en     km
en     km

លោក កឹម សុខា ចង់ឃើញឆ្នាំ ២០១៩ គ្មានអ្នកធ្វើនយោបាយដោយអគុណធម៌

Share

ភ្នំពេញ៖ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្នុងផ្ទះដោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បានបញ្ចេញសារមួយជូនពរដល់ប្រជាជាតិកម្ពុជាក្នុងឱកាសឆ្នាំថ្មី ឆ្នាំ ២០១៩ ដែលនឹងរំកិលមកដល់នៅថ្ងៃស្អែកនេះ ។ ក្រៅពីការជូនពរដល់ប្រជាជាតិ លោក កឹម សុខា បានបង្ហាញអំពីចិត្តគំនិតដែលមិនចង់ឃើញនយោបាយកម្ពុជានៅឆ្នាំចាស់ៗ បន្តទៅឆ្នាំថ្មីទៀត ។ ពោលគឺបញ្ឈប់នូវនយោបាយអគុណធម៌ ឈ្នានីស ហឹង្សារ និងលាបពណ៌ជាដើម ។ យ៉ាងណា ស្ថាប័ននីតិបញ្ញត្តិ និងប្រតិបត្តិ ថាស្ថានភាពនយោបាយកម្ពុជា គឺល្អប្រសើរហើយ គ្មានអី្វព្រួយបារម្ភទេ ។

រាយការណ៍ដោយលោក សោម លាភ

តាមរយៈសាររបស់លោក កឹម សុខា លើទំព័រហ្វេសបុក នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨នេះ  លោក កឹម សុខា បានសរសេរបង្ហាញពីអារម្មណ៍មិនចង់ឃើញឆ្នាំថ្មី មានអ្នកធ្វើនយោបាយដូចឆ្នាំចាស់ ។

ការបង្ហាញនូវចំណង់បែបនេះ គឺភ្ជាប់ជាមួយនឹងសារជូនពររបស់លោក ដល់ពិភពលោក ដោយលោកសូមឱ្យជួបតែសេចក្ដីសុខ និងសុភមង្គលគ្រប់ៗរូប ។ ដោយឡែក សម្រាប់កម្ពុជា លោកបានជូនពរឱ្យមាន ភាពរុងរឿង យុត្តិធម៌ ភាពស្ងប់សុខ និងសេរីភាពពេញលេញបរិបូរណ៍ ដល់ពលរដ្ឋនៃប្រទេសនេះគ្រប់ៗរូប ។

យ៉ាងណាមិញ សម្រាប់កម្ពុជា លោកចង់ឃើញ ប្រទេសនេះមានសុខសន្តិភាព វឌ្ឍនភាពតាមគោលការណ៍ប្រជាធិបតេយ្យ ។

លោកថាដើម្បីទទួលបាននូវរបស់ទាំងនេះ គឺត្រូវចាប់ផ្ដើមពីការផ្សះផ្សារជាតិឱ្យពិតប្រាកដ ដោយមិនត្រូវយកខ្មែរដែលជាជាតិសាសន៍ដូចគ្នាធ្វើជាសត្រូវ ។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០១៩ នោះទៀតសោត លោក កឹម សុខា ចង់ឃើញឱ្យមានការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដោយលុបបំបាត់ឱ្យអស់នូវជម្ងឺពីរដែលកំពុងតែរាតត្បាតនៅកម្ពុជា ។

ជាក់ស្ដែង លោក កឹម សុខា សរសេរថា ជម្តឺទាំងពីរនោះមាន ទី១គឺ ការគាបសង្កត់ជិះជាន់ គម្រាមកំហែង ជាពិសេសដោយអំពើហិង្សា និងទី២គឺ ការស្អប់ឈ្នានីស ជាពិសេសតាមរូបភាពលាបពណ៌ ជេរប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះ ។

លោកក៏ចង់ឱ្យមានការបើកទំព័រប្រវត្តិសាស្ត្រថ្មី ដោយចាប់ផ្តើមពីមេដឹកនាំគ្រប់និន្នាការ ដើម្បីជាគម្រូ ដោយបញ្ឈប់ការធ្វើនយោបាយតាមបែបអគុណធម៌ មិនថាតាមរយៈការគម្រាមកំហែង ឬការមួលបង្កាច់ឡើយ ។  

ជាងនេះ មេដឹកនាំគ្រប់និន្នាការនយោបាយទាំងអស់ វិលទៅរកទសពិធរាជធម៌វិញ ដើម្បីត្រួសត្រាយផ្លូវជូនប្រជាពលរដ្ឋ ជាពិសេសកូនខ្មែរជំនាន់ក្រោយ ។

រដ្ឋសភាកម្ពុជា នៅថ្ងៃទី ៣១ ធ្នូនេះ ក៏បានបញ្ចេញសារលិខិតផ្ញើជូនពរដល់ជនរួមជាតិ ដែលចុះតាំងពីថ្ងៃទី ២៨ ខែ ធ្នូ ផងដែរ ។

សារនោះ បានសរសេរជូនពរដល់ជនរួមជាតិកម្ពុជា ទោះបីរស់នៅកម្ពុជា ឬក្រៅប្រទេសក្ដី ជួបរឿងល្អៗ គ្រប់ប្រការ រួមទាំងទទួលបានជោគជ័យបន្ថែមទៀត ដើម្បីជាការកសាង និងអភិវឌ្ឍកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពរុងរឿងនាពេលអនាគត ។

ផ្ទុយពីសាររបស់លោក កឹម សុខា សារដែលចុះហត្ថលេខាដោយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភានេះបញ្ជាក់ថា កម្ពុជាមានការអភិវឌ្ឍគ្រប់វិស័យ កម្ពុជាជានីតិរដ្ឋ អធិបតេយ្យពេញលេញ​ បូរណភាពទឹកដីរឹងមាំ ឯកភាពជាតិ សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈកាន់តែប្រសើរ ។

កន្លងមក អន្តរជាតិជាច្រើនដូចជា សហគមន៍អឺរ៉ុប អាមេរិក សហភាពអន្តរសភា IPU ​​​សមាជិក​សភាអាស៊ាន​ដើម្បី​សិទ្ធិមនុស្ស បានបង្ហាញពីជំហរមិនទទួលស្គាល់ការបោះឆ្នោតសភានីតិកាលទី ៦ កាលពីចុងខែកក្កដាឡើយ ព្រមទាំងវាយតម្លៃថាកម្ពុជាមិនគោរពគោលការណ៍ប្រជាធិបតេយ្យនោះទេ ។

អន្តរជាតិទាំងនេះ ទទូចឱ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញឱ្យខានតែបាន ។ មកដល់ពេលនេះ កម្ពុជាបានព្យាយាមដោះស្រាយបញ្ហានយោបាយមួយកម្រិត ឬមួយជ្រុង តែមិនមែនដោះស្រាយតាមអ្វីដែលអន្តរជាតិចង់បាននោះទេ ។

ក្រឡេកមកមើលសារដដែលរបស់រដ្ឋសភាជាតិកម្ពុជាសរសេរថា រដ្ឋសភាបានរួមចំណែកលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ស្មើមុខស្មើមាត់ជាមួយនឹងប្រទេសនានា ទាំងថ្នាក់តំបន់ និងពិភពលោក ។

យ៉ាងណា​ ការលើកមុខមាត់កម្ពុជានេះ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងវេទិការសភាតំបន់ និងពិភពលោក មានដូចជា សហភាពអន្តរសភា IPU អន្តរសភាអាស៊ាន AIPA សភាតំបន់អាស៊ី  APA វេទិការសភាអាស៊ីប៉ាស៊ីហ្វិក  APPE សភានិយាយភាសាបារាំង APF និងសភាអាស៊ីអឺរ៉ុប ASEP ។

សម្ដេច ហេង សំរិន ថា រដ្ឋសភាកម្ពុជានឹងខិតខំបំពេញការងារបន្ថែមទៀត ដើម្បីជោគជ័យ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយមជាដើម ។

 សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែអះអាងថា កម្ពុជាមានសន្តិភាព ការអភិវឌ្ឍ ស្ថិរភាពនយោបាយជាដើម ។​ សម្ដេចថា ការជម្រុញឱ្យកម្ពុជាមកដល់ចំណុចដូចសព្វថ្ងៃនេះ គឺពិបាកណាស់ ។

នាយករដ្ឋមន្ត្រីកម្ពុជាតែងតែទាត់ចោលនូវមតិដែលថា កម្ពុជាមិនមានប្រជាធិបតេយ្យ មិនមានសិទ្ធិមនុស្សជាដើម ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image