ភ្នំពេញ ៖ កម្មការិនីចំនួន ០៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីមន្ដ្រីការងារពិនិត្យឃើញថា សម្ពាធឈាមពួកគាត់ចុះខ្សោយ។ ប្រធានមន្ទីរការងារខេត្ដកំពង់ស្ពឺ អះអាងថា មូលហេតុដែលនាំឲ្យពួកគាត់មានអាការដូច្នេះ គឺបណ្ដាលមកពីការភិតភ័យ។
លោក លៀ ស៊ីណា រាយការណ៍ ៖
កម្មការិនី ចំនួន ០៣នាក់ ដែលធ្វើការងារនៅរោងចក្រ វេនធូរ៉ា ផលិតកាបូប ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទងខេត្ដកំពង់ស្ពឺ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយពីមន្ដ្រីការងារពិនិត្យឃើញថា ពួកគាត់មានសម្ពាធឈាមចុះខ្សោយ។
ប្រធានមន្ទីរការងារខេត្ដកំពង់ស្ពឺ លោក ចឹក បូរិន បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៥ ខែធ្នូនេះថា មន្ដ្រីការងាររបស់លោក បានបញ្ជូនកម្មការិនី ០៣នាក់ ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ខណៈដែលពិនិត្យឃើញថា ទាំងចង្វាក់បេះដូង និងសម្ពាធឈាមរបស់ពួកគាត់ខ្សោយ។ លោកបន្ដថា ពួកគាត់ទាំងបីនាក់ គ្រាន់តែមានសភាពធេងធោង តែមិនទាន់សន្លប់នោះទេ។
តាមប្រធានមន្ទីរការងារខេត្ដកំពង់ស្ពឺ បានបញ្ជាក់ថា បញ្ហាទាក់ទិននិងមូលហេតុដែលនាំឲ្យមានកម្មករ កម្មការិនីដួលសន្លប់នេះ គឺកើតឡើងតាំងពីថ្ងៃសុក្រ ទី២១ ខែធ្នូ មកម្លេះ។ កាលពីថ្ងៃសុក្រនោះ មានកម្មការិនីពីរនាក់បានដួលសន្លប់ ហើយកម្មករក្នុងរោងចក្របាននាំពួកគាត់ ចេញមកខាងក្រៅ ហើយបានស្រែកដោយសំឡេងខ្លាំងៗ បណ្ដាលឲ្យអ្នកឯទៀតប្រមាណ ១០៧នាក់ មានប្រុសម្នាក់ ភិតភ័យ ហើយក៏ដួលសន្លប់តាមតែម្ដង ៖«និយាយរួមទៅកម្មករហ្នឹងគាត់ មុនដំបូងអត់មានរឿងអីទេ គឺមានសន្លប់ពីរនាក់។ អញ្ចឹងគាត់មានអារម្មណ៍មួយភ័យពេលលើកកាត់អីអញ្ចឹង ហើយអ្នកលើកហ្នឹងស្រែក ដល់អញ្ចឹងទៅឃើញសភាពការណ៍ហ្នឹងគាត់ភ័យគាត់ដួលតែម្ដង។ អត់មានអីទេ គណៈកម្មការពិនិត្យមើលអត់មានអីទេ»។
កាលពីថ្ងៃសុក្រ ក្រោយពីមានហេតុការណ៍កម្មករ កម្មការិនី ដួលសន្លប់ មន្ទីរការងារខេត្ដបានប្រាប់ឲ្យរោងចក្រ រៀបចំឲ្យអ្នកសន្លប់សម្រាកនៅថ្ងៃសៅរ៍មួយថ្ងៃទៀត ហើយចូលធ្វើការវិញនៅថ្ងៃចន្ទ ទី២៤ ខែធ្នូ។ ក៏ប៉ុន្ដែនៅថ្ងៃទីចន្ទ ទី២៤ ខែធ្នូ នោះ ស្រាប់តែមានកម្មការិនី ចំនួន ១៦៦នាក់ មានអាការធេងធោង ហើយមន្ដ្រីការងារបានពិនិត្យឃើញថា សម្ពាធឈាមរបស់ពួកគេសុទ្ធតែចុះខ្សោយ មន្ដ្រីការងារក៏បានបញ្ជូនពួកគេទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីព្យាបាល។ ក៏ប៉ុន្ដែពួកគេមិនទាន់ឈានដល់សន្លប់នៅឡើយទ។
ប្រធានមន្ទីរការងារបញ្ជាក់ថា កម្មការិនីទាំង ១៦៦នាក់ដែលមានអាការធេងធោង សម្ពាធឈាមចុះខ្សោយនោះ គឺភាគច្រើនជាកម្មការិនីដែលដួលសន្លប់កាលពីថ្ងៃសុក្រ។ លោកបានបដិសេធនូវការលើកឡើងមួយចំនួនថា កម្មការិនី ដួលសន្លប់ និងមានអាការធេងធោង ពីព្រោះតែមានខ្មោចចូល និងក្លិនថ្នាំជ្រលក់ក្រណាត់នោះ គឺមិនមែនជាការពិតទេ។ រហូតមកដល់ថ្ងៃនេះមន្ទីរការងារខេត្ដ បានដាក់មន្ដ្រីការងារ និងពេទ្យ ប្រចាំនៅទីនោះ ដើម្បីចាំជួយដល់កម្មករ ក្នុងករណីដែលពួកគាត់មានអាការមិនស្រួលខ្លួន ៖«និយាយរួមទៅគាត់ត្រូវមកធ្វើការធម្មតាអញ្ចឹង កាលណាគាត់មិនស្រួលយើងមានឧបករណ៍សម្រាប់វាស់គាត់។ វាស់បេះដូង វាស់ជីពចរ វាស់ឈាមអីអញ្ចឹង យើងមានឧបករណ៍យើងមើល យើងវាស់ បើគាត់អត់ស្រួលខ្លួនយើងបញ្ជូនគាត់ទៅពេទ្យភ្លាម»។
សូមជម្រាបថា យោងតាមប្រសាសន៍ ប្រធានក្រុមការងារទប់ស្កាត់ករណីដួលសន្លប់ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ប៉ុក វណ្ណថាត មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីថា គិតពីខែមករា រហូតដល់ថ្ងៃទី២៥ ខែធ្នូនេះ មានកម្មករ កម្មការិនី សន្លប់រហូតដល់ ២០៥៥នាក់ នៅរោងចក្រចំនួន ១៦។ យោងតាមតួលេខនេះ ឃើញថា ចំនួនកម្មករ កម្មការិនី ដួលសន្លប់នៅឆ្នាំ២០១៨នេះ មានការកើនឡើងជាកាលពីឆ្នាំ២០១៧។ ឆ្នាំ ២០១៧ មានកម្មករ កម្មការិនី ដួលសន្លប់ចំនួន ១៦០៣នាក់ ក្នុងនោះមានស្ត្រីចំនួន១៥៩៩នាក់។
លោក ប៉ុក វណ្ណថាត អំពាវនាវឲ្យកម្មករ កម្មការិនី ទាំងអស់ត្រូវតែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ គឺត្រូវតែសម្រាកឲ្យបានគ្រប់គ្រាន់ ហើយក្នុងករណីដែលមានអាការមិនស្រួលខ្លួន គឺមិនត្រូវបណ្ដោយឲ្យធ្លាក់ដល់សន្លប់នោះទេ គឺត្រូវធ្វើយ៉ាងណារូសរាន់ទៅជួបពេទ្យដើម្បីពិនិត្យ និងព្យាបាល។ ជាងនេះលោកស្នើដល់ថៅកែ និយោជក ទាំងអស់ត្រូវតែគោរពឲ្យបានត្រឹមត្រូវ ស្របតាមសេចក្ដីប្រកាស និងបទបញ្ញត្ដិនានា របស់ក្រសួងការងារស្ដីពីការរក្សាសុវត្ថិភាពជូនកម្មករ កម្មការិនី៕