ភ្នំពេញ ៖ ស្នងការរងខេត្ដកំពង់ចាមបានប្រាប់វិទ្យុស្ដ្រីថា អាជ្ញាធរខេត្ដ រួមជាមួយអង្គភាពស៊ីម៉ាក់ បានយកគ្រាប់យុទ្ធភណ្ឌច្រើនប្រភេទចេញពីឃ្លាំងក្រោមដី ប្រមាណ ០៧តោន។ គ្រាប់យុទ្ធភណ្ឌទាំងអស់នោះ គឺសុទ្ធតែសឹងតែនៅមានគុណភាព។ ករណីនេះ ប្រធានអង្គភាពស៊ីម៉ាក់ បញ្ជាក់ថា គ្រាប់ទាំងអស់នោះត្រូវបានបន្សាបចោលអស់ហើយ។
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ អាជ្ញាធរខេត្ដកំពង់ចាម រួមជាមួយមន្ដ្រី នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះច្រើនប្រភេទ ដែលកប់នៅក្រោមដីកាលពីមានឧបទ្ទវហេតុផ្ទុះឃ្លាំងកាលឆ្នាំ១៩៩១។ ទីតាំងឃ្លាំងនេះ គឺស្ថិតក្នុងមូលដ្ឋានស្នងការប៉ូលីស ខេត្តកំពង់ចាម នៅកណ្ដាលខេត្ដតែម្ដង។
លោក មិន សុខវិបុល ស្នងការរងខេត្ដកំពង់ចាម ទទួលបន្ទុកផ្នែកគ្រប់គ្រងអាវុធជាតិផ្ទុះ បានប្រាប់វិទ្យុស្ដ្រីថា គ្រាប់ដែលកប់ក្នុងឃ្លាំងបានផ្ទុះ ព្រោះតែមានបញ្ហាបច្ចេកទេស។ កាលនោះអាជ្ញាធរបានសម្រេចចិត្ដយកដីលុបឃ្លាំងនោះ ពីព្រោះតែអាជ្ញាធរមិនទាន់មានបច្ចេកទេសគ្រប់គ្រាន់ក្នុងការបន្សាបឥទ្ធិលរបស់គ្រប់ទាំងនោះ។
លោកស្នងការរងបន្ដថា ក្រោយពីចាក់ដីលុបឃ្លាំងអស់រយៈពេលជិត ២០ឆ្នាំ ស្នងការខេត្ដបារម្ភទៅថ្ងៃក្រោយ ថា គ្រាប់ទាំងអស់នោះអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ទើបស្នងការខេត្ដសម្រេចចិត្ដ សហការជាមួយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីង កាយដីយកគ្រាប់យុទ្ធភណ្ឌទាំងនោះមកបន្សាប។ គ្រាប់ដែលមានកប់ក្នុងឃ្លាំងនេះ មានដូចជា គ្រាប់ 105មីលីម៉ែត្រ គ្រាប់ DK របស់សហរដ្ឋអាមេរិក រួមជាមួយនឹងគ្រាប់កាំភ្លើងតូចជាច្រើនសិបគ្រាប់។
ប្រតិបត្ដិការណ៍នេះ បានចំណាយពេលវេលា ១៥ថ្ងៃ ហើយគ្រាប់ទាំងអស់នោះត្រូវបានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន យកទៅបន្សាបគុណភាពអស់ហើយ។ តែយ៉ាងណាលោកស្នងការរង សង្កត់ធ្ងន់ថា គ្រាប់ទាំង ៧តោននេះ គឺសុទ្ធតែជាពពួកគ្រាប់ដែលមានគុណភាពអាចបង្កគ្រោះថ្នាក់។ ជាងនេះលោកបន្ដថា នៅក្នុងខេត្ដកំពង់ចាមជារឿយៗប្រជាពលរដ្ឋតែងតែប្រទះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប៉ុន្ដែគ្មានពលរដ្ឋណាម្នាក់រងគ្រោះដល់ស្លាប់ឡើយ។
ជុំវិញករណីមីននេះ លោក ហេង រតនា បានសរសេរលើបណ្ដាញសង្គមដោយបង្ហាញការអបអរសាទរដល់សកម្មភាពយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានដោយជោគជ័យនេះ។ លោកបញ្ជាក់ថា គ្រាប់ដែលត្រូវយកចេញពីក្នុងឃ្លាំងកប់ដី មានចំនួនជាង ១៥០០គ្រាប់ ដោយក្នុងនោះមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជាង ៩០០គ្រាប់ មីន ២០គ្រាប់ ក្បាលផ្ទុះ ៦០០គ្រាប់ និងគ្រាប់កាំភ្លើងធុនស្រាលជាង ២០០០kg។ តាមរយៈបទសម្ភាសជាមួយវិទ្យុស្ដ្រីនាពេលកន្លងមក លោក ហេង រតនា ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវតែ កុំប៉ះពាល់ ឬកែច្នៃ គ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ បើទោះជាឃើញគ្រាប់ទាំងអស់នោះមានសភាព ចាស់ យ៉ាងណាក៏ដោយ។ ពីព្រោះតែគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ គឺមានឥទ្ធិពលក្នុងរយៈពេលវែង។
យោងតាមរបាយការណ៍របស់ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (C.M.A.A) ដែលមណ្ឌលព័ត៌មានស្ដ្រីកម្ពុជាទទួលបាននៅថ្ងៃទី២៦ ខែធ្នូ បញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋចំនួន ៥៨នាក់ បានរងគ្រោះ ដោយសារមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។ តាមរបាយការណ៍ មានអ្នករងរបួសចំនួន ៤៨នាក់ ស្ដ្រី ០៥នាក់ បុរស ៣០នាក់ និងកុមារ ១៣នាក់។ ដោយឡែកចំពោះជនរងគ្រោះដល់ស្លាប់មានចំនួន ១០នាក់ ក្នុងនោះស្ដ្រីម្នាក់ បុរស ០៦នាក់ និងកុមារចំនួន ០៣នាក់។ បន្ថែមពីនេះ របាយការណ៍របស់អាជ្ញាធរមីន បន្ដថា មានរាជធានី-ខេត្ដចំនួន ១៦ ដែលមានប្រជាពលរដ្ឋរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។ រាជធានី-ខេត្ដ ទាំងនោះរួមមាន រាជធានីភ្នំពេញ ខេត្ដកំពង់ស្ពឺ បាត់ដំបង ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ កំពង់ចាម ក្រចេះ ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កណ្ដាល មណ្ឌលគិរី រតនគិរី កោះកុង និងខេត្ដប៉ៃលិន។
លើសពីនេះ អាជ្ញាធរមីន ប្រាប់ទៀតថា ខេត្ដដែលនាំមុខគេមានពលរដ្ឋរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម គឺខេត្ដកំពង់ស្ពឺ ដែលមានពលរដ្ឋរងគ្រោះចំនួន ១១នាក់ ហើយតាមពីក្រោយដោយខេត្ដបាត់ដំបង ០៨នាក់ និងខេត្ដព្រះវិហារ ០៨នាក់។
ដោយឡែក កាលពីឆ្នាំ២០១៧ មានប្រជាពលរដ្ឋចំនួន ៥៨នាក់បានរងគ្រោះព្រោះគ្រាប់យុទ្ធភណ្ឌផ្សេងៗ។ ក្នុងចំណោមនោះអ្នករងរបួសមានចំនួន ៤៨នាក់ និងស្លាប់ចំនួន ១០នាក់។ តួលេខនេះគឺដូចគ្នា នឹងឆ្នាំ២០១៨ ក៏ប៉ុន្ដែខេត្ដដែលមានពលរដ្ឋរងគ្រោះ គឺមានចំនួនតែ ១២ខេត្ដប៉ុណ្ណោះ។ ខេត្ដដែលមានពលរដ្ឋរងគ្រោះច្រើនជាងគេកាលពីឆ្នាំ២០១៧ គឺខេត្ដ ឧត្ដរមានជ័យ មានពលរដ្ឋរងគ្រោះចំនួន ១៨នាក់ ហើយតាមពីក្រោយដោយខេត្ដព្រះវិហារ មានពលរដ្ឋរងគ្រោះចំនួន ០៧នាក់៕