ថ្មីៗនេះ មានគ្រូជាប់កិច្ចសន្យាប្រមាណ១០០នាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្អូញត្អែរថា ពួកគាត់មិនបានបើកប្រាក់ខែជិតមួយឆ្នាំមកហើយ គឺចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤មកម្ល៉េះ ករណីបើកប្រាក់ខែយឺតយ៉ាវដល់គ្រូបង្រៀនជាប់កិច្ចសន្យានេះ សង្គមស៊ីវិលយល់ឃើញថា វាធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រូបង្រៀន និងធ្វើឱ្យប៉ះពាល់ដល់វិស័យអប់រំផងដែរ។
តំណាងសម្ព័ន្ធគណយ្យភាពសង្គមប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ បានប្រាប់វិទ្យុស្ត្រី នៅថ្ងៃសុក្រ ទី០៩ ខែតុលានេះថា មិនថាគ្រូជាប់កិច្ចសន្យា ឬគ្រូក្របខណ្ឌនោះទេ គួរតែទទួលបានផលប្រយោជន៍ដូចៗគ្នា ពីព្រោះថាពួកគេសុទ្ធតែបានបំពេញការងារក្នុងការជំរុញឱ្យមានភាពល្អប្រសើរនៅក្នុងវិស័យអប់រំដូចៗគ្នា។
លោកបន្ថែមថា បើការបើកប្រាក់ខែនោះនៅតែមានការយឺតយ៉ាវ នឹងធ្វើឱ្យប៉ះពាល់ការរៀនសូត្ររបស់សិស្ស និងប្រព័ន្ធអប់រំជាក់ជាមិនខាន។ «អញ្ចឹង ប្រសិនពួកគាត់មិនទាន់ទទួលបានផលប្រយោជន៍ ហើយមានការយឺតយ៉ាវបែបនេះវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការរៀនសូត្ររបស់សិស្ស ជាពិសេសគ្រូដែលជាប់កិច្ចសន្យាទាំងអស់ហ្នឹង គាត់នឹងមិនអាចបំពេញការងារបានល្អ ហើយអ្វីដែលជាលទ្ធផលនៃផលប៉ះពាល់នោះ គឺការរៀនសូត្ររបស់សិស្សហ្នឹងឯង ។ ចំណុចនេះខ្ញុំគិតថា បើនៅតែបណ្តោយឲ្យនៅអញ្ចឹងទៀត វានឹងប៉ះពាល់ដល់រឿងអប់រំហ្នឹងហើយ ។ អញ្ចឹងក្រសួងអប់រំគួរមានវិធានការជាបន្ទាន់ដើម្បីដោះស្រាយពីបញ្ហានេះ។
ទាក់ទងនឹងការយឺតយ៉ាវ ក្នុងការបើកប្រាក់ខែរបស់គ្រូជាប់កិច្ចសន្យានេះដែរ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បាននិយាយថា ករណីគ្រូជាប់កិច្ចសន្យាមិនបានបើកប្រាក់ខែរយៈពេល១ឆ្នាំ មិនមែនមាននៅតែខេត្តកំពង់ចាមមួយនោះទេ គឺនៅគ្រប់បណ្តាខេត្តទូទាំងប្រទេសកម្ពុជា ឱ្យតែមានអ្នកគ្រូ លោកគ្រូជាប់កិច្ចសន្យាគឺសុទ្ធតែមិនទាន់បានបើកប្រាក់ខែដូចគ្នាទាំងអស់។
អ្នកស្រីក៏បានលើកទ្បើងផងដែរថា ក្រសួងអប់រំតែងថាលើកកម្ពស់គុណភាពអប់រំ ប៉ុន្តែមានតែទ្រឹស្តី និងនៅលើក្រដាសតែប៉ុណ្ណោះ។
«ខ្ញុំគិតថាក្រសួងគ្រាន់តែនិយាយអ្វីដែលមិនមែនជាការពិត គ្រាន់តែនៅក្នុងក្រដាសប៉ុណ្ណឹងទេ។ ការដែលមិនបានប្រាក់បៀវត្សទៅដល់ពួកគាត់ គឺជាការប៉ះពាល់ជីវភាពរស់នៅរបស់គាត់ប្រចាំថ្ងៃ ជាពិសេសគឺជាបញ្ហាសុខភាពរបស់គាត់ ដោយសារតែគាត់ហូបចុកអត់គ្រប់គ្រាន់ ហើយនេះហើយជាការប៉ះពាល់ដល់សុខភាព»។