en     km
en     km

ក្រុមប្រឹក្សាធម្មនុញ្ញ នឹងពិនិត្យធម្មនុញ្ញភាពលើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ

Share

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចយកថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨ ជាថ្ងៃបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យធម្មនុញ្ញភាពលើច្បាប់ស្ដីពី គណបក្សនយោបាយ មាត្រា ៤៥ ថ្មីស្ទួន ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី ២៥ ខែ ធ្នូ ម្សិលមិញ។

តាមសេចក្ដីប្រកាសនេះ បញ្ជាក់ថា  កិច្ចប្រជុំពេញអង្គនេះ ធ្វើឡើងក្រោមការចូលរួមរបស់លោក អ៊ឹម ឈុនលីម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

ការប្រកាសព័ត៌មាននេះបញ្ជាក់ទៀតថា កិច្ចប្រជុំនេះ ធ្វើឡើងជាការឆ្លើយតបចំពោះសំណើពីសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា។

សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ មាត្រា ៤៥ ថ្មីស្ទួន ត្រូវបានស្នើដោយតំណាងរាស្ត្រដែលជាសមាជិករដ្ឋសភា ក្រោមសម្លេង ៨៧ លើ ១២៥។

ក្រោយមក រដ្ឋសភាបានអនុម័តទាំងស្រុងលើបញ្ញត្តិនេះ ក្រោមសម្លេង ១១៥ លើ ១២៥។

មកដល់ថ្ងៃទី ២៥ ខែធ្នូ ម្សិលមិញ ព្រឹទ្ធសភា បានអនុម័តទាំងស្រុងក្រោមសម្លេង ៥៦ នៃសមាជិកទាំងមូល។

វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា ៤៥ ថ្មីស្ទួន បានចែងថា៖

«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image