ថ្មីៗនេះទីស្ដីការគណៈរដ្ឋមន្ត្រីបានប្រកាសឲ្យពលរដ្ឋទូទៅដឹង ពីហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយគ្នាចាប់ពីពេលនោះមក លោកនាយករដ្ឋមន្ត្រីក៏បានប្រើប្រាស់ហ្វេសប៊ុកផ្លូវការរបស់លោក បកស្រាយបញ្ហានយោបាយផងដែរ ដោយបានប្រតិកម្មនឹងអ្នករិះគន់លើវិស័យអប់រំនៅកម្ពុជា។ ករណីនេះ អ្នកសារព័ត៌មានជើងចាស់យល់ថា ជាការល្អប្រសើរមួយសម្រាប់សម័យបច្ចេកវិទ្យានេះ។
អ្នកសារព័ត៌មានជើងចាស់កត់សម្គាល់ថា ការដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដើម្បីបកស្រាយបញ្ហានយោបាយ គឺជាដំណើរការវិវឌ្ឍដ៏ប្រសើរមួយសម្រាប់សេរីភាពសារព័ត៌មាននៅកម្ពុជា។
អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា លោកពុយ គា មានប្រសាសន៍ថា ការដែលលោកនាយករដ្ឋមន្ត្រីប្រើប្រាស់បណ្ដាញសង្គមដើម្បីឆ្លើយជាមួយអ្នកសារព័ត៌មាន គឺជាការវិវឌ្ឍល្អមួយ។ លោកថា ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋទូទៅក៏អាចក្លាយជាអ្នកសារព័ត៌មានបានដែរ តាមរយៈការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដើម្បីបង្ហោះព័ត៌មានរបស់ខ្លួន ហើយអ្នកនយោបាយទាញយកព័ត៌មានពីបណ្ដាញសង្គម ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ «នេះក៏ជាគំរូមួយ សម្រាប់ថ្នាក់ដឹកនាំដទៃ ដែលលោកត្រូវចេះប្រើប្រាស់ ដើម្បីងាយស្រួលនៅក្នុងការទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ជាពិសេសគឺអ្នកដឹកនាំហ្នឹងតែម្ដង។ បើសិនជាថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ លោកមិនប្រើប្រព័ន្ធបណ្ដាញសង្គមហ្នឹងទេ ធ្វើឲ្យលោកពិបាកនៅក្នុងការទំនាក់ទំនង ។ ពិបាកហ្នឹងយ៉ាងម៉េច? ដោយសារថា អ្នកសារព័ត៌មានត្រូវការទូរសព្ទ ដើម្បីរកព័ត៌មានធ្វើការបញ្ជាក់ ឬក៏ការបំភ្លឺនានា។ ហេតុដូច្នេះ បើសិនជាលោកចាំតែទទួលទូរសព្ទក្នុងមួយថ្ងៃម្ភៃសាមសិបនាក់ សារព័ត៌មាន អ៊ីចឹងលោកមានការលំបាក ហើយមិនដឹងជាមានពេលវេលាគ្រប់គ្រាន់ឬអត់។ អានេះគឺជាបញ្ហា»។
លោកពុយ គា ក៏បន្ថែមដែរថា ការបកស្រាយបញ្ហានយោបាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ក៏អាចជួយអ្នកនយោបាយកាត់បន្ថយនូវការរំខានពីអ្នកសារព័ត៌មានផងដែរ បើការបកស្រាយនោះមានលក្ខណៈពេញលេញ និងច្បាស់លាស់ ហើយគេមិនត្រូវការសាកសួរព័ត៌មានបន្ថែម។

លោកពុយ គា បន្តថា ការដែលអ្នកនយោបាយ រួមទាំងថ្នាក់ដឹកនាំចេះប្រើប្រាស់បណ្ដាញសង្គម គឺធ្វើឲ្យពួកគាត់ទទួលបានព័ត៌មានចម្រុះ ដើម្បីកែលម្អការដឹកនាំរបស់ខ្លួន ហើយអ្នកនៅថ្នាក់ក្រោមក៏មិនអាចលាក់បាំងព័ត៌មានបានដែរ។
ចំណែកសមាជិកគណៈនាយកក្លឹបអ្នកកាសែតកម្ពុជា លោកឆាយ សុផលវិញមានប្រសាសន៍ថា សេរីភាពនៃការទទួលព័ត៌មាន ជាចរន្តមួយកំពុងកើតមានពេញពិភពលោក មិនមែនមានតែនៅកម្ពុជានោះទេ។ លោកថា មេដឹកនាំនៅលើពិភពលោក មានហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីទទួលបាននូវមតិយោបល់ទាំងអ្នកគាំទ្រ ទាំងអ្នកប្រឆាំង ដើម្បីធ្វើការវិភាគ។ «កន្លងមក ជួនកាលវាអាចមានរបាយការណ៍មួយចំនួនពីមន្ត្រីរបស់គាត់ តាំងពីអាជ្ញាធរ វាអាចមានការបិទបាំង ការលាក់លៀមមួយចំនួន។ ក៏ប៉ុន្តែការបើកចំហទទួលយកគំនិតរបស់ប្រជាពលរដ្ឋ ទាំងអ្នកគាំទ្រ ឬក៏អ្នកមិនគាំទ្រ គឺនោះវាជាចំណុចល្អ សម្រាប់ថ្នាក់ដឹកនាំ ដែលគាត់នឹងបានទទួលនូវរាល់ព័ត៌មានគ្រប់ជំពូក សម្បូរបែប ថាតើព័ត៌មាននោះពិត ឬក៏មិនពិត ។ អ៊ីចឹងខ្ញុំគិតថា នេះគឺជាការជួយជំរុញសេរីភាពព័ត៌មាននៅក្នុងប្រទេស»។
សូមជម្រាបថា ហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានឈ្មោះជាភាសាអង់គ្លេសថា Samdech Hun Sen, Cambodian Prime Minister។ មកដល់បច្ចុប្បន្ននេះ ហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានអ្នកLike ចំនួនជាង ១លាន ៦ម៉ឺននាក់។
ចាប់តាំងពីមានការប្រកាសជាផ្លូវការនូវហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីមក ហ្វេសប៊ុកនោះបានបង្ហោះផ្សាយនូវព័ត៌មានជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍របស់លោកនាយករដ្ឋមន្ត្រី ដូចជាសកម្មភាពរបស់លោកពេលចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិជាដើម ហើយថ្មីៗនេះ លោកបានប្រើប្រាស់ហ្វេសប៊ុកនោះ ដើម្បីឆ្លើយតបនឹងអ្នករិះគន់ពីគុណភាពអប់រំនៅកម្ពុជាផងដែរ៕