ភ្នំពេញ៖ ក្រសួងការបទេសកម្ពុជាបានប្រកាសជាផ្លូវការអំពីគម្រោងជួបពិភាក្សាអំពីប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំំងអស់លើកលែងតែអាវុធ»ឬ«EBA» ជាមួយសហភាពអឺរ៉ុបនៅខែក្រោយនេះ។ ក្រុមសហជីពមានសុទីដ្ឋិនិយមចំពោះជំនួបនេះថាសហភាពអឺរ៉ុបនឹងពិចារណាឡើងវិញមិនព្យួរពន្ធអនុគ្រោះ EBA មកកម្ពុជា។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍

លោក កេត សុផាន អ្នកនាំពាក្យក្រសួងការបទេស បានឱ្យដឹងថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិគ្រោងនឹងជួបពិភាក្សាអំពីប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយស្នងការពាណិជ្ជកម្មគណៈកម្មការអឺរ៉ុបនៅខែក្រោយនេះ។
ការពិភាក្សានេះក្នុងអំឡុងពេលលោករដ្ឋមន្ត្រីទៅចូលរួមកិច្ចប្រជុំអាស៊ាន- អឺរ៉ុប នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៩ ខាងមុខ។
លោក កេត សុផាន អ្នកនាំពាក្យក្រសួងការបទេសថ្លែងនៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី ២៥ ធ្នូ ថា រាជរដ្ឋាភិបាលរក្សាជំហរជួបពិភាក្សាជជែកអំពីបញ្ហាប្រព័ន្ធអនុ គ្រោះព័ន្ធ«អ្វីៗទាំំងអស់លើកលែងតែអាវុធ»(EBA) ក្រោយពីសហភាពអឺរ៉ុបសម្រេចពិនិត្យឡើងវិញអំពីគ្រោងព្យួរការផ្តល់អនុគ្រោះព័ន្ធ(EBA)ជាមួយកម្ពុជា។
ក្រុមសហជីពធ្វើលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែងជើងបានបង្ហាញជំនឿថា ក្នុងជំនួបនោះទំនងជាមានផលវិជ្ជមានច្រើន ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាបន្ទន់អរិយាបថបន្ធូរបន្ធយស្ថានការនយោបាយ និងកែលម្អស្ថានភាពសិទ្ធិមនុស្សស្របទៅតាមកន្លងប្រជាធិបតេយ្យតាមការទាមទាររបស់សហគមអឺរ៉ុប។
ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបណ្តោះអាសន្នមែននោះ នឹងអាចប៉ះពាល់យ៉ាងខ្លាំងនៃការនាំចេញវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែងជើងនៅកម្ពុជា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា(CLC) យល់ថា ប្រសិនបើរាជរដ្ឋាភិបាលកែលម្អស្ថានភាពលទ្ធិប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារនិងសហជីពតាមការចង់បានរបស់សហភាពអឺរ៉ុបនោះ កម្ពុជានឹងគេចផុតពីព្យួរអនុគ្រោះពន្ធ«អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬ EBA»។
លោក អាត់ ធន់៖«ទី១ធ្លាក់ការចោទប្រកាន់ប្តឹងមកលើពួកយើង។ពិនិត្យមើលច្បាប់បទដ្ឋានគតិយុទ្ធមួយចំនួនដែលវាឧបគ្គសត្រូវធ្វើវិសោធនកម្មយ៉ាងដូចម្តេចឱ្យដំណើរការទៅបានហើយចុងក្រោយគឺផ្តល់សេរីភាពឱ្យយើងធ្វើសកម្មភាពសហជីពចរចាដោះស្រាយវិវាទបានដូចមុន។ខ្ញុំគិតថាងាចនឹងមានការទាក់ទាញការគាំទ្រពីសហគមអឺរ៉ុបឱ្យពិចារណាកាន់តែខ្លាំង»។
យោងតាមលិខិតរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា( GMAC) ផ្ញើជូនលោកស្រី Cecilia Malmström ស្នងការពាណិជ្ជកម្មគណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ បញ្ជាក់ថា កម្មករប្រមាណ៧០ម៉ឺននាក់ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនឹងប្រឈមបាត់បង់ការងារ ហើយជីវភាពគ្រួសារនឹងធ្លាក់ចុះ ប្រសិនបើសហភាពអឺរ៉ុបដកពន្ធអនុគ្រោះ(EBA) មែននោះ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បង្ហាញទស្សនថា កម្ពុជាទទួលបានផលជាវិជ្ជមាន ឬអវិជ្ជមានក្នុងជំនួបចរចាជាមួយសហភាពអឺរ៉ុបអំពីបញ្ហាEBAវាអាស្រ័យលើរាជរដ្ឋាបាលខ្លួនឯកថាតើចង់បានបន្តការអនុគ្រោះពន្ធEBAតទៅទៀតឬយ៉ាង ព្រោះ គោលបំណង់របស់សហជីពអឺរ៉ុបចង់ឱ្យគោរពគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យល្អប្រសើជាងនេះ។
លោក ហ្វាសាលី៖«រាជរដ្ឋាភិបាលត្រូវតែខិតខំគោរពសិទ្ធិមនុស្សស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ហើយទាក់ទងសេរីភាពសហជីពក៏ដូចជាលក្ខខណ្ឌការងារកម្មករឱ្យមានលក្ខណល្អប្រសើឡើងវិញ ហើយដោះលែងអ្នកនយោបាយមួយចំនួនធំ ដើម្បីឱ្យដំណើរការឡើងវិញ»។
ប្រព័ន្ធអនុគ្រោះពន្ធ EBA បានចូលរួមចំណែកក្នុងការបង្កើតការងារនិងធ្វើឱ្យមានកំណើនយ៉ាងឆាប់រហ័សក្នុងវិស័យវាយនភ័ណ្ឌប្រមាណ ៧៥ ភាគរយ ហើយ ៤៦ ភាគរយនៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងទៅសហភាពអឺរ៉ុប។ចំណែកសហរដ្ឋអាមេរិក ២៤ ភាគរយ ជប៉ុន ១៦ ភាគរយ និងកាណាដា ៩ ភាគរយ។ លើសពីនេះប្រសិនបើសហភាពអឺរ៉ុប ដកពន្ធEBAនោះកម្ពុជានឹងត្រូវចំណាយ ៦៧៦ លានដុល្លារសម្រាប់បង់ពន្ធនាំចូលទំនិញទៅអឺរ៉ុប៕