ភ្នំពេញ ៖ វេលាថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្ដាលឲ្យមនុស្សប្រុស-ស្រី ចំនួន ០៣នាក់បានស្លាប់បាត់បង់ជីវិត។ ពួកគាត់បានធ្វើដំណើរឆ្ពោះទៅខេត្ដព្រះសីហនុ ដែលអ្នកខ្លះក្នុងគោលដៅធ្វើការសំណង់នៅទីនោះ។
លោក ញ៉ែម រស្មី អធិការរង ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ ទទួលបន្ទុកខាងសណ្ដាប់ធ្នាប់ បានប្រាប់វិទ្យុស្ដ្រីថា ឡាននេះ គឺជាឡានដឹកអ្នកដំណើរ ដែលមានអ្នកជិះទាំងអស់ចំនួន ១១នាក់ ហើយជនរងគ្រោះចំនួន ១០នាក់។ លោកអធិការរងបន្ដថា ជនរងគ្រោះទាំង ១០នាក់ ០៧នាក់រងរបួសធ្ងន់ (ប្រុស) និង ០៣នាក់បានស្លាប់បាត់បង់ជីវិត ពីរនាក់ជាស្ដ្រី ម្នាក់ជាបុរស។
លោកអធិការរងបន្ថែមទៀតថា ជនរងគ្រោះទាំងអស់១០នាក់នោះ គឺសុទ្ធតែមានស្រុកកំណើតមកពីខេត្ដផ្សេងៗ ដែលមានដូចជាខេត្ដតាកែវ កំពង់ស្ពឺ កំពង់ធំ និងខេត្ដបាត់ដំបង។ ជុំវិញមូលហេតុដែលបណ្ដាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចសន្និដ្ឋានថា គឺជាការបើកវ៉ាជែងគ្នា។
លោក ញ៉ែម រស្មី បញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ ខេត្ដព្រះសីហនុ គឺតែងតែកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ពីព្រោះតែអ្នកបើកបរភាគច្រើនបើកបរដោយគ្មានការអធ្យាស្រ័យគ្នា ស្របពេលដែលខេត្ដទេចសចរណ៍ដ៏ធំមួយនេះ មានភ្ញៀវទេសចរណ៍ទៅកម្សាន្ដកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ករណីនេះ លោកអធិការរងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកបើកបរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និងបើកបរដោយមានការយោគយល់ អធ្យាស្រ័យគ្នាខ្ពស់។
សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកាលចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែធ្នូ បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១០៦នាក់ និងរងរបួសចំនួន ៣២០នាក់។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕