en     km
en     km

បុគ្គលិកWMCជាប់លេខ១ លើស្នាដៃវីដេអូអប់រំស្តីពីការយល់ដឹងពីថវិកាថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិពី TI

Share

ភ្នំពេញ៖ បុគ្គលិកនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) ចំនួនបីរូបបានទទួលពានរង្វាន់ជ័យលាភីលេខ ១ លើស្នាដៃផលិតខ្សែវីដេអូអប់រំខ្លីមួយ ស្តីពី ការលើកកម្ពស់ការយល់ដឹងអំពី ថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅថ្ងៃទី ២៥ ខែធ្នូនេះ ពីអង្គការតម្លាភាពកម្ពុជា(TI)។

កញ្ញា យី​ លុយហ៊ាង និងលោក រស់ គង់ ទទួលបានរង្វាន់ពីអង្គការតម្លាភាពកម្ពុជា ស្តីពីស្នាដៃប្រកួតប្រជែងផលិតខ្សែវីដេអូ ស្តីពី ការលើកកម្ពស់ការយល់ដឹងពី ថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។រូបភាពដោយ កែវ សុខា

 

ស្នាដៃខ្សែវីដេអូអប់រំខ្លីមានថេរវេលាប្រមាណជាពីរនាទីមានចំណងជើងថា«អត់គ្រប់តឹក» ត្រូវបានអង្គការតម្លាភាពកម្ពុជាសម្រេចជ្រើសរើសឱ្យជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងចំណោមស្នាដៃប្រកួតប្រជែងផ្សេងទៀត ។

វីដេអូអប់រំខ្លីនេះ បានបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គការតម្លាភាពកម្ពុជា ដោយមានចំនួនអ្នកចូលទស្សនាជាង ២៧ពាន់ ដងឬ(២៧ខេ) និងចែកចាយបន្តលើបណ្តាញសង្គមហ្វេសប៊ុកជាង ៧០០នាក់។ វីដេអូមានចំណងជើងថា«អត់គ្រប់តឹក»នេះ បង្ហាញពីដំណើរសាច់រឿងរបស់យុវតីម្នាក់ បានចូលរួមសង្កេតឃ្លាំមើលការកសាងផ្លូវបេតុងមួយខ្សែក្នុងសហគមន៍ ដែលផ្លូវនោះមិនគ្រប់កម្រាស់​ ឬគ្រប់ចំនួនដូចអ្វីដែលបានលើកក្នុងផែនការអភិវឌ្ឍន៍ឃុំនោះឡើយ។

វីដេអូនេះក៏បានលើកឡើងពីការឈឺឆ្អាលរបស់ក្មេងស្រីនោះ​ តាមរយៈការសួរដេញដោលទៅកាន់អាជ្ញាធរឃុំ ដែលខាងក្រុមហ៊ុនកសាងផ្លូវមិនគ្រប់កម្រាស់។ ចុងបញ្ចប់នៃរឿងនេះ អ្នកនិពន្ធបានឆ្លុះបញ្ចាំងពីប្រសិទ្ធិភាពដែលទទួលបានក្រោយការដេញ ដោលពីយុវតីរូបនោះ គឺភាគីក្រុមហ៊ុនបានធ្វើផ្លូវបេតុងមួយខ្សែនោះឡើងវិញ គ្រប់តាមចំនួនមាត្រដ្ឋានកំណត់។

លោក  ប៉ិច ពិសី នាយកកម្មវិធីជាន់ខ្ពស់នៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ក្នុងពិធីប្រគល់រង្វាន់ដល់ជ័យលាភីថា វីដេអូនេះមានអត្ថន័យខ្លឹមសារល្អ និងគ្រប់គ្រាន់ ដោយបានបង្ហាញពីការចូលរួមឃ្លាំមើលរបស់ពលរដ្ឋ ក្នុងកិច្ចអភិវឌ្ឍន៍មូល ដ្ឋាន។ លោកសូមឱ្យអ្នកចូលរួមផលិតខែ្សវីដេអូទាំងអស់ ពិសេសប្រជាពលរដ្ឋ ត្រូវប្រើប្រាស់សិទ្ធិដែលខ្លួនមានចូលរួមឃ្លាំមើល ពិនិត្យពីដំណើរការអភិវឌ្ឍន៍ភូមិឃុំរបស់ខ្លួន។

                      លោក ប៉ិច ពិសី នាយកកម្មវិធីជាន់ខ្ពស់នៃអង្គការតម្លាភាពកម្ពុជាថ្លែងទៅកាន់អ្នកចូលរួម។រូបភាព កែវ សុខា

 

លោក  ប៉ិច ពិសី បញ្ជាក់ទៀតថា វីដេអូអប់រំទាំងអស់នឹងត្រូវផ្ញើទៅប្រទេសជាម្ចាស់ជំនួយដូចជា សហគមន៍អឺរ៉ុប ប្រទេស ស៊ុយ អែតតាមរយៈអង្គការអ៊ុកស្វាម(OXFAM) និងស្ថានទូតនានាដែលធ្វើការពាក់ព័ន្ធលើបញ្ហានេះ។

សូមបញ្ជាក់ថា ខ្សែវីដេអូដែលជាប់ជ័យលាភីលេខមួយ មានអ្នកចូលរួមផលិតចំនួន ៣រូប គឺកញ្ញា យី លុយហ៊ាង ផលិតករកម្មវិធីវិទ្យុជាតួអង្គសម្តែង កញ្ញា គឹម សិទ្ធី អ្នកថតនិងកាត់តវីដេអូ និងលោក រស់​ គង់ ផលិតករប្រតិបត្តិកម្មវិធីវិទ្យុជាអ្នកដឹកនាំសម្តែង។ អ្នកទាំងបីជាបុគ្គលិកនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)។  

ពានរង្វាន់នៃកម្មវិធីនេះ គឺជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ចំនួន​ ២លានរៀល ជ័យលាភីលេខ២ ទទួលបានប្រាក់រង្វាន់ចំនួន ១លាន ២សែនរៀល​ និងលេខ ៣ ទទួលបានប្រាក់រង្វាន់ ៨០ម៉ឺនរៀល៕

 

 កញ្ញា យី លុយហ៊ាង ជ័យលាភីម្នាក់ថ្លែងចំណាប់អារម្មណ៍ពីការចូលរួមប្រកួតរបស់ខ្លួន។ កញ្ញាសំណូមពរទៅកាន់អង្គការTI ឱ្យមានការរៀបចំការប្រកួតបែបនេះ ដោយផ្តោតលើការចូលរួមរបស់ស្រ្តីក្នុងកិច្ចដំណើរការអភិវឌ្ឍន៍មូលដ្ឋាន។រូបភាព កែវ សុខា

 

                                        ​អ្នកចូលរួមប្រកួតប្រជែងមានប្រមាណ ៨ក្រុមបានថតរូបជុំគ្នា។រូបភាព កែវ សុខា

 

Share

Image
Image
Image