ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទៅធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយ ដើម្បីសួរសុខទុក្ខកងទ័ពអាមេរិកប្រចាំប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធ ទី ២៦ធ្នូ គឺ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានប្រកាសដកទ័ពចេញពីប្រទេសស៊ីរី។
នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក ដូណាល់ត្រាំ មកកាន់ប្រទេសអ៊ីរ៉ាក់បន្ទាប់ពី រយៈពេលជា ០២ឆ្នាំមកនេះនៃអាណត្តិជាប្រធានាធិបតីរបស់លោក។
អ្នកខ្លះថា លោក ត្រាំ មានបំណងប្រើបា្រស់ដំណើរទស្សនកិច្ចនេះ ដើម្បីស្ដារប្រជាប្រិយភាពឡើងវិញក្រោយបានបង្កភាពចម្រូងចម្រាស់ ជុំវិញការសម្រេចចិត្តដកកងទ័ពអាមេរិកជាង ២,០០០នាក់ ចេញពីប្រទេសស៊ីរី និងបន្ទាប់ពីលោកបានបង្ខំឱ្យរដ្ឋមន្ត្រីការពារជាតិលោក James Mattis លាលែងពីតំណែងនៅមុនកាលកំណត់។
លោក ដូណាល់ត្រាំ បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ជាមួយជំទាវទីមួយគឺ លោកស្រី Melania Trump។
ក្នុងដំណើរទស្សនកិច្ចនេះ លោកបានបង្ហាញវត្តមានរបស់លោកនៅឯមូលដ្ឋានទ័ពអាកាសអាមេរិកនៅ Al Asad ស្ថិតនៅខាងលិចបន្តិចនៃរដ្ឋធានីបាកដាត។ ក្នុងសុន្ទរកថា ទៅកាន់កងទ័ពអាមេរិក លោកត្រាំ នៅតែការពារសេចក្ដីសម្រេច របស់លោក ចំពោះការដកកងទ័ពចេញអាមេរិកពីស៊ីរីដោយសំអាងថា ក្រុមប្រដាប់អាវុធ ISIS ត្រូវបានកម្ចាត់អស់ហើយ។
តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក ដូណាល់ ត្រាំ បានចំណាយពេលបីម៉ោងជួបសំណេះសំណាលជាមួយកងទ័ពអាមេរិក ហើយបានបន្តដំណើរទៅសួរសុខទុក្ខកងទ័ពអាមេរិកក្នុងប្រទេសអាល្លឺម៉ង់តែម្ដង។
អាមេរិកបានចូលលុកលុយ ប្រទេសអ៊ីរ៉ាក់ដោយទម្លាក់ជនផ្ដាច់ការ សាដាមហូសេន នៅឆ្នាំ ២០០៣។ ការលុកលុយនេះ ក្រោមហេតុផលថា អ៊ីរាក់ មានអាវុធគីមី ដែលជាការបំពានលើច្បាប់អន្តរជាតិ។ អាមេរិកបានឈ្នះសង្រ្គាមនៅអ៊ីរ៉ាក ដោយបញ្ចប់របបសាដាមហូសេនបានទាំងស្រុកគឺបន្ទាប់ពីធ្វើសង្រ្គាមជិតមួយខែ។ រដ្ឋាភិបាលសព្វថ្ងៃបាដាត គឺជារដ្ឋាភិបាលប្រជាធុបតេយ្យកើតចេញពីការបោះឆ្នោត៕
អត្ថបទ៖ លោក នួន បូរិន្ទ