en     km
en     km

សម្ដេច ហ៊ុន សែន គម្រាមមន្ត្រីCNRPថា បើមិនសុំសិទ្ធិធ្វើនយោបាយទេគ្មានសិទ្ធិចូលរួមបោះឆ្នោតឆ្នាំ ២០២២

Share

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន គម្រាមទៅក្រុមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិថា​ បើមិនមកសុំសិទ្ធិធ្វើនយោបាយទេ នឹងមិនមានសិទ្ធិចូលរួមឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០២២ ។ សម្ដេច ហ៊ុន សែន មានប្រសាសន៍បែបនេះ ដើម្បីឱ្យមន្ត្រីអតីតគណបក្សនេះ គិតពិចារណាឱ្យបានដិតដល់ ។ អ្នកវិភាគថា បើសិនជាមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ មិនស្នើសុំសិទ្ធិធ្វើនយោបាយគឺច្បាប់ថ្មីដែលទើបធ្វើវិសោធនកម្មក៏មិនមានតម្លៃដែរ។ 

រាយការណ៍ដោយ លោក សោម លាភ

នៅចំពោះមុខកម្មករជាងមួយម៉ឺននាក់ នៅខេត្តកណ្ដាល សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសទៅមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលបិទសិទ្ធិធ្វើសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំ ឱ្យគិតពិចារណាឱ្យបានល្អិតល្អន់អំពីការសុំ ឬមិនសុំសិទ្ធិធ្វើសកម្មភាពនយោបាយ ។

ចំណុចពីរយ៉ាង សម្ដេច ឱ្យមន្ត្រីអតីតគណបក្សប្រឆាំងនេះ ពិចារណា ។ ទី ១ គឺ នៅទ្រាំតស៊ូ សាមគ្គីគ្នាបន្តទៀត និងទី ២ គឺមកសុំសិទ្ធិធ្វើនយោបាយ ។

សម្ដេចបន្ថែមថា បើមកសុំសិទ្ធិធ្វើនយោបាយ គឺនឹងបានចូលរួម និងត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើនយោបាយឱ្យទាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ តែបើមិនសុំទេ គឺមិនអាចទេ ។

សម្ដេច ហ៊ុន សែន៖ ពិតហើយ យើងបានឮថា គេមិនសុំ។ បាទ! មិនសុំខ្ញុំអរគុណ ព្រោះអ្នកត្រូវដឹងថា អ្នកដែលមិនសុំ អ្នកក៏នឹងមិនបានចូលរួមការបោះឆ្នោតនៅឆ្នាំឃុំសង្កាត់ នៅឆ្នាំ ២០២២ដែរ។ អ្នកជ្រើសរើសទៅ រវាងម្ខាង អ្នកសុំអ្នកនឹងបានសិទ្ធិធ្វើនយោបាយពីឥឡូវ  រៀបចំកម្លាំងដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ ២០២២។ ប៉ុន្តែបើសិនជាអ្នកនៅជាប់បម្រាម  អ្នកហ៊ានធ្វើនយោបាយ អ្នកនឹងទទួលទោសបន្ថែមទៀត អ្នកគិតមើលទៅចំណេញខាតនៅកន្លែងណា   អ្នកគិតមើលទៅ ខ្ញុំមិនបង្ខំអ្នកទេ

នាយករដ្ឋមន្ត្រីរូបនេះថា បើមិនសុំសិទ្ធិធ្វើនយោបាយទេ ដោយនៅទ្រាំរង់ចាំឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញនោះ គឺមិនអាចទៅរួចទេ។ សម្ដេច ពន្យល់ថា មិនមានប្រយោជន៍ទេ ដែលរង់ចាំនោះ ពោលគឺកុំព្យាយាមធ្វើឱ្យព្រះអាទិត្យរះនៅម៉ោង ១២ យប់អី ។

យ៉ាងណាមិញ អ្នកនាំពាក្យគណបក្សកាន់អំណាច ធ្លាប់បានមានប្រសាសន៍ថា ការធ្វើវិសោធន​កម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ មិនអាចជាប្រយោជន៍ដល់លោក សម រង្ស៊ីនោះទេ។

ទាំងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិតែងតែអះអាងថា វិសោធនកម្មនេះ ធ្វើឡើងមិនមែនសម្រាប់តែគណបក្សណាមួយនោះទេ តែជាការធ្វើឡើងដើម្បីជាផលប្រយោជន៍ដល់គណបក្សទាំងអស់ ដែលមាននៅកម្ពុជា ។

សម្ដេច ហ៊ុន សែន បញ្ជាក់ម្ដងទៀតថា ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយគឺមាន ៣ ជម្រើសរើស។

ជម្រើសទាំង ៣ នោះ គឺទី ១ គឺបុគ្គលនោះ អាចថ្វាយស្នើសុំព្រះរាជទាន ដកបម្រាមពីព្រះមហាក្សត្រដោយផ្ទាល់។ ទី ២ គឺ ដាក់លិខិតមកកាន់នាយករដ្ឋមន្រ្តីកម្ពុជា និងទី ៣ ដាក់លិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្ដេច ព្រមានចំពោះអតីតមន្ត្រីបក្សប្រឆាំងថា បើមិនសុំសិទ្ធិធ្វើនយោបាយទេ តែធ្វើសកម្មភាពនយោបាយ នោះអ្នកទាំងនោះនឹងមានទោស។      

សម្ដេច បញ្ជាក់ទៀតថា គ្មានគណបក្សសង្គ្រោះជាតិ ក៏មានគណបក្សផ្សេងទៀតដែរ ដែលចូលរួមធ្វើសកម្មភាពនយោបាយ។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់ឱ្យអ្នកដែលត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ឱ្យដាក់ពាក្យស្នើសុំធ្វើនយោបាយឡើងវិញ ជាច្រើនលើកមកហើយ។

តែយ៉ាងណាក្ដី លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានអំពាវនាវឱ្យមន្ត្រីរបស់ខ្លួនមិនត្រូវសុំសិទ្ធិនេះឡើយ ព្រោះបើសុំស្មើនឹងទទួលស្គាល់ថា ការរំលាយគណបក្សសង្គ្រោះជាតិ និងការហាមឃាត់នយោបាយនេះ គឺជាការស្របច្បាប់។

យ៉ាងណាមិញ មន្ត្រីភាគច្រើនរបស់គណបក្សសង្គ្រោះជាតិ បានបង្ហាញគោលជំហរថា មិនសុំសិទ្ធិធ្វើនយោបាយពីនាយករដ្ឋមន្ត្រីកម្ពុជាឡើយ។

លោក សម រង្ស៊ីអះអាងថា មន្ត្រីដែលមិនបន្ទាបខ្លួនសុំសិទ្ធិធ្វើនយោបាយនេះមានរហូតដល់ទៅ ៩៩% ក្នុងចំណោម ១១៨ នាក់។

អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជាថា ការវិសោធនកម្មនេះ មានលក្ខណៈមិនមែនបង្កើតឡើងដើម្បីបុព្វហេតុសង្គមពិតប្រាកដនោះទេ។

លោក ឯម សុវណ្ណារ៉ា ប្រាប់វិទ្យុស្រ្តីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ប្រសិនបើមន្ត្រីទាំងនោះ មិនស្នើសុំសិទ្ធិធ្វើនយោបាយ នោះការយន្តការនៃការវិសោធនកម្ម និងការអនុវត្តច្បាប់នេះ នឹងមិនបានប្រយោជន៍ទេ។

លោក ឯម សុវណ្ណារ៉ា៖ តែបើសិនបើអ្នកនយោបាយប្រឆាំងមិនស្នើសុំ តើវាបានប្រយោជន៍អីសម្រាប់យន្តការនៃការអនុវត្តច្បាប់នឹង   អ៊ីចឹងវាអត់មានប្រយោជន៍អី អត់មានគេហៅថា ទស្សនៈនៃការ រួបរួមជាតិដែលចង់បាន ខណៈការអនុវត្ត ឬវិសោធនកម្មច្បាប់ដើម្បី បើកផ្លូវឱ្យអតីតគណបក្សប្រឆាំងមានសិទ្ធិធ្វើនយោបាយឡើងវិញនឹង វាអត់សម្រេចទៅបានបើសិនអ្នកទាំងអស់នោះអត់ស្នើសុំ ហើយស្របទៅតាមទស្សនៈគំនិតដែលនាយករដ្ឋមន្ត្រីលើកឡើងពីព្រឹកមិញ អាហ្នឹងជាបញ្ហាប្រឈមគ្នា 

លោកថា វិសោធនកម្មច្បាប់នេះ គួរតែលុបចេញនូវបញ្ញតិ្តដែលតម្រូវឱ្យអ្នកហាមឃាត់សិទ្ធិធ្វើនយោបាយស្នើសុំចេញ ។ មានន័យថា បុគ្គលដែលត្រូវបានតុលាការហាមឃាត់ទាំងនោះ ទទួលបានសិទ្ធិធ្វើនយោបាយដោយស្វ័យប្រវត្តិ នៅពេលដែលច្បាប់នោះចូលជាធរមាន។

លោក បន្ថែមថា វិសោធនកម្មនេះ ជាការបង្កើតឡើងដើម្បីទាញយកផលចំណេញ ដោយពន្លិចនូវប្រជាប្រិយភាពរបស់គណបក្សប្រឆាំង ។

លោក ឯម សុវណ្ណារ៉ា៖ ប៉ុន្តែបើអ្នកនយោបាយមួយក្រុម ធ្វើលិខិតស្នើសុំ ឬលំទោនទៅអ្នកនយោបាយមួយក្រុមទៀត  បានន័យថា អ្នកនយោបាយនឹងទោទន់ គេហៅបាត់បង់នូវភាពរឹងមាំ ដែលធ្វើឱ្យគាត់នឹងបាត់បង់នូវប្រជាប្រិយភាព។ នេះជាហេតុផលពីក្រោយនៅក្នុងឆាកនយោបាយដែលអាចធ្វើឱ្យ អ្នកនយោបាយទាមទារ កេងចំណេញគេហៅថាភាពប្រជាប្រិយភាពរៀងៗខ្លួនបាទ!

វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយមាត្រា ៤៥ ថ្មីស្ទួន ត្រូវបានព្រឹទ្ធសភាកម្ពុជាអនុម័តជាឯកច្ឆ័នដោយសម្លេង ៥៦ លើ ៥៦ កាលពីម្សិលមិញ។ យ៉ាងណា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨ ដើម្បីពិនិត្យធម្មនុញ្ញភាពលើច្បាប់នេះ។

វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា ៤៥ ថ្មីស្ទួន បានចែងថា៖

«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image