en     km
en     km

បទវិភាគ៖ ៧ មករា ជាកំណើតទី ២ របស់ប្រជាជននិងប្រាក់រៀលខ្មែរ

Share

ភ្នំពេញ៖ បើទោះបីមានការលាបពណ៌ថ្ងៃ ៧ មករា ថាជាការឈ្លានពានរបស់វៀតណាមមកលើកម្ពុជាយ៉ាងណាក៏ដោយ តែសច្ចធម៌ប្រវត្តិសាស្រ្តមួយនេះមិនអាចបំភ្លៃបានទេ ការពាលីជីវិតរបស់កងទ័ពរណស្សិរំដោះជាតិ និងទ័ពវៀតណាម ដែលមករំដោះជីវិតប្រជាជនកម្ពុជាពីរបបវាលពិឃាតខ្មែរក្រហម។ ៧ មករា មិនត្រឹមតែកំណើតទី២ របស់ប្រជាពលរដ្ឋនោះទេ តែ ៧ មករា​ ក៏ជាជីវិតថ្មីរបស់ប្រាក់រៀលខ្មែរផងដែរ។ តើការចរាចរណ៍ប្រាក់រៀលក្រោយថ្ងៃរំដោះ​មានអត្ថន័យ និងត​ម្លៃយ៉ាងណាសម្រាប់សេដ្ឋកិច្ច និងប្រជាជនខ្មែរ?

តទៅនេះសូមស្តាប់បទវិភាគដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ៖

 

៧ មករា ឆ្នាំ១៩៧៩ , ៧ មករា ឆ្នាំ២០១៩ ឆ្នាំនេះជាខួបលើកទី ៤០ នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល​ ពត របបដែលប្រើកម្មវិធីនយោបាយបន្សុទ្ធមនុស្សតាមរយៈការកាប់សម្លាប់ពលរដ្ឋស្លូតត្រង់ យកតែជនណាដែលដើរតាមមាគ៌ាបក្សរបស់ខ្លួន។

របបនេះបានបដិសេធចោលការចរាចរណ៍សាច់ប្រាក់ ក្រោយវាយចូលដណ្តើមបានទីក្រុងភ្នំពេញនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ពីរបបរបស់សេនាប្រមុខ លន់ នល់។ ខ្មែរក្រហមបានបំផ្លាញ់ធនាគារជាតិនៃកម្ពុជា ហាមប្រាមរាល់ទម្រង់នៃការដោះដូរ ជម្លៀសប្រជាជនពីទីក្រុង និងបោះបង់រូបិយប័ណ្ណ។

                                                                          ​​ធនាគារជាតិត្រូវបានពួកខ្មែរក្រហមបំផ្លាញ់ចោល។

 

ជាការពិត ការបោះ​បង់រូបិយប័ណ្ណពីសំណាក់ខ្មែរក្រហម ជាការសម្រេចចិត្តដ៏ចម្លែកខុសពីទម្រង់នៃការដឹកនាំនានាលើសកលលោក។ ការបំបិទការចរាចរណ៍សាច់ប្រាក់ ជាបដិវត្តន៍មួយដែលមេដឹកនាំលើលោកកម្រនឹងធ្វើណាស់ ទង្វើរបស់ថ្នាក់ដឹកនាំខ្មែរក្រហមអាចនិយាយបានថា ជាទង្វើមួយដ៏ឆ្គួតលីលា។ វាប្រៀបបានដូចជាការវាយបំបែកឧបករណ៍វាស់សីតុណ្ហភាព នៅពេលចង់ជៀសវាងជំងឺគ្រុនក្តៅអីចឹង។

ការបំបាត់ការដោះដូរ គឺជាការគៀបសង្កត់សេរីភាពរបស់មនុស្សជាតិ និងគៀបសង្កត់រាល់ទំនាក់ទំនងសង្គមដែលស្ថិតក្រៅការគ្រប់គ្រងរបស់រដ្ឋ។ ការលុបបំបាត់រូបិយប័ណ្ណ បានបំផ្លាញ់រាល់ការកំណត់តម្លៃ គ្មានរបស់មានតម្លៃ ទ្រព្យសម្បត្តិ ការងារ ឬឋានៈមនុស្ស។

ហេតុការណ៍នេះ នាំមកនូវភាពបរាជ័យនៃប្រព័ន្ធទាំងមូល ដោយដកហូតនូវមធ្យោបាយសមហេតុផលទាំងឡាយ ដូចជាការលុបបំបាត់កម្មសិទ្ធិឯកជន ដើម្បីកំណត់តម្លៃ និងជម្រើសសេដ្ឋកិច្ចផ្សេងៗ។ របបកម្ពុជាប្រជាធិបតេយ្យ ដែលមិនតម្រូវឱ្យមានការទូទាត់សាច់ប្រាក់ ធ្វើឱ្យសេដ្ឋកិច្ចគ្របណ្តប់ដោយប្រព័ន្ធនៃការដោះដូរដ៏ហួសសម័យ។ ប្រព័ន្ធដឹកនាំដែលច្របាច់បញ្ចូលគ្នាបែបកំមុយនីស្តម៉ៅជ្រុលនិយមនេះ ជាប្រព័ន្ធមួយដែលគ្មានប្រសិទ្ធិភាព មិនអាចបង្កើតអ្វីក្រៅពីភាពក្រីក្រ និងទុរភិក្សនោះទេ។

ជាក់ស្តែងប្រជាពលរដ្ឋដែលរស់ក្រោមរបបនេះ គ្មានឡើយកម្មសិទ្ធិឯងជនផ្ទាល់ខ្លួន។ អ្វីៗគ្រប់យ៉ាងគឺជាកម្មសិទ្ធិរបស់អង្គការ។ អ្នកដែលប្រព្រឹត្តិខុសគោលការណ៍របស់អង្គការ នឹងត្រូវយកទៅកសាងឬសម្លាប់ចោល។ ប្រជាជនដែលរស់ក្រោមរបបកម្ពុជាប្រជាធិបតេយ្យរយៈពេល ៥ ឆ្នាំបានស្គាល់នូវភាពអត់ឃ្លាន និងការព្រាត់ប្រាសក្រុមគ្រួសារ។ ប្រជាជនប្រមាណ ៣លាននាក់ត្រូវបានសម្លាប់ដោយរបបនេះយល់ថា បានក្បត់ប្រព័ន្ធនៃការដឹកនាំ។

 

ប្រជាជនកម្ពុជាត្រូវបានរបបខ្មែរក្រហមផ្តាច់ខ្លួនពីរបបមួយដែលត្រូវបានគេទទួលស្គាល់ពីមុន។ ហើយនៅចុងឆ្នាំ ១៩៧៨ ប្រជាជនមិនការពាររបបកាប់សម្លាប់នេះទេ ក្នុងពេលដែលទាហានវៀតណាមអបដោយកងទ័ពរណស្សរំដោះជាតិ បានមកជួយប្រជាជនពីរណ្តៅមរណៈនេះ។

ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នឹមនៃរបបខ្មែរក្រហមបានដួលរលំ។ ថ្ងៃទី ៧ មករា មិនត្រឹមតែជាកំណើតទី២នៃការរស់រានមានជីវិតរួចផុតពីការកាប់សម្លាប់នោះទេ តែ ៧ មករា ក៏ជាកំណើតទីនៃរូបិយប័ណ្ណផងដែរ។

របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលដឹកនាំដោយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេច ហ៊ុន សែន បានបោះ ពុម្ភក្រដាសប្រាក់ឡើងវិញដើម្បីជាមធ្យោបាយក្នុងការដោះដូរនិងទូទាត់ទំនិញ។ ក្រដាសប្រាក់ដំបូងក្នុងរបបនេះ បានបង្ហាញពីរូបភាពដែលមានលក្ខណៈសន្តិភាព របបជីវភាពស្រុកស្រែ និងភាពសង្ស័ម។

ដើម្បីចាប់ផ្តើមប្រើប្រាស់ប្រាក់រៀលឡើងវិញ បន្ទាប់ពីអវត្តមានអស់រយៈពេល ៥ឆ្នាំ ក្រដាសប្រាក់បានស្តែងចេញនូវរូបទស្សភាព វិមានឯករាជ្យដែលជាស្នាដៃរបស់ស្ថាបត្យករដ៏ល្បីល្បាញរបស់លោក វណ្ណ ម៉ូលីវណ្ណ។ ក្រដាសនៅគ្រានោះ​ បានបង្ហាញឡើងនូវនិមិត្តសញ្ញាដែលត្រូវបានគេប្រើប្រាស់ភាគច្រើន និយាយទាក់ទងទៅនឹងតម្រូវការ និងការស្តាប្រទេសជាតិឡើងវិញ។

ពិភពនៃឧស្សានីយកម្មនៃការរីកចម្រើនផ្នែកសង្គម និងសម្ភារៈ ជាកន្លែងត្រូវសាងអនាគតតាមរយៈកម្លាំងសាមគ្គី ដើម្បីកសាងសង្គមនិយម។ បរុស ស្រ្តី កម្មករ កសិករ ទាហាន មន្រ្តីរាជការ ក៏ត្រូវបានរំលេចលើក្រដាសប្រាក់រៀលនោះផងដែរ។

បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១មក គឺជាលើកដំបូងដែលរូបសំណាក់របស់ព្រះមហាក្សត្របានបោះពុម្ភលើក្រដាសប្រាក់។ រូបអតីតអង្គព្រះមហាក្សត្រសម្តេចឳ បានកាត់បន្ថយភាពមិនច្បាស់លាស់នៃអំណាច និងពង្រឹងកេរ្តិ៍ឈ្មោះរបស់ព្រះអង្គ។

                                                                                            ​​ធនាគារជាតិនាពេលបច្ចុប្បន្ន។

 

បច្ចុប្បន្នរូបព្រះមហាក្សត្រ សម្តេចព្រះបរមនាថ សីហមុនី ព្រះរាជបុត្រារបស់ព្រះអង្គ ត្រូវបានបោះពុម្ភនៅប្រទេសកម្ពុជាដោយព្រះកាយសង្ហារ។ ប្រភេទក្រដាសប្រាក់ចុងក្រោយក៏មានលាយចូលគ្នានូវទំនើបកម្ម និងវប្បធម៌របស់ខ្មែរ។ ប្រាង្គប្រាសាទអង្គរភ្ជាប់ជាមួយកំពង់ផែព្រះសីហនុ បង្គប់អត្ថន័យការបើកចំហរសេដ្ឋកិច្ច និងការដោះដូរ។ វិមានឯករាជ្យ និងសាលារៀនបង្ហាញពីការរស់ឡើងវិញរបស់ប្រទេស និងនិន្នាការសង្គមដែលមានលក្ខណសប្បុរសច្រើនជាងមុន។ ក្រដាសប្រាក់ដែលត្រូវបានបោះពុម្ភចុងក្រោយបានរំលឹកដឹងគុណដល់សម្តេចឳ ដោយបង្ហាញពីឥទ្ធិពលដ៏សំខាន់ដែលព្រះអង្គមានក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស ឬបង្ហាញចេញនូវរាជានុសិទ្ធិនាពេលបច្ចុប្បន្ននេះ។ ចំណែករូបព្រះបាទសីហមុនី គឺជានិមិត្តរូបកម្ពស់នៃអធិបតេយ្យជាតិ។

កម្ពុជាបានហែរឆ្លងការរបបជាច្រើន ហើយរូបិយប័ណ្ណក៏ត្រូវបានប្តូរផ្លាស់តាមរបបដឹកនាំនិមួយៗផងដែរ។ យ៉ាងណាក្រោយរំដោះ ៧ មករា រូបិយប័ណ្ណកម្ពុជាហាក់មានស្ថេរភាពរឹងមាំច្រើន ជាមួយកំណើនផ្នែកសេដ្ឋកិច្ច ៧ ភាគរយនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះប្រជាជនកម្ពុជាគប្បីគ្រាំទ្ររូបិយប័ណ្ណខ្លួនឯងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ រាប់ចាប់តាំងពីហាងទំនិញ ភោ ជនីយដ្ឋាន សណ្ឋាគារ រមនីយដ្ឋាន និងកន្លែងកំសាន្តនានា រហូតដល់ការដោះដូរទំនិញខ្នាតធំ ប្រជាជន ម្ចាស់អាជីវកម្ម និងពាណិជ្ជករ គម្បីកំណត់និងទូទាត់ប្រាក់រៀលខ្មែរឱ្យបាន ជាជាងនិយមតែដុល្លារូបនីយកម្មនោះ៕

Share

Image
Image
Image