en     km
en     km

អាជ្ញាធរ​មីន​កម្ពុជា​ ៖​ ពលរដ្ឋ​ស្លាប់​ និង​របួស​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ គឺ​ឆ្នាំ​២០១៨​ និង​ឆ្នាំ​២០១៧​ មាន​ប្រហែល​គ្នា​

Share

ភ្នំពេញ​ ៖​ ជា​រៀង​រាល់​ឆ្នាំ​ពលរដ្ឋ​នៅ​តែ​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​។​ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​ អាជ្ញាធរ​មីន​ បញ្ជាក់​ថា​ ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ មាន​ចំនួន​ប្រហាក់ប្រហែល​ និង​ឆ្នាំ​២០១៧​។​ ពលរដ្ឋ​រង​គ្រោះ​ភាគច្រើន​ ដោយសារ​ការ​យក​គ្រាប់​ទៅ​លេង​ និង​កែ​ច្នៃ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​យោង​តាម​របាយការណ៍​របស់​ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (C.M.A.A)​ ដែល​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៦​ ខែធ្នូ​ បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​២០១៨​នេះ​ មាន​ប្រជាពលរដ្ឋ​ចំនួន​ ៥៨​នាក់​ បាន​រង​គ្រោះ​ ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​។​ តាម​របាយការណ៍​ មាន​អ្នក​រង​របួស​ចំនួន​ ៤៨​នាក់​ ស្ដ្រី​ ០៥​នាក់​ បុរស​ ៣០​នាក់​ និង​កុមារ​ ១៣​នាក់​។​ ដោយឡែក​ចំពោះ​ជន​រង​គ្រោះ​ដល់​ស្លាប់មាន​ចំនួន​ ១០​នាក់​ ក្នុង​នោះ​ស្ដ្រី​ម្នាក់​ បុរស​ ០៦​នាក់​ និង​កុមារ​ចំនួន​ ០៣​នាក់​។​

​បន្ថែម​ពី​នេះ​ របាយការណ៍​របស់​អាជ្ញាធរ​មីន​ បន្ដ​ថា​ មាន​រាជធានី​-​ខេត្ដ​ចំនួន​ ១៦​ ដែល​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ។​ រាជធានី​-​ខេត្ដ​ ទាំងនោះ​រួម​មាន​ រាជធានី​ភ្នំពេញ​ ខេត្ដកំពង់ស្ពឺ​ បាត់ដំបង​ ព្រះ​វិហារ​ ឧត្ដរមានជ័យ​ បន្ទាយ​មាន​ជ័យ​ កំពង់ចាម​ ក្រចេះ​ ពោធិ៍សាត់​ សៀមរាប​ កំពង់ឆ្នាំង​ កណ្ដាល​ មណ្ឌលគិរី​ រតនគិរី​ កោះកុង​ និង​ខេត្ដ​ប៉ៃលិន​។​

​លើស​ពី​នេះ​ អាជ្ញាធរ​មីន​ ប្រាប់​ទៀត​ថា​ ខេត្ដ​ដែល​នាំមុខ​គេ​មាន​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ គឺ​ខេត្ដកំពង់ស្ពឺ​ ដែល​មាន​ពលរដ្ឋ​រង​គ្រោះ​ចំនួន​ ១១​នាក់​ ហើយ​តាម​ពីក្រោយ​ដោយ​ខេត្ដបាត់ដំបង​ ០៨​នាក់​ និង​ខេត្ដព្រះវិហារ​ ០៨​នាក់​។​ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ ដោយសារ​ មីន​ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ មាន​ដូច​ជា​ លេង​ ឬ​ច្នៃ​គ្រាប់​ នៅ​ក្បែរ​កន្លែង​កើតហេតុ​ ដោះ​មីន​ ការ​ធ្វើ​ដំណើរ​ ការ​រក​ស្បៀងអាហារ​ សម្អាត​អី​ធ្វើ​កសិកម្ម​ កាប់​ឈើ​ ការ​ធ្វើ​កសិកម្ម​ សកម្មភាព​យោធា​ ការ​ដុត​ភ្លើង​ និង​ការ​បន្ទោ​របង់​។​ អាជ្ញាធរ​មីន​សង្កត់ធ្ងន់​ថា​ ក្នុង​ចំណោម​សកម្មភាព​ទាំង​អស់នេះ​ កត្ដា​ដែល​នាំ​ឲ្យ​មាន​ជន​រង​គ្រោះ​ច្រើន​បំផុត​ កើតឡើង​ដោយសារ​ការ​យក​គ្រាប់​ទៅ​លេង​ ឬ​ការ​យក​គ្រាប់​ទៅ​កែ​ច្នៃ​ និង​អ្នក​នៅ​ក្បែរ​កន្លែង​កើតហេតុ​ជាដើម​។​

​សូម​ជម្រាប​ថា​ កាលពី​ឆ្នាំ​២០១៧​ មាន​ប្រជាពលរដ្ឋ​ចំនួន​ ៥៨​នាក់​បាន​រង​គ្រោះ​ព្រោះ​គ្រាប់​យុទ្ធភណ្ឌ​ផ្សេងៗ​។​ ក្នុង​ចំណោម​នោះ​អ្នក​រង​របួស​មាន​ចំនួន​ ៤៨​នាក់​ និង​ស្លាប់​ចំនួន​ ១០​នាក់​។​ តួលេខ​នេះ​គឺ​ដូច​គ្នា​ នឹង​ឆ្នាំ​២០១៨​ ក៏​ប៉ុន្ដែ​ខេត្ដ​ដែល​មាន​ពលរដ្ឋ​រង​គ្រោះ​ គឺ​មាន​ចំនួន​តែ​ ១២​ខេត្ដ​ប៉ុណ្ណោះ​។​ ខេត្ដ​ដែល​មាន​ពលរដ្ឋ​រង​គ្រោះ​ច្រើន​ជាងគេ​កាលពី​ឆ្នាំ​២០១៧​ គឺ​ខេត្ដ​ ឧត្ដរមានជ័យ​ មាន​ពលរដ្ឋ​រង​គ្រោះ​ចំនួន​ ១៨​នាក់​ ហើយ​តាម​ពីក្រោយ​ដោយ​ខេត្ដព្រះវិហារ​ មាន​ពលរដ្ឋ​រង​គ្រោះ​ចំនួន​ ០៧​នាក់​។​

​យោង​តាម​ប្រសាសន៍​របស់​លោក​ទេស​រដ្ឋមន្ដ្រី​ លី​ ធុ​ជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ក្នុង​ឱកាស​រំលឹក​ខួប​លើក​ទី​១៩​ ទិវា​ជាតិ​យល់​ដឹង​ពី​មីន​ បាន​បញ្ជាក់​ថា​ រាប់​តាំងពី​ឆ្នាំ​១៩៩២​ ដល់​ឆ្នាំ​២០១៧​ ក្រោម​កិច្ច​ខិតខំ​របស់​រាជ​រដ្ឋ​ភិ​បាល​ និង​ការ​សហការ​ជាមួយ​អង្គការ​ផ្សេងៗ​ ក្នុង​ការ​បោសសម្អាត​មីន​ កម្ពុជា​បាន​បោសសម្អាត់​ផ្ទៃដី​ដែល​មាន​មីន​ចំនួន​ ១៦៨០​ គីឡូម៉ែត្រ​ក្រឡា​ និង​បាន​កម្ទេច​ចោល​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចំនួន​ ជាង​ ១​លាន​គ្រាប់​ (១.០៤៧.៤៤៧​គ្រាប់​)​ មីន​ប្រឆាំង​រថក្រោះ​ជាង​ ២​ម៉ឺន​គ្រាប់​ (២៤.៦១៨​គ្រាប់​)​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​ជាង​ ២​លាន​គ្រាប់​ (២.៧១៣.៦០៦​គ្រាប់​)​។​

​លោក​ទេស​រដ្ឋមន្ដ្រី​បាន​សង្កត់ធ្ងន់​ថា​ យោង​តាម​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​សកម្មភាព​មីន​ ឆ្នាំ​២០១៨-២០២៥​ ដី​ដែល​សង្ស័យ​មាន​ផល​ប៉ះពាល់​ដោ​សារ​មីន​ គ្រាប់បែក​ចង្កោម​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ នៅ​មាន​ប្រមាណ​ជាង​ ១៩៧០​ គីឡូ​ម៉ែត្រការ៉េ​។​

​ទាក់ទិន​ករណី​នេះ​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ និង​ជា​ប្រធាន​អាជ្ញាធរ​មីន​ បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​មីន​ សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ ប្រសិនបើ​ឃើញ​ សូមកុំ​ប៉ះពាល់​ និង​ត្រូវ​រាយការណ៍​ទៅ​មេ​ភូមិ​ ឬ​សមត្ថកិច្ច​ដែល​នៅ​ក្បែរ​នោះ​ ដើម្បី​ជៀសវាង​នៅ​គ្រោះថ្នាក់​ផ្សេងៗ​៕

Share

ព័ត៌មានទាក់ទង

Image