ភ្នំពេញ៖ ទឹកប្រាក់ប្រមាណ ២៦ពាន់លានរៀល ស្មើប្រមាណ ៦,៥លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលតាមរយៈបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) ចំណាយលើការឧបត្ថម្ភចំពោះកម្មករនិយោជិតជាស្ត្រីសម្រាលកូនចំនួន ៦៥ ០៥៤ នាក់ក្នុង ឆ្នាំ ២០១៨នេះ។
អត្ថបទដោយ៖ កែវ សុខា និងរាយការណ៍ដោយ៖ កញ្ញា ហេង នីទី
ពេញមួយឆ្នាំ ២០១៨ បេឡាជាតិរបបសន្តិសុខសង្គមឬ ប.ស.ស ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចំណាយប្រាក់ប្រមាណ ២៦ពាន់លានរៀល ស្មើប្រមាណ ៦,៥លានដុល្លារ ជាការចំណាយផ្តល់ជូនស្រ្តីជាកម្មការិនីដែលបានឆ្លងទន្លេចំនួន ៦ម៉ឺន ៥ពាន់នាក់។
នេះបើតាមឱ្យលើកឡើងរបស់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម ថ្លែងបញ្ជាក់ក្នុងពិធីប្រគល់និងទទួលប័ណ្ណសមាជិក ប.ស.ស ចំនួន ២០៨៩ ប័ណ្ណ ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងយុត្តិធម៌ កាលពីថ្ងៃទី០២ ខែមករា ម្សិលមិញ។
លោកបន្ថែមថា ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត ឱ្យទទួលបន្ទុកលើការងារចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល។ លោកបន្តថា បច្ចុប្បន្ននេះ ប.ស.ស បានចុះបញ្ជីសហគ្រាសចំនួន ២៣ ១៨៣ សហគ្រាស និងកម្មករនិយោជិតសរុបចំនួន ១៣ម៉ឺននាក់។
បច្ចុប្បន្ន ប.ស.ស បានផ្តល់ការទទួលខុសត្រូវផ្នែកហានិភ័យការងារដល់ជនរងគ្រោះជាកម្មករនិយោជិតចំនួនជាង ២០ម៉ឺននាក់ ក្នុងចំណោមកម្មករនិយោជិតជាសមាជិកចំនួន ១,៦លាននាក់ នៃសហគ្រាសចំនួន ១២ ៦៨៨ សហគ្រាស។ ដោយឡែកសម្រាប់ផ្នែកថែទាំសុខភាព ប.ស.ស បានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជិត ២ លានដង ដល់កម្មករនិយោជិតប្រមាណជាង ១,៦ លាននាក់ នៃសហគ្រាសចំនួនជាង ១០ ១៥២ ។
តាមទិន្នន័យរបស់ បេឡាជាតិរបបសន្តិសុខសង្គមស្តីពីចំនួនកម្មការិនីសម្រាលកូនឆ្នាំ ២០១៨ បង្ហាញថា ចំនួនកម្មការិនីសម្រាលកូនមានចំនួន ៦៥ ០៥៤ នាក់ សម្រាលកូនបានចំនួន ៦៥ ៥៣៤នាក់ ក្នុងនោះសម្រាលបានកូនភ្លោះពីរចំនួន ៤៧០ នាក់ និងកូនភ្លោះបីចំនួន ៥នាក់។
ចាប់តាំងពីថ្ងៃទី២០ សីហា ២០១៧ រហូតមកដល់ថ្ងៃទី ២៦ ធ្នូ ២០១៨ ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួន ៦១លើក និងមានកម្មករនិយោជិតចូលរួមសរុបប្រមាណ ៨៧ម៉ឺននាក់។
ក្នុងយុទ្ធនាការចុះជួបកម្មករនោះ នាយករដ្ឋមន្រ្តីបានប្រកាសផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់កម្មករ កម្មការិនី និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់។
សម្រាប់កម្មការិនី និងមន្រ្តីរាជការដែលជាសមាជិក ប.ស.ស ពេលមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៏ដូចជា ទទួលសេវាពិនិត្យសុខភាពមុន និងក្រោយពេលសម្រាល នៅតាមមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស ដោយឥតគិតថ្លៃ។ ទទួលបានការសម្រាលកូននៅតាមមន្ទីរដែលជាដៃគូរបស់ ប.ស.ស ដោយឥតគិតថ្លៃ។
បន្ទាប់ពីសម្រាលរួមកម្មការិនីនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ក្នុងនោះសម្រាលបានកូនមួយនឹងទទួលបានថវិកាចំនួន ៤សែនរៀល។ សម្រាលបានកូនភ្លោះ(ពីរនាក់) ទទួលបានថវិកាចំនួន ៨សែនរៀល។សម្រាលបានកូនភ្លោះ (បីនាក់) ទទួលបានថវិកាចំនួន ១លាន ២សែនរៀល និងប្រាក់ឧបត្ថម្ភពិសេសបន្ថែមចំនួន ៥លានរៀល។
អ្វីដែលពិសេសជាងនេះ សម្រាប់កម្មការិនី ដែលបម្រើការនៅតាមសហគ្រាសនានា ដែលបានប្រកាសបង់ភាគទានមកកាន់ ប.ស.ស បានយ៉ាងតិច៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ត្រឹមថ្ងៃសម្រាលកូន នឹងទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៩០ថ្ងៃ រួមជាមួយប្រាក់ឈ្នួលប្រចាំខែ៧០% បន្ថែមទៀតពី បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)៕