en     km
en     km

ប្រធាន​មន្ទីរ​បរិស្ថាន​បាត់ដំបង​ ៖​ ការ​អនុវត្ដ​ច្បាប់​តឹងរ៉ឹង​ បាន​ធ្វើ​ឲ្យ​សត្វ​ស្លាប​ក្នុង​តំបន់​អភិរក្ស​នៅ​ព្រែក​ទាល់​កើនឡើង​

Share

ភ្នំពេញ​ ៖​ សត្វ​ស្លាប​បាន​កើនឡើង​ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ​ជា​លំដាប់​។​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដបាត់ដំបង​ បញ្ជាក់​ថា​ ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​អនុវត្ដ​ច្បាប់​តឹងរ៉ឹង​ ហើយ​ទប់ស្កាត់​បទល្មើស​នេសាទ​ និង​ការ​បរបាញ់​សត្វព្រៃ​ បាន​ធ្វើ​ឲ្យ​ចំនួន​សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​ព្រែក​ទាល់​មាន​ចំនួន​កើនឡើង​។​

​ចំនួន​បក្សី​កម្រ​ជាង​ ១០០​ប្រភេទ​ បាន​ទៅ​បង្ហាញ​សម្រស់​នៅ​តំបន់​អភិរក្ស​ព្រែក​ទាល់​ ដែល​ជា​ដែន​ទេសភាព​នៅ​កណ្ដាល​បឹង​ទន្លេសាប​ដ៏​ស្រស់​ត្រកាល​ ស្ថិត​នៅ​ព្រំប្រទល់​ទឹក​រវាង​ខេត្ដបាត់ដំបង​ និង​ខេត្ដ​សៀម​រាម​។​ ការ​កើនឡើង​ នៃ​ចំនួន​បក្សី​កម្រ​ជា​ច្រើន​ប្រភេទ​នេះ​ ប្រធាន​មន្ទីរ​រិ​ស្ថាន​ខេត្ដបាត់ដំបង​ បញ្ជាក់​ថា​ គឺ​កើត​ចេ​ព​ញ​ពី​ការ​ខិតខំ​របស់​អាជ្ញាធរ​ ក្នុង​ការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​នៅ​តំបន់​នោះ​។​

​លោក​ កប​ បូ​រ៉ា​ន់​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដបាត់ដំបង​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ចំនួន​សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​ព្រែក​ទាល់​ ខេត្ដបាត់ដំបង​ ក្នុង​ឆ្នាំ​២០១៨​នេះ​ មាន​កើនឡើង​ប្រមាណ​ ២០​ភាគរយ​។​ ការ​សន្និដ្ឋាន​នេះ​ គឺ​ផ្អែក​ទៅ​ការ​រាប់​ចំនួន​សំបុក​ពង​កូន​របស់​សត្វ​ស្លាប​ដែល​អាស្រ័យ​នៅ​តំបន់​នេះ​ និង​ការ​សង្កេត​មើល​ជាក់ស្ដែង​ពី​ចំនួន​បក្សី​ ដែល​បង្ហាញខ្លួន​ជា​ប្រចាំ​។​

​ប្រធាន​មន្ទីរ​បរិស្ថាន​បន្ដ​ថា​ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​ចំនួន​សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​ព្រែក​ទាល់​មានការ​កើនឡើង​ គឺ​ដោយសារ​តែ​ការ​អនុវត្ដ​ច្បាប់​របស់​អាជ្ញាធរ​បាន​តឹងរ៉ឹង​ ទប់ស្កាត់​ការ​នេសាទ​ខុសច្បាប់​ ចុះ​ល្បាត​ជា​ប្រចាំ​ និង​ចុះ​អប់រំ​ពលរដ្ឋ​ឲ្យ​បាន​យល់​ពីសារ​សំខាន់​របស់​សត្វព្រៃ​ ៖«​យើង​បាន​ធ្វើការ​អនុវត្ដ​ច្បាប់​ដ៏​តឹងរ៉ឹង​ យើង​មានការ​ចាប់​យក​មក​ប្រគល់​ឲ្យ​តុលាការ​ ហើយ​អ​ញ្ចឹ​ង​ទៅ​វា​មិន​មាន​អ្នក​ទៅ​រុក​គួ​ន​រំខាន​ចាប់​វា​សម្លាប់​វា​បរបាញ់​វា​»​។​

​ជាង​នេះ​កត្ដា​ទឹកធំ​ នៅ​ឆ្នាំ​នេះ​ ក៏​ជា​មូលហេតុ​រួម​ផ្សំ​មួយ​ផង​ដែរ​ ដែល​ធ្វើ​ឲ្យ​ចំណី​មានការ​កើនឡើង​ ទាក់ទាញ​សត្វ​ស្លាប​ឲ្យ​មក​ប្រមូលផ្ដុំ​គ្នា​នៅ​តំបន់​អភិរក្ស​ព្រែក​ទាល់​នេះ​។​ លោក​ កប​ បូ​រ៉ា​ន់​ បញ្ជាក់​ថា​ នៅ​ព្រែក​ទាល់​ គឺ​មាន​សត្វ​ស្លាប់​ប្រមាណ​ជាង​ ១០០​ប្រភេទ​ ដែល​សុទ្ធសឹងតែ​ជា​ពពួកសត្វ​ស្លាប​កម្រ​ ហើយ​បក្សី​ខ្លះ​គឺ​មាន​វត្ដមាន​តែ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ ៖«​មាន​ជាង​ ១០០​ប្រភេទ​ មាន​សត្វ​ ស្មោញ​ សត្វ​ក្អែកទឹក​ សត្វ​ទុង​ សត្វ​កុក​។​ បើ​និយាយ​ទៅ​សត្វ​កម្រៗ​ ដែល​បាត់បង់​នៅ​ក្នុង​ពិភពលោក​យើង​នេះ​ គឺ​មាន​សល់​នៅ​កន្លែង​យើង​ច្រើន​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ មិន​មាន​ប្រទេស​ណា​មាន​ គឺ​មានការ​ប្រមូលផ្ដុំ​នៅ​យើង​ហ្មង​»​។​

​ប្រធាន​មន្ទីរ​បរិស្ថាន​បន្ថែម​ថា​ ការ​កើនឡើង​នៃ​ចំនួន​សត្វ​ស្លាប​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​តំបន់​កាន់តែ​ច្រើន​ឡើង​ ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​អាច​រក​ចំណូល​បានជា​ប្រចាំ​។​ លោក​បន្ថែម​ថា​ ជា​ផែនការ​បន្ដ​ អាជ្ញាធរ​ នឹង​បង្កើន​ការ​ផ្សព្វផ្សាយ​ ពី​តំបន់​អភិរក្ស​នេះ​ និង​ធ្វើ​យ៉ាងណា​ទប់ស្កាត់​បទល្មើស​នេសាទ​ ក៏​ដូច​ជា​ ការ​បរបាញ់​សត្វព្រៃ​នៅ​តំបន់​នេះ​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​។​

​លោក​ កប​ បូ​រ៉ា​ន់​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​នៅ​តំបន់​អភិរក្ស​ព្រែក​ទាល់​ និង​តំបន់​ផ្សេងៗ​ សូម​រួម​គ្នា​បញ្ឈប់​ការ​បរ​ចាញ់​សត្វព្រៃ​ បញ្ឈប់​ការ​បរិភោគ​ ហើយ​ងាក​មក​ចូលរួម​ទាំងអស់​គ្នា​ ក្នុង​ការ​ថែរក្សា​អភិរក្ស​សត្វព្រៃ​។​ ជាង​នេះ​លោក​ស្នើ​ថា​ បញ្ឈប់​ការ​បរ​ចាញ់ហើយ​ងាក​មកប្រកបរបរ​ទេសចរណ៍​វិញ​។​

​តំបន់​អភិរក្ស​ព្រែក​ទាល់​ ស្ថិត​ក្នុងស្រុក​ឯក​ភ្នំ​ ខេត្ដបាត់ដំបង​ ជាប់​ព្រំប្រទល់​ទឹក​រវាង​ខេត្ដបាត់ដំបង​ និង​ខេត្ដសៀមរាប​។​ ព្រែក​ទាល់​មាន​ផ្ទៃក្រឡា​ ២១៣៤២​ហិច​តា​ ស្ថិត​នៅ​កណ្ដាល​បឹង​ទន្លេសាប​។​ ព្រែក​ទាល់​ ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ ជា​តំបន់ដីសើម​អន្ដរជាតិ​ (Wetland​ of​ International​ Importance)​ ឬ​គេ​ហៅ​ថា​ តំបន់​រ៉ាំ​សារ​ (Ramsar​ Site)៕

Share

ព័ត៌មានទាក់ទង

Image