en     km
en     km

ជំរឿនសត្វក្រៀល៖ រកឃើញសត្វក្រៀលជាង ១០០ក្បាលនៅតំបន់ការពារបឹងព្រែកល្ពៅ និង អន្លង់ព្រីង

Share

តាមរយៈជំរឿនសត្វក្រៀលរបស់ BirdLife WWT NatureLife សហការជាមួយក្រសួងបរិស្ថានរកឃើញថា សត្វក្រៀលកំពុងមានវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនិងអន្លង់ព្រីងជាង១០០ក្បាល។ ចំណែកអង្គការ BirdLife Cambodia វិញរកឃើញសត្វស្លាបជិតផុតពូជជាង២៧សម្បុកកំពុងមានវត្តមាននៅតំបន់ដែនជម្រុកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាងលិច។

 

                                                                  ​​សត្វក្រៀលដែលថតបានដោយក្រុមអ្នកអភិរក្ស

 

យ៉ាងតិចណាស់សត្វក្រៀលជាង ១០០ក្បាល​បានរកឃើញនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនិងអន្លង់ព្រីង។ នេះជាការរកឃើញតាមរយៈការធ្វើជំរឿនសត្វក្រៀលលើកទី១ សម្រាប់ឆ្នាំ២០១៨ និង២០១៩ របស់ក្រុមការងារតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង ស្ថិតនៅក្នុងខេត្តតាកែវ ជា​ប់ព្រំប្រទល់ប្រទេសវៀតណាម។

ការធ្វើជំរឿនសត្វក្រៀលនេះ ធ្វើឡើងជារាល់រដូវកាលចាប់ពីខែធ្នូ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ ដោយកំណត់យកពីរថ្ងៃចុងក្រោយនៃខែនិមួយៗ។

ការធ្វើជំរឿននេះ ធ្វើឡើងក្នុងគម្រោងអភិរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅនិង​អន្លង់ព្រីង សហការអនុវត្តដោយអង្គការ ​BirdLife WWT NatureLife និងក្រសួងបរិស្ថាន។

ក្រៅពីជំរឿនលើសត្វក្រៀលនេះ អង្គការ BirdLife Cambodiaក៏បានធ្វើអង្កេតតាមដានសត្វស្លាបជិតផុតពូជផងដែរ ដោយរកឃើញសត្វស្លាប់ជិតផុតពូជ ២៧សម្បុកមានវត្តមាននៅតំបន់ដែនជម្រុកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាងលិច។

តាមលទ្ធផលនៃការអង្កេតតាមដាននិងការពារសំបុកពងកូនសត្វស្លាបជិតផុតពូជឆ្នាំ២០១៨ បង្ហាញថា ឆ្នំានេះក្រុមសិក្សាស្រាវជ្រាវជីវះចម្រុះនៅដែនជម្រកសត្វព្រៃសៀមប៉ាងនិងសៀមប៉ាងខាងលិច បានស្រាវជ្រាវនិងតាមដានយ៉ាងសកម្មលើសត្វស្លាបជិតផុតពូជ ៥ប្រភេទ។ ជាលទ្ធផល យើងរកឃើញសំបុកត្រយ៉ងយក្សចំនួន ១៦ ក្នុងនោះ ១២សំបុកញាស់បានកូន ១៧ក្បាល។ ចំណែកសំបុកសត្វត្មាតរកឃើញចំនួន ១១សំបុក ៩សំបុកជាត្មាតត្នោត និង២សំបុកត្មាតភ្លើង។

លើសពីនេះទៀត នៅថ្ងៃទី ១៥ ខែតុលា ឆ្នំាំ២០១៨ កន្លងទៅ ក្រុមសិក្សាស្រាវជ្រាវជីវះចម្រុះប្រចាំនៅដែនជម្រកសត្វព្រៃសៀមប៉ាងនិងសៀមប៉ាងខាងលិចបានធ្វើជំរឿនសត្វត្រយ៉ងចង្កំ​កសសរុបចំនួន ៣២០ក្បាលផងដែរ។

សូមជំរាបជូនថា ដែនជម្រកសត្វព្រៃសៀមប៉ាងនិងសៀមប៉ាងខាងលិច ជាដែនជម្រកសត្វព្រៃចំនួនពីរក្នុងចំណោម​ដែនជម្រកទាំងអស់នៅប្រទេសកម្ពុជាដែលបានបង្កើតឡើងតាមអនុក្រឹត្យ ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៦។ តំបន់​ព្រៃ​ឈើភាគខាងលិចសៀមប៉ាង ជាតំបន់ព្រៃឈើ​ដែលមានសារះ​សំខាន់មួយដែលនៅសេសសល់ក្នុងពិភពលោកសម្រាប់ធ្វើការអភិរក្សជីវចម្រុះ និងជាតំបន់មានសក្កានុពលសម្រាប់ការរស់​នៅរបស់សត្វព្រៃគ្រប់ប្រភេទ ជាពិសេសក្រុមប្រភេទសត្វព្រៃជិតផុតពូជ រួមមានត្រយ៉ងចង្កំកស ត្រយ៉ងយក្ស ត្មាតភ្លើង ត្មាតត្នោត ត្មាតផេះ និងប្រភេទសត្វស្លាប់ទទួលរងការគំរាម​គំហែង​មាន​ដូចជា ប្រភេទសត្វរមាំង និងសត្វខ្ទីងជាដើម។

សូមបញ្ជាក់ថា ​បច្ចុប្បន្ន​សត្វ​ត្រយង​ចង្កំកស​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​នៅ​សេសសល់​ប្រមាណ​ត្រឹម​តែ​ជាង ១០០០ ​ក្បាល​ប៉ុណ្ណោះ​នៅ​ទូទាំង​ពិភពលោក​។ ក្នុង​នោះ​ប្រទេស​កម្ពុជា ​ត្រូវ​បាន​គេ​អះអាង​ថា​មាន​នៅ​សេសសល់​សត្វ​ត្រយង​ចង្កំកស​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ខណៈ​ប្រទេស​ជិតខាង​ដូចជា​ថៃ​ និង​វៀតណាម ​បាន​ផុត​ពូជ​សត្វ​ប្រភេទ​នេះ​ពី​ក្នុង​ព្រៃ​ធម្មជាតិ​របស់​ខ្លួន​អស់​ទៅ​ហើយ​។ ចំណែក​ប្រទេស​ឡាវ​ត្រូវ​បាន​គេ​អះអាង​ថា ​នៅ​មាន​ចំនួន​តិចតួច​បំផុត​៕

Share

ព័ត៌មានទាក់ទង

Image