en     km
en     km

ក្រសួង​ធនធានទឹក​ ៖​ ឆ្នាំ​២០១៩​ ចាប់ពី​ខែកុម្ភៈ​ ដល់​ខែឧសភា​ សីតុណ្ហភាព​នឹង​ឡើង​កម្ដៅ​ខ្លាំង​ជាង​ឆ្នាំ​២០១៨​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ បញ្ជាក់​ថា​ ឆ្នាំ​២០១៩​ ចាប់ពី​ខែកុម្ភៈ​ ដល់​ខែឧសភា​ សីតុណ្ហភាព​នឹង​ឡើង​កម្ដៅ​ខ្លាំង​ជាង​ឆ្នាំ​២០១៨​ ហើយ​បាតុភូត​ខ្យល់​កន្ដ្រាក់​ក៏​នឹង​ច្រើន​ជាង​ឆ្នាំ​២០១៨​ដែរ​។​ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ ស្ដី​ពី​ការ​ព្យាករណ៍​អាកាសធាតុ​ ៦​ខែ​ឆ្នាំ​២០១៩​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​។​

​តាម​ការ​ព្យាករណ៍​ រដូវប្រាំង​ និង​រដូវវស្សា​ ក្នុង​ឆ្នាំ​២០១៩​នេះ​ កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​បាតុភូត​អែ​ល​នី​ណូ​ (El​ Nino)​ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​ ៦៥​ភាគរយ​ និង​ ៣៥​ភាគរយ​ទៀត​ ទទួល​រង​ឥទ្ធិពល​ពី​បាតុភូត​អន្ដរកាល​ ដែល​ជា​បាតុភូត​នៅ​ចន្លោះ​ អែ​ល​នី​ណូ​ និង​ ឡា​នី​ណា​ (La​ Nina)​។​

​ក្រសួង​ធនធានទឹក​ ប្រាប់​ថា​ រដូវប្រាំង​ សីតុណ្ហភាព​ខ្ពស់​ជាង​មធ្យមភាគ​ប្រចាំឆ្នាំ​។​ អំឡុង​ខែមករា​ អាកាសធាតុ​ចុះ​ត្រជាក់​ ពិសេស​ខេត្ដ​នៅ​តំបន់​ខ្ពង់រាប​ និង​តំបន់​ជូរ​ភ្នំ​។​ សម្រាប់​តំបន់​ខ្ពង់រាប​ នឹង​តំបន់​ជូរ​ភ្នំ​ សីតុណ្ហភាព​អាច​ចុះ​ត្រជាក់​ដល់​ ១៧​ ឬ​ ១៩​អង្សា​សេ​ ហើយ​សីតុណ្ហភាព​ដែល​ក្ដៅ​អាច​មាន​រង្វង់​ពី​ ២៥-២៧​ អង្សា​សេ​។​ ដោយឡែក​បណ្ដា​រាជធានី​ ខេត្ដ​ដទៃ​ទៀត​ សីតុណ្ហភាព​ អប្បបរមា​ ស្ថិត​ក្នុង​រង្វង់​ពី​ ២០-២២​ អង្សា​សេ​ និង​អតិបរមា​ស្ថិត​ក្នុង​រង្វង់​ពី​ ២៦-២៨​អង្សា​សេ​។​ បន្ថែម​ពី​នេះ​ក្រសួង​បញ្ជាក់​ថា​ ចាប់ពី​ខែកុម្ភៈ​ ដល់​ខែឧសភា​ អាកាសធាតុ​នឹង​កើន​កម្ដៅ​ជា​លំដាប់​ ដែល​ក្ដៅ​ខ្លាំង​ជាង​ឆ្នាំ​២០១៨​ ពិសេស​បណ្ដា​ខេត្ដ​នៅ​តំបន់​វាលទំនាប​។​ បន្ថែម​ពី​នេះ​ក្រសួង​ប្រាប់​ថា​ ក្នុង​ខែមេសា​ ដល់​ខែឧសភា​ កម្ដៅ​ដែល​ទាប​បំផុត​ចន្លោះ​ពី​ ៣៦-៣៨​អង្សា​សេ​ ហើយ​កម្ដៅ​ដែល​ខ្ពស់​បំផុត​ពី​ ៣៩-៤១​អង្សា​សេ​។​

​ជាង​នេះ​អំឡុង​ពេល​ដែល​មាន​ភ្លៀង​កក់ខែ​ ចន្លោះ​ពី​ចុងខែ​មីនា​ ដល់​ខែឧសភា​ អាច​នឹង​មាន​បាតុភូត​ផ្ទ​រ​ រន្ទះ​ និង​កើត​មាន​ខ្យល់​កន្ដ្រាក់​ច្រើន​ជាង​ឆ្នាំ​២០១៨​ ហើយ​មិនតែប៉ុណ្ណោះ​អាច​នៅ​អំឡុង​ស​ប្ដា​ហ៍​ទី​៣​ និង​ទី​០៤​ នៃ​ខែមិថុនា​ នឹង​មានកូន​រដូវប្រាំង​មួយ​កើតឡើង​។​

​ក្រសួង​ធនធានទឹក​ សង្កត់ធ្ងន់​ថា​ យោង​តាម​ការ​ព្យាករណ៍​នេះ​ ស្ថានភាព​អាកាសធាតុ​នា​រដូវប្រាំង​ និង​ដើមរដូវ​វស្សា​ ឆ្នាំ​២០១៩​នេះ​ គឺ​មិនសូវ​អំណោយផល​ល្អ​ឡើយ​ ក្រសួង​ស្នើ​ឲ្យ​គ្រប់​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​ដែនដី​ សាធារណជន​ និង​ពិសេស​ប្រជា​កសិករ​ ត្រូវធ្វើ​យ៉ាងណា​រៀបចំ​ទុកដាក់​ ទឹក​ និង​ ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​ ប្រកបដោយ​ការ​សន្សំ​សំចៃ​។​ លើស​ពី​នេះ​ ត្រូវ​បង្កើន​ការ​យកចិត្ដទុកដាក់​ និង​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ចំពោះ​បាតុភូត​ ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ដ្រាក់​ ដែល​អាច​កើត​មាន​ច្រើន​នៅ​អំឡុង​ខែមេសា​ និង​ឧសភា​៕​

Share

ព័ត៌មានទាក់ទង

Image