en     km
en     km

ហេតុ​អ្វី​បានជា​ប្រជាពលរដ្ឋ​ខ្មែរ​ មាន​ទម្លាប់​វេច​នំអន្សម​ នំគម​ យក​ទៅ​វត្ត​ពេល​រដូវ​ភ្ជុំ​?

Share

num-onn-sorm-cover-01

រៀង​រាល់​រដូវ​ភ្ជុំបិណ្ឌ​ ប្រជាពលរដ្ឋ​ខ្មែរ​ មិន​ថា​មាន​ ឬ​ក្រ​ គឺ​តែង​នាំ​គ្នា​ វេច​នំអន្សម​ នំគម​ ឬ​នំ​បត់​ជាដើម​ ដើម្បី​យក​ទៅ​វត្ត​។​ តើ​នំ​ទាំងនេះ​ តំណាង​ឱ្យ​អ្វី​ ?​ មាន​ដើម​កំណើត​មកពីណា​?​ថា​តើ​មូលហេតុ​អ្វី​បានជា​ប្រជាពលរដ្ឋ​ ដែល​កាន់​ព្រះ​សាសនា​ មាន​ទម្លាប់​ក្នុង​ការ​វេច​នំអន្សម​ នំគម​ យក​ទៅ​ប្រគេន​ព្រះសង្ឃ​ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​?

​ចង់​ជ្រាប​ព័ត៌មាន​លម្អិត​ សូម​ស្តាប់​បទ​ការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា​ឆេ​ង​ ណា​តា​ដូច​តទៅ​៖

 

​រៀង​រាល់​រដូវ​ភ្ជុំបិណ្ឌ​ នៅ​តាម​គេហដ្ឋាន​នីមួយៗ​ ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​វេច​នំ​ អន្សមជ្រូក​ អន្សមចេក​ និង​នំគម​ជាដើម​ ។​ ជា​ទូទៅ​គេ​តែងតែ​វេច​នំ​ទាំងនេះ​ នៅ​ថ្ងៃ​កាន់បិណ្ឌ​ទី​១៣​ ឬ​ទី​១៤​ ដើម្បី​ត្រៀម​ទុក​យក​ទៅ​វត្ត​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ​។​

​បើ​ក្រឡេក​មើល​នៅ​តាម​វត្ត​អារាម​នីមួយៗ​ មិន​ថា​នៅ​តាម​បណ្ដា​ខេត្ត​ ឬ​រាជធានី​ភ្នំពេញ​ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ​ គេ​ឃើញ​នំអន្សម​គ្រប់​ប្រភេទ​ គរ​ប្រៀប​បាន​ដូច​ជា​កូនភ្នំ​មួយ​ នៅ​លើ​សាលាឆាន់​ ។​

num-onn-sorm-making​សាស្ត្រាចារ្យ​ផ្នែក​វប្បធម៌​ និង​អរិយធម៌​ខ្មែរ​ លោក​យូ​ សុភា​ បាន​ប្រាប់​ឱ្យ​ ដឹង​ថា​ នំអន្សម​  នំគម​ មាន​វត្ត​មាននៅ​ក្នុង​សង្គម​ខ្មែរ​តាំងពី​យូរលង់​ណាស់​មក​ហើយ​។​ លោក​បន្ត​ថា​ នំ​នេះ​ មាន​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​សាសនា​ព្រា​ហ្ម​ ដែល​នំអន្សម​តំណាង​ឱ្យ​លឹ​ង្គ​ព្រះ​ឥសូរ​ និង​នំគម​តំណាង​ឱ្យ​យោនី​នាង​ឧមា​។​ លោក​ថា​៖​ «​ទាក់ទង​ជាមួយ​ការ​យកនំ​ហ្នឹង​ទៅ​ប្រគេន​ព្រះសង្ឃ​គឺ​វា​តំណាង​ឱ្យ​ភេទ​ប្រុស​ និង​ភេទ​ស្រី​ នេះ​ជា​និមិត្តរូប​មួយ​ផ្នែក​វប្បធម៌​ដែល​ទាក់ទង​ជាមួយនឹង​ទំនៀមទម្លាប់​ ខ្មែរ​យើង​ប្រវត្តិ​នៃ​ការ​វេច​នំអន្សម​ហ្នឹង​ មាន​តាំងយូ​ហើយ​ តាំងពី​សម័យ​ព្រះពុទ្ធ​»​។​

​លោក​យូ​ សុភា​ បានឱ្យ​ដឹង​ទៀត​ថា​ បើ​និយាយ​ពី​ទីតាំង​ភូមិសាស្ត្រ​ គឺ​ការ​វេច​នំ​ អន្សម​ គឺ​បង្ហាញ​ភាព​រីក​ចម្រើន​នៃ​ផលិតផល​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ។​ លោក​បន្ថែម​ថា​ ការ​វេច​នំអន្សម​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ វា​មិន​ត្រឹមតែ​ ឧទ្ទិស​ទៅ​ដល់​ ព្រះ​ឥសូរ​ នាង​ឧមា​ និង​ជីដូន​ជីតា​ប៉ុណ្ណោះ​ទេ​ តែ​ការ​ដែល​ប្រជាជន​ខ្មែរ​នាំ​គ្នា​វេច​នំអន្សម​ នៅ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​ វា​ក៏​ជា​ពេលវេលា​មួយ​ សម្រាប់​ការ​ជួបជុំ​គ្នា​ វេច​នំ​ ដែល​បង្ហាញ​ពី​ភាព​សាមគ្គី​គ្នា​ នៅ​ក្នុងភូមិ​ ស្រុក​ផង​ដែរ​។​ «​យើង​ធ្វើ​នៅ​ទៅ​សប្បាយ​ យើង​បង្កើត​បរិយាកាស​រីករាយ​ ហើយ​យើង​ចេះ​ចែករំលែក​គ្នា​ ហើយ​យើង​មានឱកាស​វេលា​ជួបជុំ​គ្នា​ យើង​ចេះ​ចែករំលែក​ទៅ​ដល់​ព្រះសង្ឃ​ ទៅ​ដល់​អ្នក​ជិតខាង​ ទៅ​អ្នក​ចំណុះ​ជើងវត្ត​ ហើយ​ការ​សាមគ្គី​នេះ​គឺជា​សុភមង្គល​ចេញ​ចិត្ត​របស់​យើង​»​។​  ការ​វេច​នំអន្សម​ទៅ​វត្ត​ ទទួល​បាន​បុណ្យ​កុសល​ពីរ​យ៉ាង​ គឺ​ទី​១​បាន​ឧ​ទ្ធិ​ស​ទៅ​ ដូនតា​ដែល​បាន​ចែក​ឋាន​ទៅ​ និង​ទី​២​  បាន​ចែកចាយ​ដល់​អ្នក​ដែល​នៅ​រស់​ ដូច​ជា​អ្នក​ជិតខាង​ ឬ​ក្មេង​កំព្រា​ជាដើម​។​ លោក​បន្ត​ថា​ ប្រទេស​ដែល​និយម​វេច​នំអន្សម​ នំគម​ យក​ទៅ​វត្ត​ភាគច្រើន​គឺ​ប្រទេស​ដែល​កាន់សាសនា​ព្រះពុទ្ធ​ ដូច​ជា​ប្រទេស​ ថៃ​ ឡាវ​ វៀតណាម​ជាដើម​។​

​ទាក់ទង​នឹង​ការ​ធ្វើ​នំអន្សម​ នំគម​ នា​រដូវ​ភ្ជុំបិណ្ឌ​នេះ​ ពលរដ្ឋ​ម្នាក់​នៅ​តាម​ទន្លេបាសាក់​ ក្នុង​ខេត្តកណ្ដាល​ អ្នកស្រី​ កែវ​ រ៉ា​វី​ បាន​ប្រាប់​ថា​ ជា​រៀង​រាល់​ឆ្នាំ​ អ្នកស្រី​តែង​វេច​នំអន្សម​ នំគម​យក​វត្ត​ ទោះ​តិច​ឬ​ច្រើន​ក៏​ដោយ​ ។​ អ្នកស្រី​ថា​ មូលហេតុ​ដែល​អ្នកស្រី​វេច​នំអន្សម​ក្នុង​បុណ្យ​ភ្ជុំបិណ្ឌ​ជា​រៀង​រាល់​ឆ្នាំ​ គឺ​ធ្វើ​តាម​ទំនៀមទម្លាប់​ ដូនតា​តាំងពី​ដើម​មក​num-onn-sorm-making-2។​

​ព្រះសង្ឃ​គង់នៅ​វត្ត​បទុម​វ​ត្តី​ ព្រះ​តេជគុណ​ង៉ែត​ រ៉ា​ល់​ បាន​មាន​សង្ឃដីកា​ឱ្យ​ដឹង​ថា​ ថ្ងៃ​កាន់បិណ្ឌ​ធម្មតា​មិនសូវ​មាន​អ្នក​យកនំ​អន្សម​មក​ប្រគេន​ព្រះសង្ឃ​ច្រើន​នោះ​ទេ​ ទាល់តែ​ថ្ងៃ​ចុង​ក្រោយ​ទើប​សម្បូរ​ ។​ ប៉ុន្តែ​ព្រះ​អង្គ​ថា​ ទោះជា​យ៉ាងណា​នៅ​រាជធានី​ភ្នំពេញ​ មិនសូវ​សម្បូរ​ដូច​នៅ​តាម​ស្រុកស្រែ​ចម្ការ​នោះ​ទេ​ ដោយសារ​ពួក​គាត់​មិនសូវ​វេច​ដូច​អ្នក​នៅ​តាម​បណ្តា​ខេត្ត​ ។​

​ព្រះ​អង្គ​មាន​សង្ឃដីការ​បន្ថែម​ថា​៖​ «​ថ្ងៃ​ឆ្លង​បាន​សំបូរ​ជា​ពិសេស​នៅ​តាម​ជនបទ​បាន​សំបូរ​ច្រើន​។​ នៅ​ថ្ងៃ​ចុង​ក្រោយ​គាត់​វេច​នំអន្សម​ដើម្បី​ចែក​ជូន​គ្នា​គាត់​ហូប​ពិសារ​ ហើយ​ឧទ្ទិស​ដល់​ញាតិ​ការ​ប្រាំពីរ​សន្តាន​។​នំអន្សម​ ភាគច្រើន​ថ្ងៃ​ចុង​ក្រោយ​អា​ត្នា​ រៀប​ជា​ចំណែក​ទៀត​ ក្រោយ​ពី​ទទួលទាន​ហ្នឹង​ អា​ត្នា​ផ្ទេរ​មួយ​ចំណែក​ មាន​ក្រុមព្រះ​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ព្រះ​មេគុណ​លោក​ជា​អ្នកដឹកនាំ​បានឱ្យ​គ្រប់​វត្ត​ទាំងអស់​ នៅ​សល់​មួយ​ចំណែក​ ដឹក​យក​ទៅ​ជូន​អ្នក​ជាប់​ពន្ធនាគារ​»​។​

​តាម​វចនានុក្រម​ របស់​សម្តេច​ សង្ឃ​រាជ្យ​ជួន​ ណាត​ បាន​ឲ្យ​ដឹង​ថា​ ពាក្យ​ «​អន្សម​»​ គឺជា​ឈ្មោះ​នំ​ធ្វើ​ដោយ​អង្ករដំណើប​ ខ្ចប់​ដោយ​ស្លឹក​ស្រស់​ តាម​ធម្មតា​ ច្រើន​ប្រើ​ស្លឹកចេក​។​ នំអន្សម​មាន​រាង​មូល​រល​ស្មើ​ចុង​ស្មើ​ដើម​ ចម្អិន​ដោយ​ស្ងោរ​ ឬ​អាំង​ក៏​មាន​ ។​ អន្សម​ មាន​ច្រើន​ប្រភេទ​ដូច​ជា​ អន្សមចេក​  អន្សមជ្រូក​   អន្សមដូង​ និង​ អន្សមអាំង​ជាដើម​ ។​ ចំណែក​ «​នំគម​»​ វិញ​ មាន​សណ្ឋាន​ ដូច​ខ្នង​គម​ ធ្វើ​ពី​ម្សៅដំណើប​មាន​ស្នូល​ដូង​ ឬ​សណ្ដែក​ ខ្ចប់​ដោយ​ស្លឹក​ ចម្អិន​ដោយ​ចំហុយ​។​

​បើ​តាម​អ្នកស្រី​ កែវ​ ច័ន្ទ​បូ​រណ៍​ ពាក្យ​ថា​ អន្សម​នេះ​ គឺជា​ពាក្យ​ក្លា​យមក​ពី​ពាក្យ​ដើម​ ថា​ នំ​សន្សំ​ គឺ​មាន​ន័យ​ថា​ ជា​នំ​តំណាង​ភោគផល​ បរិបូណ៌​ ដែល​ពលរដ្ឋ​ បាន​ធ្វើ​ការងារ​ស្រែ​ចម្ការ​ សន្សំទុក​នូវ​ភោគផល​នេះ​ សម្រាប់​ដោះស្រាយ​ការ​រស់នៅ​ មិន​ឲ្យ​មានការ​ខើច​អត្តខាត់​ ក្នុង​គ្រួសារ​នីមួយៗ​ ជា​ពិសេស​ នៅ​រដូវ​រាំង​ស្ងួត​ ឬ​នៅ​ពេល​ស្រុក​ទេស​មាន​សង្គ្រាម​ទុរភិក្ស​អន្តរាយ​។​

num-onn-sorm-making-04នៅ​ជំនាន់​ដើម​ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ បែងចែក​ការ​វេច​នំអន្សម​ ជា​ពីរ​បែប​ ហៅ​ថា​ អន្សម​ញី​ និង​ អន្សម​ឈ្មោល​។​ គេ​វេច​នំអន្សម​ញី​ ដោយ​ការ​ខ្ចប់​ អង្ករដំណើប​ជាមួយ​ចេកទុំ​ ធ្វើ​ជា​ស្នូល​ មូរ​រុំហើយ​បត់ស្លឹក​ចេក​ នៅ​ក្បាល​នំអន្សម​ទាំង​សងខាង​ តែ​មួយ​ផ្នត់​ រួច​ដាក់​ផ្អោប​ផ្គួប​ពីរ​នំ​ ចង​មូរ​ភ្ជាប់​គ្នា​ ឲ្យ​ជាប់​ល្អ​ ទើប​យក​ទៅ​ដាក់​ស្ងោរ​ក្នុង​ថ្លាង​ធំ​ ។​ ចំណែក​ ការ​វេច​នំអន្សម​ឈ្មោល​វិញ​ មាន​ដាក់​សណ្តែកបាយ​ និង​សាច់​ជ្រូក​ប្រឡាក់​ប្រៃ​ ដាក់​ជា​ស្នូល​ មូរ​រុំ​នឹង​ស្លឹកចេក​យ៉ាង​ក្រាស់​ ធំៗ​ជាង​នំអន្សម​ញី​ រួច​ហើយ​ គេ​បត់ស្លឹក​ចេក​ នៅ​ក្បាល​នំអន្សម​ទាំង​សងខាង​ ក្បាល​នំ​ម្ខាង​មាន​ពីរ​ផ្នត់​ រួច​ហើយ​រុំខ្សែ​ព្រាល​ចង​ឲ្យ​ណែន​តឹង​ ទោល​តែឯង​ មិន​មាន​ផ្គួប​ជាមួយ​អន្សម​ណា​ទេ​។​

​ដោយសារ​ការ​វេច​នំអន្សម​ឈ្មោល​ញី​ បែប​ខុស​គ្នា​នេះ​ហើយ​ ទើប​អាច​ឲ្យ​គេ​ចំណាំ​នំអន្សម​បាន​ យ៉ាង​ងាយ​ថា​ មួយ​ណា​ញី​ មួយ​ណា​ឈ្មោល​ ក្នុង​លក្ខណៈ​ជា​ភេទ​ ខុស​គ្នា​ តាម​រូបរាង​ គឺ​អន្សម​ញី​ មាន​រសផ្អែម​ មាន​ស្នូល​​num-onn-sorm-making-statue-3ចេកទុំ​ និង​គ្រាប់សណ្តែក​ស្ងោរ​ ហើយ​មាន​រាង​តូច​ខ្លី​ ហើយ​សំប៉ែត​ ដោយសារ​ការ​ច្របាច់​ផ្គួប​ ចង​អន្សម​ពីរ​ផ្អោប​ចូល​គ្នា​តែ​មួយ​។​ ចំណែក​អន្សម​ឈ្មោល​ តែង​មាន​រសជាតិ​ប្រៃ​ មាន​ស្នូល​សណ្តែកបាយ​ និង​សាច់​ជ្រូក​ មាន​រាង​មូល​ធំ​ ហើយ​វែង​ ជួនកាល​មាន​ទម្ងន់​ ដល់​ទៅ​ ៥​ ឬ​ ៦​គីឡូក្រាម​។

នៅ​សម័យ​ដើម​ អ្នកស្រុក​ដែល​នៅ​តំបន់​មាត់​ស្ទឹង​ ឬ​អូរ​ធំៗ​ គេ​ច្រើន​ធ្វើ​នំអន្សម​ ដាក់​តែ​អង្ករដំណើប​ និង​អំបិល​ឡ​មៗ​ មិន​ដាក់​ស្នូល​ ដាក់​ខ្ទិះដូង​ ឬ​ស្ករ​ទេ​ ព្រោះ​គេ​ចង់​ទុក​ឲ្យ​បាន​យូរ​រាប់​ខែ​ មិន​មាន​ឲ្យ​ផ្អូម​ ជា​ពិសេស​ នំអន្សម​ឈ្មោល​។​ គេ​ច្រើន​វេច​អន្សម​នេះ​ ចង​ជា​ចង្កោម​ ស្ងោរ​ឲ្យ​ឆ្អិន​ ពេល​ណា​ បរិភោគ​មិន​អស់​ គេ​អាច​ចងខ្សែ​ បោះ​អន្សម​ ទម្លាក់​ទៅ​បាត​ស្ទឹង​ ឬ​បាត​អូរ​ជ្រៅ​ ដែល​មានទឹក​ត្រជាក់​ នោះ​អន្សម​អាច​រក្សា​រសជាតិ​យូរ​ មិន​ងាយ​ផ្អូម​។​ នៅ​ពេល​ណាមួយ​ ដែល​គេ​នឹកភ្នក​ ចង់​បរិភោគ​ អ្នកស្រុក​នឹង​ទៅ​ស្រាវ​យក​អន្សម​មួយ​ កាត់​យក​មក​ស្ងោរ​ ហើយ​ឆី​ដូច​នំអន្សម​ធម្មតា​ វេច​ថ្មីៗ​ដែរ​។​

ពិសេស​ទៅ​ទៀត​នោះ​ អ្នកស្រុក​ខ្មែរ​ ច្រើន​ធ្វើ​នំអន្សម​របៀប​នេះ​ នៅ​ក្នុង​កល​យុគ​ ដែល​ប្រទេស​ជាតិ​ មាន​សង្គ្រាម​ទុរភិក្ស​ មាន​ខ្មាំង​ ឬ​ ចោរប្លន់​ច្រើន​ ពិបាក​រត់លូន​ គេច​ចំបាំង​ និង​ពិបាក​ចេញចូល​ ដាំ​អាហារ​ចម្អែត​ក្រពះ​។​ គេ​ច្រើន​ធ្វើ​អន្សម​ ដើម្បី​ទុក​ជួយ​ផ្គត់ផ្គង់​ ទាហាន​ដែល​នៅ​ក្នុង​សមរភូមិ​ចំបាំង​ ដោយ​ភាព​ប្រញាប់​អាសន្ន​ ព្រោះ​ពុំ​មាន​ពេល​ដណ្តាំ​ចំអិន​អាហារ​៕

Share

Image
Image
Image