ក្រសួងរតនាគាសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃអង្គារទី៨មករាម្សិលមិញថា ការដាក់ទណ្ឌកម្ម លើមន្ត្រីរបស់លោកប្រធានា ធិបតី នីកូឡាស់ម៉ាឌូរ៉ូនិងក្រុមហ៊ុននៃប្រទេសវេណេហ្សូអេឡាកន្លងមក បានរកឃើញ ទ្រព្យសម្បត្តិនិងហិរញ្ញវត្ថុ ជាង២ពាន់៤រយលានដុល្លារអាមេរិកដែលទ្រព្យសម្បត្តិទាំងនោះត្រូវដាក់ក្នុងការត្រួតពិនិត្យនិងរឹបអូស។ នេះបើតាម ទីភ្នាក់ងារសារព័ត៌អាមេរិក UPI ដែលចុះផ្សាយនៅថ្ងៃពុធទី៩មករាឆ្នាំ២០១៩នេះ។
យោងតាមប្រភពដដែលនេះ ក្រសួងរតនាគាអាមេរិក បានសម្រេចចោទជាផ្លូវការ លើមន្ត្រីនិង អ្នកជំនួញ ចំនួន៧រូបនិង ក្រុមហ៊ុន ចំនួន២៣ក្រុមហ៊ុនដែលពាក់ព័ន្ធករណីពុករលួយ សូកប៉ាន់ និងការលាងលុយកង្វក់។
ករណីនេះ Diosdado Cabello ប្រធាន រដ្ឋសភា នៃប្រទេសវេណេហ្សូអេឡា បានថ្កោលទោសសហរដ្ឋអាមេរិកដោយចាត់ទុកថាជាអំពើឈ្លានពានបង្កអំពើប្រល័យពូជសាសន៍ប្រជាជនវេណេហ្សូអេឡា។
រដ្ឋការរបស់លោកប្រធានាធិបតីត្រាំបានសម្រេចដាក់ទណ្ឌកម្មលើប្រទេសវេណេហ្សូអេឡា ចាប់តាំងពីចុងឆ្នាំ២០១៧ បន្ទាប់ពីលោកម៉ាឌូរ៉ូបានបំបិទសំឡេង បក្សប្រឆាំងដោយការរំលាយសភារបស់ក្រុមប្រឆាំង។
កាលពីខែវិច្ឆិកា សហរដ្ឋអាមេរិកបានបន្ថែមទណ្ឌកម្មថ្មីមួយទៀតទៅលើការធ្វើជំនួញ មាសដែលហាមការនាំចូលពីវេណេហ្សូអេឡា៕