ភ្នំពេញ៖ នៅថ្ងៃទី ២៩ធ្នូ ឆ្នាំ ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជានៃគណបក្សប្រជាជនកម្ពុជានឹងរៀបចំព្រឹត្តិការណ៍សម្ភោធវិមានឈ្នះឈ្នះ ដែលជាយុទ្ធសាស្ត្រនយោបាយរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ តាម សម្ដេច ហ៊ុន សែន វិមានឈ្នះឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ តែអ្នកវិភាគថា ពាក្យឈ្នះៗនេះ គឺមិនត្រូវមានអ្នកចាញ់ឡើយ។
ជូនសេចក្ដីរាយការណ៍ ដោយ កញ្ញា ឆោម ពៅនិកា!
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា វិមានឈ្នះឈ្នះ គឺដើម្បីជាការបញ្ជាក់ថា កម្ពុជាឈ្នះលើ ៥ យ៉ាង ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន សែន ។
តាមការចុះផ្សាយនេះបញ្ជាក់ថា ការបង្ហាញបែបនេះរបស់សម្ដេច ហ៊ុន សែន ធ្វើឡើងមុនពេលមួយថ្ងៃ ដែលជាថ្ងៃសម្ភោធវិមានឈ្នះ ឈ្នះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ធ្នូ ២០១៨ ។
សម្ដេចសរសេរបន្ថែមទៀតថា កម្ពុជាអបអរសាទរចំពោះសមិទ្ធផលប្រវត្តិសាស្រ្តនៃវិមានឈ្នះឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ។
នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ទៀតថា វិមានឈ្នះឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។
វិមានឈ្នះឈ្នះ បញ្ជាក់ថា កម្ពុជាឈ្នះទៅលើ ៥យ៉ាង គឺឈ្នះដោយរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ។
ហាក់ផ្ទុយបន្តិចពីការពន្យល់របស់សម្ដេចនាយករដ្ឋមន្ត្រី សម្រាប់អ្នកវិភាគថា ការអនុវត្តនយោបាយឈ្នះឈ្នះ គួរតែកុំមានការរើសអើងនិនា្នការនយោបាយ គឺត្រូវមានការបង្រួបបង្រួមជាតិយ៉ាងពិតប្រាកដ។ លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហានយោបាយនិងសង្គម ទទូចសុំឱ្យគ្មានអ្នកចាញ់។
លោក មាស នី៖«កាលណាយើងនិយាយពីនយោបាយឈ្នះៗ មានន័យថា សង្ឃឹមថា ខ្មែរទាំងអស់នឹងមានការស្រុះស្រួលគ្នា និងឯកភាពជាតិក្ដីក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែលគ្មានទំនាស់ក្នុងជាតិ។ អ៊ីចឹងបើយើងមើលពីទិដ្ឋភាពជាក់ស្ដែងនៃស្រុកយើង គឺមានអ្នកឈ្នះមានអ្នកចាញ់។អ៊ីចឹងយើងមិនអាចពាក្យឈ្នះៗក្នុងកាលៈទេសៈនេះ គឺសម្រាប់តែអ្នកឈ្នះ គឺអ្នកចាញ់មិនអាចទទួលយកបាន»។
តែបែបនេះក្ដី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានច្រានចោលចំពោះការលើកឡើងរបស់អ្នកវិភាគ។
លោកបានពន្យល់ដោយលើកឡើងអំពីសន្ទុះពលរដ្ឋចេញទៅបោះឆ្នោតកាលពីថ្ងៃទី ២៧កក្កដា ឆ្នាំ ២០១៨ថា មានអត្រាជាង ៨០ភាគរយ គឺជាការបង្ហាញអំពីការគាំទ្រគណបក្សប្រជាជនកម្ពុជាដែលលោកគិតថា នេះកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្ដេច ហ៊ុន សែន ផងដែរ។
លោក ផៃ ស៊ីផាន៖«ចំនួន ៨៣ភាគរយនៃចំនួនប្រជាពលរដ្ឋលោកចេញទៅបោះឆ្នោត ហើយក្នុងយើងបានចំនួនលើសលុបដែលទទួលស្គាល់ស្នាដៃនិងទទួលស្គាល់ការដឹកនាំប្រកបដោយជោគជ័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងកិច្ចអនុវត្តគោលនយោបាយឈ្នះៗ គេបានចេញមកបោះឆ្នោត គេបានចេញមកគាំទ្រ។ នេះជាសារមួយដ៏សំខាន់ក្នុងបង្ហាញជូនដល់អ្នកវិភាគដែលមាននិន្នាការប្រឆាំង»។
យ៉ាងណា សម្ដេច ហ៊ុន សែន អំពាវនាវឱ្យជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមសម្ពោធ វិមានឈ្នះឈ្នះឱ្យបានគ្រប់គ្នា ។
ចាប់តាំងពីឆ្នាំ ១៩៧៩ មក ប្រទេសកម្ពុជាបានសាងសង់រូបសំណាកជាច្រើន ដើម្បីបញ្ជាក់ការដឹកនាំប្រទេស ក្នុងនោះ វិមានអនុស្សាវរីយ៍នៃកងទ័ពវៀតណាមចូលមករំដោះកម្ពុជាពីរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។ រូបសំណាក ឬស្តូបអនុស្សាវរីយ៍នេះ ត្រូវបានសង់ឡើងនៅគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។
សូមរម្លឹកថា ស្តូបវិមានឈ្នះឈ្នះ ចាប់ផ្តើមសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០១៦។ វិមានឈ្នះឈ្នះសាងសងលើទំហំដី ៨ ហិកតា ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលជាអំណោយរបស់លោកឧញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា៕