en     km
en     km

វៀតណាមរំលឹកខួប៤០ឆ្នាំនៃជ័យជម្នះរបស់ខ្លួនលើរបបខ្មែរក្រហម

Share

ខេត្តអានយ៉ាង៖ វៀតណាម ជាប្រទេសមួយជាប់នឹងកម្ពុជា ដែលបាននាំទ័ពរបស់ខ្លួនជាច្រើនម៉ឺននាក់ មកវាយរំលំរបបខ្មែរ ក្រហម ប្រទេសនេះ បាន ប្រារព្ធខួប៤០ឆ្នាំ នៃជ័យជម្នះរបស់ខ្លួនលើរបបអាវខ្មៅនេះ។ ការប្រារព្ធនេះធ្វើឡើងនៅ ខេត្តអាងយ៉ាង កាលពីថ្ងៃទី២៨ធ្នូ ឆ្នាំ២០១៨។

កញ្ញា ឆោម ពៅនិកាជូនសេចក្ដីរាយការណ៍៖

 

សារព័ត៌មានវៀតណាម Vietnam news បានចុះផ្សាយកាលពីថ្ងៃទី២៩ធ្នូថា រដ្ឋាភិបាល​និង កងទ័ពវៀតណាម បានធ្វើពិធីរំលឹកខួប៤០ឆ្នាំ ជ័យជំនះរបស់កងទ័ពវៀតណាម ទៅលើរបបខ្មែរក្រហម។

ថ្លែងនៅឯសនិ្នសីទសារព័ត៌មាន ដើម្បីរំលឹកខួប៤០ឆ្នាំនៃជ័យជំនះទៅលើរបបខ្មែរក្រហមគឺរដ្ឋាភិបាលនិង កងទ័ពវៀតណាមបានធ្វើពិធីនេះនៅឯខេត្តអានយ៉ាង នៃប្រទេសវៀតណាម ក្នុងនោះ នាយឧត្តមសេនីយ៍និង ជាអនុរដ្ឋមន្រ្ដីក្រសួងការពារជាតិវៀតណាម លោកឡឹជេម បាននិយាយថា វៀតណាម បានបើកការវាយប្រហារទៅលើរបបខ្មែរក្រហម គឺធ្វើឡើង ដើម្បីគាំទ្រ បំណងរបស់ កងទ័ពបដិវត្តន៍និងប្រជាជនកម្ពុជារំដោះប្រទេសចេញពីរបបខ្មែរក្រហម។លោកអនុរដ្ឋមន្រ្ដីការពារជាតិ បានបញ្ជាក់ទៀតថា នៅពេលដែលកងទ័ពរបស់ប៉ុលពតបានដឹកនាំវាយឆ្មក់ព្រំដែនចូលទឹកដីវៀតណាមគឺក្រុមនេះបានសម្លាប់រង្គាលទៅលើជនស៊ីវិល និង ដុតបំផ្លា្ញញលំនៅឋានរបស់ប្រជាជនវៀតណាមដោយហេតុនេះ ធ្វើឱ្យរដ្ឋាភិបាលនិង បក្សកុម្មុយនីស្ដវៀតណាមត្រូវសម្រេចបង្ខំចិត្ត ធ្វើការឆ្លើយតប ដោយវាយប្រហារវិញ នៅចុងខែធ្នូឆ្នាំ១៩៧៨ដើម្បីបណ្ដេញប៉ុលពត។

លោកឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា ការប្រារព្ធពិធីនេះ គឺជាព្រឹត្តិការណ៍ដ៏ល្អមួយដើម្បីរំលឹក ដល់មនុស្សជំនាន់ក្រោយឱ្យដឹងពីចលនារបស់កងទ័ព អំឡុងសង្គ្រាមប្រឆាំងរបបខ្មែរក្រហម ហើយព្រឹត្តិការណ៍នេះក៏អប់រំក្មេងជំនាន់ក្រោយឱ្យយល់ពីតម្លៃជាតិ និង សន្ដិភាពផងដែរ។

កាលពីខែ៧មករា១៩៧៩រណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រពីប្រជាជន និង ពីកងទ័ពស្ម័គ្រចិត្តវៀតណាមបានផ្ដួលរំលំរបបប្រល័យពូជសាសន៍នេះដោយនាំមកនូវ អនាគតរុងរឿងទៅឱ្យប្រទេសកម្ពុជា។ នេះជាអត្ថាធិប្បាយសារព័ត៌មានវៀតណាម Vietnam news.។ ដោយឡែកនាយឧត្តមសេនីយ៍ម្នាក់ទៀត គឺលោក ង្វៀង ជុងង៉ាដែលជាសមាជិកគណៈកម្មាការកងទ័ពវៀតណាមបាននិយាយថា ជ័យជំនះលើរបបខ្មែរក្រហមនោះគឺមានន័យយ៉ាងជ្រាលជ្រៅដែលវៀតណាមមិនត្រឹមតែជួយការពារអធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះទេ គឺបានជួយសង្គ្រោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ទៀតផង។

តាមគេហទំព័រ Wikipedia  វៀតណាមបានបញ្ចូនទ័ពចូលកម្ពុជាប្រមាណជាង១០ម៉ឺននាក់ ដើម្បី បញ្ចប់របបរបស់ប៉ុលពត.។ចំណែកឯ កងទ័ពកម្ពុជាដែលគាំទ្រដោយវៀតណាម ដឹកនាំដោយអតីតនាយករដ្ឋមន្រ្ដីប៉ែនសុវណ្ណ សម្ដេចហ៊ុនសែន សម្ដេចជាស៊ីម និង សម្ដេចហេងសំរិន។

របបកម្ពជាប្រជាធិបតេយ្យខ្មែរក្រហម ដែលគ្រប់គ្រងអំណាចដោយ បក្សកុម្មុយនីស្ដខ្មែរក្រហមអនុវត្តលទ្ធិម៉ៅសេទុង បានបណ្ដាលឱ្យពលរដ្ឋកម្ពុជាជិតពីរលាននាក់បានស្លាប់ គឺស្លាប់ដោយការធ្វើទារុណកម្ម ការធ្វើពលកម្មបាក់កម្លាំង ការបង្អត់អាហារ ការស្លាប់ដោយគ្មានថ្នាំព្យាបាល។

តែយ៉ាងណាក៏ដោយ ចលនាត្រីភាគី ដែលដឹកនាំដោយសម្ដេចឪនរោត្តមសីហនុ បានហៅ ចលនារបស់កងទ័ពវៀតណាមចូលកម្ពុជាគឺជាការឈ្លានពានកម្ពុជា។

លោកបណ្ឌិតឡោ ម៉ុងហៃ អ្នកវិភាគឯករាជ្យម្នាក់អំពីគោលនយោបាយកម្ពុជាបានពន្យល់ក្នុងគេហទំព័ររបស់លោកថា អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិគឺប្រទេសមហាអំណាចចិន ជាអ្នកការពារ មិនឱ្យដកហូតអាសនៈនេះបានឡើយ ហើយក្រោយ មក ចិន គាំទ្រឱ្យអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិថា ត្រូវគ្រប់គ្រងដោយ ចលនាត្រីភាគីដឹកនាំដោយសម្ដេចឪនរោត្តមសីហនុ។

ក្រុមចលនាត្រីភាគីនេះ ដែលមាន អតីតរបបខ្មែរក្រហមផងដែរ បានចាប់ផ្ដើមតស៊ូ រួមគ្នា នៅភាគពាយ័ព្យប្រទេសជាប់ព្រំដែនប្រទេសថៃ ប្រឆាំងនឹងវត្តមានរបស់កងទ័ពវៀតណាមនៅកម្ពុជា។

នៅឆ្នាំ១៩៨៩ កងទ័ពវៀតណាមបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសពួកគេវិញ បន្ទាប់ពី បានពង្រឹងសន្ដិសុខ សម្រាប់រដ្ឋាភិបាល នៅភ្នំពេញនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។

កម្ពុជាបានផ្ទុះសង្គ្រាមស៊ីវិលបន្ដទៀត គឺសង្គ្រាមស៊ីវិលដែលរដ្ឋាភិបាលត្រីភាគីដឹកនាំដោយសម្ដេចឪនរោត្តមសីហនុប្រឆាំងនឹងកងទ័ពវៀតណាម ហើយរហូតទាល់តែមានកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស២៣តុលា១៩៩១ ទើបធ្វើឱ្យភាគីខ្មែរគឺភាគីរដ្ឋកម្ពុជាដឹកនាំដោយសម្ដេចហ៊ុនសែន នឹងភាគីរដ្ឋាភិបាលត្រីភាគីដឹកនាំដោយសម្ដេចឪនរោត្តមសីហនុបានទម្លាក់អាវុធ ហើយ​ចាប់ផ្ដើម ទទួលយកកិច្ចព្រមព្រៀងសន្ដិភាពនេះមកអនុវត្តក្នុងន័យបង្រួបបង្រួមជាតិ រហូតមកដល់សព្វថ្ងៃនេះ៕

Share

ព័ត៌មានទាក់ទង

Image