ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថា វិមានឈ្នះឈ្នះ គឺដើម្បីជាការបញ្ជាក់ថា កម្ពុជាឈ្នះលើ ៥ យ៉ាង ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន សែន ។
តាមការចុះផ្សាយនេះបញ្ជាក់ថា ការបង្ហាញបែបនេះរបស់សម្ដេច ហ៊ុន សែន ធ្វើឡើងមុនពេលមួយថ្ងៃ ដែលជាថ្ងៃសម្ភោធវិមានឈ្នះឈ្នះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ធ្នូ ២០១៨ ។
សម្ដេចសរសេរបន្ថែមទៀតថា កម្ពុជាអបអរសាទរចំពោះសមិទ្ឋផលប្រវត្តិសាស្រ្តនៃវិមានឈ្នះឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ។
នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ទៀតថា វិមានឈ្នះឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។
វិមានឈ្នះ ឈ្នះ បញ្ជាក់ថា កម្ពុជាឈ្នះទៅលើ ៥ យ៉ាង គឺឈ្នះដោយរួចផុតពីសង្រ្គាម ឈ្នះ រួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះ រួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះ រួចផុតពីភាពក្រីក្រ និងឈ្នះ រួចផុតពីការអុចអាលដោយបរទេស ។
យ៉ាងណា សម្ដេច ហ៊ុន សែន អំពាវនាវឱ្យជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមសម្ពោធវិមានឈ្នះឈ្នះឱ្យបានគ្រប់គ្នា ។
ក្នុងកិច្ចសម្ភាសកន្លងមកជាមួយវិទ្យុស្រ្ដី លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃដែលវិមានឈ្នះឈ្នះដាក់សម្ពោធជាផ្លូវការ នឹងមានការដាក់តាំងពិព័រណ៍សមិទ្ធផលកងទ័ពដូចជា ស្តង់ដាក់បង្ហាញ សមិទ្ធផលនានារបស់កងវិស្វកម្ម និងសមិទ្ធ ផលរបស់កងរាជអាវុធហត្ថ ដែលសម្រេចបានចាប់តាំងពីការករកើតឡើងរហូតដល់បច្ចុប្បន្ន ដែលចាប់ផ្ដើមម៉ោង៦ព្រឹក រហូតដល់ថ្ងៃទី ៣១ ខែធ្នូ នៃថ្ងៃឆ្លងឆ្នាំសកល។
ចាប់តាំងពីឆ្នាំ ១៩៧៩មក ប្រទេសកម្ពុជាបានសាងសង់រូបសំណាកជាច្រើន ដើម្បីបញ្ជាក់ការដឹកនាំប្រទេស ក្នុងនោះ វិមានអនុស្សាវរីយ៍នៃកងទ័ពវៀតណាមចូលមករំដោះកម្ពុជាពីរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។ រូបសំណាក ឬស្តូបអនុស្សាវរីយ៍នេះ ត្រូវបានសង់ឡើងនៅគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។
សូមរម្លឹកថា ស្តូបវិមានឈ្នះឈ្នះចាប់ផ្តើមសាងសងកាលពីខែកុម្ភៈ ឆ្នាំ ២០១៦។ វិមានឈ្នះឈ្នះសាងសង់លើទំហំដី ៨ហិកតា ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលជាអំណោយរបស់លោកឧញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា៕