en     km
en     km

រដ្ឋសភាកម្ពុជា ពិនិត្យវិសោធនកម្មច្បាប់ ២ បន្ថែមទៀត

Share

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា កំពុងពិនិត្យលើការវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនអាសនៈសម្រាប់ពួកគេក្នុងការជួយពង្រឹងប្រសិទ្ធភាពការងារ  និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខ័ណ្ឌ ។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់រដ្ឋសភាថា សមាជិករដ្ឋសភា និងវិសោធនកម្មជាច្រើនហូរហែបន្ថែមទៀត ។ អ្នកវិភាគថា ការវិសោធកម្មច្បាប់ គឺធ្វើឡើងដោយសារភាពខ្វះចន្លោះនៃច្បាប់ ដែលជាចេតនារបស់អ្នកបង្កើតច្បាប់ ។

លោក សោមលាភ រាយការណ៍

បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ រដ្ឋសភាជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយជូនដល់សាធារណៈជន ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមានរបស់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា ។

សេចក្ដីប្រកាសនោះ គឺជាការអនុម័តបញ្ចូលនៅរបៀបវីរៈសម្រាប់សម័យប្រជុំលើកទី ១ នៃរដ្ឋសភា នីតិកាលទី ៦  ។

ការសើរើវិសោធនកម្មច្បាប់បន្ថែមនេះ ធ្វើឡើងស្របពេលដែលវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មិនទាន់បានចូលជាធរមាននោះទេ ។

រដ្ឋសភាជាតិកម្ពុជា តាមរយៈមន្ត្រីជាន់ខ្ពស់របស់ស្ថាប័ននេះ តែងតែអះអាងថា វិសោធនកម្មនេះដោយសារតែភាពខ្វះចន្លោះនៃច្បាប់ ។

លោក ឈាង វុន ប្រធាន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាប្រាប់អ្នកសារព័ត៌មានថា ការសើរើធ្វើវិសោធនកម្មនៃច្បាប់នេះ ធ្វើឡើងដើម្បីឱ្យមានការបម្រើសេវារដ្ឋបាលបានប្រសើរជាងមុន ពោលគឺ ដើម្បីឱ្យមន្ត្រីថ្នាក់ក្រោមជាតិ មានឱកាសបាននៅកៀកនឹងពលរដ្ឋ ។

លោកបន្ថែមថា មិនមែនរដ្ឋសភាពិនិត្យ និងសើរើវិសោធនកម្មច្បាប់តែពីរនេះទៀតទេ តែនឹងមានការសើរើវិសោធនកម្មជាច្រើនហូរហែជាបន្តបន្ទាប់ទៀត ។

កាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ​ ២០១៨ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅចំពោះមុខកម្មករ កម្មការនីនៅខេត្តកណ្ដាលជាងមួយម៉ឺននាក់ថា នឹងបន្ថែមអាសនៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ  ។

លោកបណ្ឌិត មាស នី ធ្លាប់មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ការធ្វើវិសោធនកម្មច្បាប់ញឹកញាប់ពេក គឺដោយសារចេតនារបស់អ្នកបង្កើតច្បាប់ដើម្បីផ្ដល់វិសាលភាពធំទូលាយក្នុងការបកស្រាយច្បាប់ ។

ចុងឆ្នាំ ២០១៨ នេះ រដ្ឋសភាជាតិកម្ពុជា​ បានសើរើធ្វើវិសោធនកម្មច្បាប់ចំនួន ៣ ហើយ ។ ច្បាប់ទាំងបីនោះ ទីមួយគឺច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលអាចផ្ដល់នីតិសម្បទាដល់បុគ្គលដែលហាមឃាត់នយោបាយ មានសិទ្ធិធ្វើនយោបាយឡើងវិញ ។ ច្បាប់នេះមិនទាន់ចូលជាធរមាននៅឡើយនោះទេ តែក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័ត និងប្រកាសថា វិសោធកម្មច្បាប់នេះ គឺមានធម្មនុញ្ញភាពហើយ មានន័យថា ច្បាប់នេះស្របនឹងរដ្ឋធម្មនុញ្ញ ។

ដោយឡែក ការវិសោធនកម្មច្បាប់ពីចុងក្រោយនៅបំណាច់ឆ្នាំនេះ គឺ កំពុងពិនិត្យលើការវិសោធនកម្មច្បាប់សម្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខ័ណ្ឌ ។ ច្បាប់ទាំងពីរនេះ នឹងបន្តសម័យប្រជុំសម័យប្រជុំរដ្ឋសភាលើកទី ១ នីតិកាលទី ៦ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី ៣ ខែ មីនា ឆ្នាំ ២០១៩ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image