en     km
en     km

គ្រូវិទ្យាល័យជាសកម្មជនCNRP ស្នើសម្ដេច ហ៊ុន សែន កុំដោះស្រាយបញ្ហាពួកគាត់តាមផ្លូវនយោបាយ

Share

 ភ្នំពេញ៖ គ្រូបង្រៀនពីរនាក់មកពីខេត្តកំពុងធំ ដែលជាមនុស្សសកម្មរបស់អតីតគណបក្សសង្គ្រោះជាតិ បានឡើងមកតវ៉ានៅខុទ្ធកាល័យសម្ដេច ហ៊ុន សែន ក្រោយត្រូវបានប្រធានមន្ទីរនៃខេត្តនេះ ប្ដូរកន្លែងបង្រៀន និងតំណែង ដោយឱ្យមកធ្វើការនៅការិយាល័យអប់រំវិញ ។ គ្រូបង្រៀនទាំងពីរនាក់ មិនចង់បានដំណោះស្រាយតាមរបៀបនយោបាយទេ តែជាការដោះស្រាយដោយគោរពលើគោលការណ៍ច្បាប់ ។ យ៉ាងណាមិញ ក្ដីសង្ឃឹមរបស់លោកថា នឹងទទួលបានយុត្តិធម៌ និងរលាយបាត់ បើមានដំណោះស្រាយតាមផ្លូវនយោបាយ ។

រាយការណ៍ដោយលោក សោម លាភ!

 

បន្ទាប់ពីត្រូវបានប្ដូរដំណែងការងារ ពីគ្រូបង្រៀនទៅធ្វើការនៅការិល័យអប់រំ និងប្ដូរសាលារៀនពីជិតផ្ទះ ទៅឆ្ងាយផ្ទះ លោក ស៊ុន ធន់ និងលោក ថៃ ធីម បានដង្ហោយហៅរកយុត្តិធម៌សម្រាប់ពួកគាត់ ។

លោក ថៃ ធីម និងលោក ស៊ុន ធន់ បានធ្វើដំណើរពីខេត្តកំពង់ធំ មករាជធានីភ្នំពេញ ក្នុងគោលបំណងប្ដឹងតវ៉ា ចំពោះការសម្រេចប្ដូរដំណែងរបស់គាត់នៅក្រសួងអប់រំ ខុទ្ធកាល័យសម្ដេច ហ៊ុន សែន និងសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ។

ការទទួចទាមទារចង់បានយុត្តិធម៌នេះ លោក ថៃ ធីម អះអាងថាដោយសារតែលោក ជួបរឿងអយុត្តិធម៌ដែលលោក មិនអាចទទួលយកបាននោះទេ ។

រឿងអយុត្តិធម៌នោះ គឺក្រោយពីលោកទទួលបានលិខិតបង្កប់ការ ចុះហត្ថលេខានៅថ្ងៃទី ៥ ខែធ្នូ ដែលទើបតែមកដល់ដៃសាម៉ីខ្លួនកាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ បង្កាប់ឱ្យលោក និង លោក ស៊ុន ធន់ ជាគ្រូបង្រៀនវិទ្យាល័យ ដែលជាមនុស្សសកម្មរបស់អតីតគណបក្សសង្គ្រោះជាតិ ឱ្យផ្លាស់ប្ដូរកន្លែង និងមុខងារបំពេញការងារពីគ្រូបង្រៀននៅវិទ្យាល័យខេត្តកំពុងធំ ទៅធ្វើការនៅការិយាល័យអប់រំ យុវជន និងកីឡា ស្រុកស្ទឹងសែនវិញ ។ ​

លោក ថៃ ធីម និងលោក ស៊ុន ធន់ ត្រូវបានទទួលលិខិតបង្គាប់ការនេះ ដោយមិនបានដឹងមុន ។

លោកថៃ ធីម ហៅការប្ដូរតួនាទី និងការបំពេញការងារនេះថា ធ្វើឡើងបង្កប់ដោយចរិតនយោបាយ ដោយសារខុសនិន្នាការបក្ស ធ្វើឡើងដោយការប្រើល្បិចដើម្បីបំផ្លាញលោក ដោយអយុត្តិធម៌បំផុត ធ្វើឡើងដោយលីលា មិនមើលច្បាប់ និងលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលឡើយ ។

លោក ថៃ ធីម ថា លោកទទួលបានចម្លើយពីប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពុងធំលោក ជូ វុនធី ថា លោកធ្វើតាមការបញ្ជាពីថ្នាក់លើទេ ។

លោក​ថៃ ធីម បញ្ជាក់ម្ដងហើយម្ដងទៀតថា លោក គ្មានកំហុសអ្វីឡើយ ក្នុងការបំពេញវិជ្ជាជីវៈគ្រូបង្រៀនរបស់លោក ។

លោកបញ្ជាក់ថា ការប្ដូរការងារនេះ គឺធ្វើឡើងដើម្បីយកគាត់ទៅប្រចាំការ ឬបញ្ឈរជើងពិតប្រាកដ ។

កាលពីថ្ងៃទី ៥ ខែ ធ្នូ ប្រធានមន្តីរអប់រំខេត្តកំពង់ធំ បានចេញលិខិតបង្កប់ការ ២ ច្បាប់។

លិខិតបង្គាប់ការមួយ គឺសម្រេចឱ្យ លោក ថៃ ធីម ជាគ្រូបង្រៀនមុខវិជ្ជាភាសាបារាំង‑ខ្មែរ ដែលបម្រើការនៅវិទ្យាល័យកំពុងធំ ក្រុងស្ទឹងសែន ត្រូវបានចាត់មកបំពេញការងារ នៅការិយាល័យអប់រំ យុវជន និងកីឡា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។

ដោយឡែក លិខិតបង្កប់ការមួយទៀត គឺសម្រេចឱ្យ លោក ស៊ុន ធន់ គ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអក្សសាស្ត្រខ្មែរ ដែលបម្រើការងារនៅអនុវិទ្យាល័យ ឧទុម្ពរ ក្រុង ស្រុក បារាយណ៍ ត្រូវបានចាត់ឱ្យបំពេញការងារ នៅអនុវិទ្យាល័យ ហ៊ុន សែន ទួលដំណាក់ ដែលមានចម្ងាយពីផ្ទះរបស់លោក រហូតដល់ទៅជាង ១០ គីឡូម៉ែត្រឯណោះ ។

លិខិតបង្គាប់ការទាំងពីរនេះសម្រេច ដោយយោងទៅតាមស្មារតីអង្គប្រជុំរបស់គណៈកម្មការវាយតម្លៃការងារបុគ្គលិក នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ។

លោកស្រី អ៊ុក ឆាយ៉ាវី ធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុស្ត្រីនៃមណ្ឌលពត៌មានស្ត្រីកម្ពុជាថា ចំណាត់ការទៅលើលោកគ្រូ ថៃ ធីម នេះ គឺធ្វើឡើងដោយសារតែករណីនយោបាយនៅពីក្រោយ ។

លោកស្រីស្វាគមន៍ និងត្រៀមបញ្ជូនលិខិតសុំអន្តរាគមន៍បន្តទៅក្រសួង ការណាលោក ថៃ ធីម និងលោក ស៊ុន ធន់ ដាក់លិខិតមកដល់សមាគមន៍របស់លោកស្រី ។

លោក ថៃ ធីម ប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ការផ្លាស់ប្ដូរពួកគាត់នេះ ជាការធ្វើទុកបុកម្នេញសម្រាប់គាត់ ដូចនេះ លោក បានមកខុទ្ទកាល័យសម្ដេច ហ៊ុន សែន ដើម្បីសុំការអន្តរាគម ។

លោក ថៃ ធីម៖ ដូច្នេះសុំឱ្យសម្ដេច នាយករដ្ឋមន្ត្រី មេតា្តពិនិត្យមើលឡើងវិញ កូនចៅរបស់គាត់នៅថ្នាក់ក្រោម ដែលធ្វើទុក្ខបុកម្នេញពួកយើង ដោយផ្លាស់ពួកយើងដោយបង្ខំបែបនេះបាទ! ជាការរំពឹងទុករបស់ខ្ញុំ គឺបើសិនខុទ្ទកាល័យរបស់សម្ដេច នាយករដ្ឋមន្ត្រីដោះស្រាយជូនពួកយើងទៅតាមផ្លូវច្បាប់ គឺយើងនឹងឈ្នះ យើងនឹងបាននៅកន្លែងដើមវិញ ​ហើយយើងនឹងទទួលបានយុត្តិធម៌ ឱ្យតែយកច្បាប់សហលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិលមកនិយាយ ដោយកុំយកអ្វីផ្សេងមកនិយាយ តែបើគាត់នៅតែយករឿងនយោបាយមកនិយាយ អាហ្នឹងពួកយើងខ្ញុំនឹងមិនជោគជ័យទេបាទ!  

លោកបន្ថែមថា លោកបានយកញត្តិទៅដល់ផ្ទះសម្ដេច ហ៊ុន សែន រួចហើយ តែត្រូវបានកម្លាំងប៉ូលីសបញ្ជូនទៅខុទ្ទកាល័យនៅមុខវត្តបទុម ដោយមិនអនុញ្ញាតឱ្យពួកគាត់ឈរនៅមុខផ្ទះនាយករដ្ឋមន្ត្រីកម្ពុជានោះទេ ។

លោក ថៃ ធីម ថា ដំណើរដែលពួកលោកទៅខុទ្ទកាល័យសម្ដេច ហ៊ុន សែន គឺអាចនឹងមានអ្នកដឹង និងរាយការណ៍ដើម្បីកុំឱ្យទទួលសំណើរ ដោយបង្វែរឿងទៅជារឿងមានកំហុសផ្នែករដ្ឋបាលទៅលើញត្តិនោះ ដែលជាហេតុធ្វើឱ្យញត្តិរបស់គាត់ត្រូវបានគេបដិសេធន៍ ។ តែយ៉ាងណា លោកថា លោកនឹងព្យាយាមកែញត្តិនោះ នឹងដាក់ទៅខុទ្ទកាល័យសម្ដេច​ ហ៊ុន សែន ម្ដងទៀតនៅល្ងាចថ្ងៃទី ២៧ ខែធ្នូ នេះ ។

លោក ថៃ ធីម ថា ការធ្វើទុក្ខបុកម្នេញនេះ ដោយសារលោក ជាមនុស្សសកម្មក្នុងអតីៈគណបក្សសង្គ្រោះជាតិ ។​

លោក ថៃ ធីម៖ ពីព្រោះសព្វថ្ងៃនេះគេធ្វើការងារអីជាប្រព័ន្ធ គេមានការបញ្ជាជាប្រព័ន្ធ។ ករណីនឹងវាអ៊ីចឹងហើយ ពីព្រោះខ្ញុំជាអតីតសមាជិក គណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តកំពុងធំ បាទ! បានជាគេធ្វើទុក្ខបុកម្នេញ ហើយម៉ាពេលវ៉ាកងនេះ យើងចុះធ្វើការងារគណបក្សយ៉ាងសកម្ម ពង្រឹងសកម្មជនមូលដ្ឋានរបស់យើង ទោះបីគណបក្សត្រូវបានគេរំលាយហើយក្ដី តែពួកយើងអត់រំលាយខ្លួនឯងទេ គឺយើងនៅតែធ្វើការងារជូនគណបក្សយ៉ាងសកម្ម ដូច្នេះធ្វើឱ្យអាជ្ញាធរខេត្ត និងអ្នកនយោបាយកំសាក គេមិនសប្បាយចិត្ត គេខ្លាចសកម្មភាពរបស់យើងបាទ។ 

លោក ថៃ ធីម មានប្រសាសន៍ថា លោក និងលោក ស៊ុន​ ធន់ កំពុងតែរង់ចាំនូវដំណោះស្រាយរបស់មន្ទីរអប់រំខេត្តកំពុងធំ និងពីក្រសួងអប់រំ តែមិនទាន់មានដំណោះស្រាយ ។

ដោយឡែក លោក ស៊ុន ធន់ គ្រូបង្រៀនផ្នែកអក្សរសាស្ត្រខ្មែរនៅអនុវិទ្យាល័យ ឧទុម្ពរ ក្រុង ស្រុក បារាយណ៍ អំពាវនាវដល់ក្រសួង ឬមន្ទីរអប់រំ យុវជន និងកីឡា និងស្ថាប័នផ្សេងទៀតពាក់ព័ន្ធនឹងវិស័យអប់រំ មិនត្រូវធ្វើទុកបុកម្នេញដល់គ្រូបង្រៀននោះទេ ។

លោក ស៊ុន ធន់៖ ខ្ញុំមានយោបល់ថា ស្ថាប័នអប់រំដែលពាក់ព័ន្ធនឹងវិស័យអប់រំ មិនត្រូវធ្វើទុកបុកម្នេញដល់គ្រូបង្រៀនទេ ព្រោះគ្រូបង្រៀនជាវិស្វករនៃព្រលឹង គ្រូបង្រៀនមានមនសិការខ្ពស់ដើម្បីបណ្ដុះបណ្ដាលយុវជនខ្មែរជំនាន់ក្រោយ ដើម្បីឱ្យលោកទទួលបានចំណេះដឹង ជំនាញ​បច្ចេកទេស ដើម្បីទៅប្រកួតប្រជែង ប្រកបមុខរបរ ប្រកួតប្រជែងនៅក្នុងទីផ្សារ នៅក្នុងសង្គមសកលលោកបច្ចុប្បន្ន ដែលជាសម័យទំនើប ដូចនេះបើធ្វើបាបគ្រូបង្រៀនមានន័យថា ដូចសម្រាប់ជីវិតសិក្សារបស់ក្មេងអ៊ីចឹង ។  

លោក ស៊ុន ធន់ ថាសង្គមកម្ពុជា មិនត្រូវការការរើសអើងផ្នែកនយោបាយនោះទេ ព្រោះនេះគឺជាសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងធម្មនុញ្ញអង្គការសហប្រជាជាតិ ។

វិទ្យុស្រ្តីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មិនអាចទាក់ទងលោក ជូ វុនធី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំបានទេនៅថ្ងៃនេះ ដោយហៅទូរស័ព្ទមិនចូល។

ដោយឡែក លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បដិសេធមិនធ្វើអធិប្បាយលើករណីនេះទេ ព្រោះលោក មិនទាន់ដឹងអំពីអត្តន័យនៅក្នុងញត្តិតវ៉ានោះនៅឡើយទេ ។

លោក ឌី ខាំបូលី៖ ចាំមើលខ្ញុំសុំមើលលើខ្លឹមសារហ្នឹងសិនបាទ! ព្រោះមិនអាចយកព័ត៌មានដែលចេញពីអ្នកកាសែត យកមកធ្វើដូច្នឹងបានណាស់ ។

ដើមឆ្នាំ ២០១៨ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចលុបចេញនូវបុគ្គលិកអប់រំមួយចំនួនចេញពីក្របខ័ណ្ឌអប់រំ ។ គ្រូដែលត្រូវបានក្រសួងដកចេញពីក្របខ័ណ្ឌនេះ បញ្ជាក់ថា ការធ្វើនោះដោយសាររឿងនយោបាយ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image