ក្នុងឱកាសប្រារព្ធខួប ៤០ឆ្នាំនៅឆ្នាំ ២០១៩ ដែលជាជ័យជម្នះលើរបប កម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម គេសង្កេតឃើញ មេដឹក នាំវៀតណាម ក៏បានរៀបចំពិធីនេះ នៅក្នុងប្រទេសរបស់ពួកគេ ដោយចាត់ទុកថាជាជ័យជម្នះមួយ ដែលកងទ័ពវៀតណាមបានពលីជីវិតដើម្បីការពារប្រទេសហើយជួយ រំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ទៀតផង។
ឧត្តមសេនីយ៍វៀតណាមម្នាក់គឺអតីតរដ្ឋមន្ត្រីការពារជាតិ លោក Phạm Văn Trà ដែលបានអនុញ្ញតពីបក្សលើកទ័ពចូលកម្ពុជាបាននិយាយថា ដើមដំបូងគឺជាការវាយបកលើទ័ពខ្មែរក្រហម តែក្រោយមកគឺជាការវាយលុកតែម្ដងក្រោមកិច្ចសហការជាមួយក្រុមចលនារណសិរ្យកម្ពុជា។ លោកថានេះជា«សង្រ្គាមនៃយុត្តិធម៌»។ តែអ្នកវិភាគថាមានរូបភាពពីរ គឺឈ្លានពាននិងរូបភាព ជួយរំដោះពលរដ្ឋកម្ពុជាពីរបបអាវខ្មៅនេះ។
កញ្ញា ឆោម ពៅនិកា រាយការណ៍៖
ក្នុងបទសម្ភាសជាមួយ សារព័ត៌មាន វៀតណាម Vietnam News Agency អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម លោកPhạm Văn Trà ដែលអះអាងថាលោកជាអ្នកដឹកនាំទ័ពវៀតណាម មួយកងពលធំ ចូលទឹកដីកម្ពុជាគឺដើម្បីបញ្ចប់របបដ៏ឃោរឃៅនេះ។ ដែលលោកថា ជាយុត្តិធម៌មួយ របស់វៀតណាម បានឈ្នះលើរបបនេះ។តែលោកអះអាងថា ដើមឡើយ កងទ័ពខ្មែរក្រហមទេដែលបានឈ្លានពាន ទឹកដីវៀតណាម គឺនៅឆ្នាំ១៩៧៧ ដែលកាលនោះកងទ័ពរបស់ប៉ុលពតបានវាយចូលទឹកដីវៀតណាម នៅខេត្ត គៀនយ៉ាង និងខេត្តអាងយ៉ាង រហូតដល់១៥គីឡូម៉ែត្រ។ លោក អោយដឹងថា កងពលដែលចូលទឹកដីវៀតណាម គឺបានដុតភូមិនិងសម្លាប់រង្គាលលើពលរដ្ឋវៀតណាម។ លោកថា ចាប់ពីប៉ុលពត ឈ្នះសង្រ្គាមលើរបបលន់នល់នៅ ឆ្នាំ១៩៧៥គឺទ័ពខ្មែរក្រហម ចាប់ផ្ដើមបង្កើតភ្លើងសង្រ្គាមលើវៀតណាមទៅហើយគឺរហូតមានការប្រយុទ្ធគ្នាទ្រង់ទ្រាយធំតែម្ដង គឺនៅថ្ងៃទី៣០មេសា១៩៧៧។ លោក បព្ជាក់ទៀតថា ដោយសារដូចនេះ វៀតណាមបានលើកទ័ពចូលទៅរំដោះកោះមួយចំនួន ដែលទ័ពខ្មែរ ក្រហមបានវាយកាន់កាប់ គឺមានកោះ Phú Quốc ដែលខ្មែរហៅថា កោះត្រល់ជាដើម។លោកថានេះជាការវាយបកមួយរបស់កងទ័ពវៀតណាមដើម្បីការពារទឹកដី។ លោកថានៅពេលមានចលនារណសិរ្យប្រឆាំងរបបខ្មែរក្រហមទើប វៀតណាមមានការសម្រេចចិត្ត ចូលជួយរំដោះប្រជាជនខ្មែរចេញពីរបប ប៉ុលពតតែម្ដងហើយ ពេលនោះពលរដ្ឋខ្មែរដែលរងគ្រោះពីរបបខ្មែរក្រហមក៏បានស្វាគមន៍កងទ័ពវៀតណាម ជួយសង្រ្គោះជីវិតពួកគេដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា មានប្រសាសន៍ក្នុងបទសម្ភាសជាមួយវិទ្យុស្រី្តថា ដោយសារតែពួកខ្មែរឈ្លានពានគេ ទើបមានការវាយបក ហើយ ការដែលកងទ័ពវៀតណាមចូលមកកម្ពុជាគឺជាតាមការស្នើសុំពីកងទ័ពរណសិរ្យ ពីរធ្នូ។
តែយ៉ាងណា ក្រុមគណបក្សប្រឆាំង និងអតីតចលនាត្រីភាគី ដែលតស៊ូតាមព្រំដែនថៃមិនបានចាត់ទុកជាចេតនា ពិតៗរបស់ វៀតណាមជួយរំដោះប្រទេសពីប៉ុលពតនោះទេ ។ ពួកគេថា ជាការឈ្លានពានទៅវិញ។
លោក នួន ជា អតីតអនុលេខាបក្ស ខ្មែរក្រហម ដែលត្រូវបាន សាលាក្ដីកាត់ទោសអស់មួយជីវិត ក្នុងឋានៈជាអ្នកទទួលខុសត្រូវនៃរបបកម្ពុជាប្រជាធិបតេយ្យ បានថ្លែងក្នុងសវនាការថា ជម្លោះកើតចេញពីបក្សកុម្មុយនិស្តទាំងពីររបស់ប៉ុលពតនិង វៀត ណាម ។ លោកថា វៀតណាម ចង់ឱ្យបក្សខ្មែរក្រហម ជាបក្សរណប បក្សកុម្មុយនិស្តវៀតណាម ដែលប៉ុលពតមិនព្រមធ្វើមានជម្លោះនឹងគ្នាកើតឡើង។
ដោយឡែកលោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ មើលឃើញរូបភាពពីរ ដែលធ្វើមានថ្ងៃ៧មករា ១៩៧៩គឺរូបរំដោះ និងឈ្លានពាន។ លោកថា វៀតណាម មិនព្រម ប្រគល់អធិបតេយ្យភាពទៅអោយអង្គការសហប្រជាជាតិ គឺរហូតមានការគាបសង្កត់ជាខ្លាំងទើបវៀតណាម ដកទ័ពចេញពីកម្ពុជា។
តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានហៅការវិភាគរបស់អ្នកវិភាគថាមិនត្រឹមត្រូវ។ លោកថា តាមច្បាប់អង្គការសហប្រជាជាតិ គឺវៀតណាមអាចមានលទ្ធភាព ជួយរំដោះប្រទេសជិតខាងដែលកំពុងគ្រោះថ្នាក់។
តែអ្នកវិភាគម្នាក់ទៀតគឺលោកឯមសុវណ្ណារ៉ាថា វៀតណាមបានរំដោះកម្ពុជា ពីប៉ុលពតមែន តែវៀតណាមក៏បានយកទ្រព្យសម្បត្តិពីកម្ពុជាខ្លះដែរ។ បើនិយាយពីគុណវិញ កម្ពុជា ក៏មានគុណលើវៀតណាមដែរ ដែលអោយដីកងទ័ពវៀតណាមខាងជើងប្រើប្រាស់ក្នុងសង្រ្គាមវៀតណាមដែរគឺរហូតវៀតណាមឈ្នះសង្រ្គាមលើអាមេរិក៕