ពួកគេ។ កិច្ចប្រជុំថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពាណិជ្ជកម្មបានដាក់ឲ្យមានការបោះឆ្នោត ផ្ទៃក្នុងនៃគណៈកម្មាធិការអនុគ្រោះពន្ធ នូវសំណើមួយដើម្បីអនុវត្តវិធានការការពារ ស្តីពីការនាំចូលអង្ករពីប្រទេសកម្ពុជា និង មីយ៉ានម៉ា ដោយគណៈកម្មាធិការនេះ អាចនឹងចាត់វិធានការលើបញ្ហានេះ។
យ៉ាងណាបើសេចក្តីសម្រេចនេះត្រូវអនុវត្តមែន អង្កររបស់កម្ពុជានឹងប្រឈមការយកពន្ធ ១៩៨ ដុល្លារអាមេរិកក្នុង ១ តោននៅឆ្នាំដំបូង និង ១៧៣ដុល្លារនៅ ឆ្នាំទី ២ ហើយ ១៤៤ដុល្លារនៅឆ្នាំបន្ទាប់។
លោក មូល សារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាធ្លាប់បានផ្តល់បទសម្ភាសជាមួយវិទ្យុស្រ្តីថា សហព័ន្ធស្រូវអង្ករកម្ពុជាបានអន្តរាគមន៍លើរឿងនេះ ជាច្រើនលើកជាច្រើនសារលើឯកសារផ្លូវច្បាប់ ក្នុងការដោះស្រាយបញ្ហា។
លោកសង្កត់ធ្ងន់ថា ការទាមទារឲ្យពិចារណាលើអង្ករកម្ពុជា ជារឿងមិនត្រឹមត្រូវ ព្រោះអង្ករកម្ពុជាជាអង្ករក្រអូបនិងអង្ករប្រណីត ចំណែកពូជស្រូវអង្ករអឺរ៉ុបគឺពូជអង្ករយីប៉ុននីការ និងអង្ករធម្មតា។
យ៉ាងណាអ្នកនាំពាក្យក្រសួងកសិកម្មឱ្យដឹងថា កម្ពុជាកំពុងសំឡឹងមើលទីផ្សារនាំអង្ករទៅប្រទេសចិនធំជាងគេ ប្រសិនសហ ភាពអឺរ៉ុបពិតជាយកពន្ធលើអង្ករកម្ពុជាមែននោះ៕