ភ្នំពេញ៖ នាយកផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ឱ្យដឹងថា អាជ្ញាធរបានរឹបអូសសត្វអណ្តើកសល ៧៣ ក្បាល និងទន្សង ៥៣ ក្បាលក្នុងរថយន្តទំនើបមួយគ្រឿងដែលឈ្មួញដឹកជញ្ជូនពីខេត្តបន្ទាយមានជ័យឆ្ពោះមករាជធានីភ្នំពេញ។ រដ្ឋបាលព្រៃឈើកំពុងស្វែងរកឈ្មួញដឹកជញ្ជូនសត្វព្រៃទាំងនោះមកទទួលខុសត្រូវចំពោះមុខច្បាប់។
លោក ធូ វិរៈ រាយការណ៍
នាយកដ្ឋានរដ្ឋបាលព្រៃឈើ ឱ្យដឹងថាអាជ្ញាធរកំពុងស្វែងរកម្ចាស់រថយន្តជាឈ្មួញដឹកជញ្ជូនសត្វព្រៃជាង៥០០គីឡីក្រាមមកទទួលខុសចំពោះមុខច្បាប់ ក្រោយពីអាជ្ញាធររឹបអូសសត្វអណ្តើកនិងទន្សង នៅសង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីថ្ងៃទី ២៤ ធ្នូ ឆ្នាំ ២០១៨។
លោក អ៊ឹង វុធារ៉ា នាយកផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីស្ថិតនៅខេត្តសៀមរាប បានរឹបអូសសត្វអណ្តើកសកលចំនួន ៧៨ ក្បាល និង ទន្សងចំនួន ៥៣ ក្បាល ដែលមានទម្ងន់សរុបជាង ៥០០គីឡូក្រាម។ សត្វព្រៃទាំំងនេះ ត្រូវបានអាជ្ញាធររឹបអូសពីរថយន្តហាយឡែនឌ័រព័ណ៌សមួយគ្រឿងដែលឈ្មួញដឹកជញ្ជូនចេញពីខេត្តបន្ទាយមានជ័យដោយឃាត់រថយន្តនៅរសៀលម៉ោង ២ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ចន្ទ ទី ២៤ ធ្នូ ឆ្នាំ ២០១៨។ ប៉ុន្តែម្ចាស់រថយន្តបានគេចខ្លួនបាត់។
លោក អ៊ឹង វុធារ៉ា នាយកផ្នែករដ្ឋបាលព្រៃឈើបានប្រាប់វិទ្យុស្ត្រីថា លោកកំពុងធ្វើលិខិតប្រកាសស្វែងរកចម្ចាស់រថយន្តដឹកសត្វព្រៃដើម្បីធ្វើការផាកពិន័យទៅតាមច្បាប់។
លោក អ៊ឹង វុធារ៉ា បញ្ជាក់ទៀតថា សត្វអណ្តើក និងទន្សងរស់ទាំងអស់នឹងត្រូវព្រលែងចូលក្នុងព្រៃធម្មជាតិវិញ បន្ទាប់ពីមានសេចក្តីសម្រេចពីព្រះរាជអាជ្ញានៃសាលាដំបូងខេត្តសៀមរាប។
លោក អ៊ឹង វុធារ៉ា៖«អត់ទាន់ឃើញម្ចាស់ខ្លួនចូលមកដោះស្រាយ បាទខ្ញុំកំពុងធ្វើសេចក្តីជូនដំណឹងម្ចាស់ខ្លួនចូលមកបង់ផាក់ពិន័យទៅ។ការផាក់ពិន័យគិតជាគីឡូ កន្លងមកយើងចន្លោះពី ២ម៉ឺនរៀលទៅ៤ម៉ឺនរៀលក្នុងមួយគីឡូក្រាម។សុំគោលការណ៍រាយការណ៍សុំពីព្រះអាជ្ញាយកទៅព្រលែងអត់ហ៊ានទុកយូខ្លាចវាងាប់ យកទៅព្រលែងក្នុងចំការពូជឈើក្រញូងនៅបន្ទាយស្រី»។
កាលពីថ្ងៃទី ១ ធ្នូ ឆ្នាំ ២០១៨ អាជ្ញាធរមានសមត្ថកិច្ចឆ្មក់ចូលលំនៅឋានមួយកន្លែងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រឹបអូសបានសត្វព្រៃជាច្រើនក្បាលរួមមាន អណ្តើកសកលរស់ចំនួនពីរក្បាល កន្ធាយអាស៊ីរស់ ១៥ក្បាល ពល់ថ្លាន់១ក្បាល អណ្តើកភ្នំ១ ក្បាល និងអណ្តើកសោមញីចំនួន៣ក្បាល ហើយរឹបអូសសាច់ជ្រូកព្រៃស្រស់ ១៦ គីឡូក្រាម សាច់ឈ្លូសស្រស់ចំនួនជាង៦គីឡូក្រាម និងសត្វសំពោជក្រអូបងាប់ជិត ៩ គីឡូក្រាម និងក្រចកសត្វខ្លាឃ្មុំតូចក្រៀមចំនួន ១៤ គូរ៕