en     km
en     km

មន្ដ្រី​រដ្ឋបាល​រាជធានី​ ៖​ តម្លៃ​ភ្លើង​សម្រាប់​អាជីវករ​នៅ​ភ្នំពេញ​ អាច​នឹង​បន្ដ​ចុះ​ទៀត​

Share

​ភ្នំពេញ​ ៖​ រដ្ឋបាល​រាជធានី​ កំពុង​សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បំណង​រៀប​ចំការ​បញ្ចុះតម្លៃ​ភ្លើង​នៅ​តាម​បណ្ដា​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ឲ្យ​ចុះ​ដល់​ ៧៤០​រៀល​ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។​ មន្ដ្រី​នាំពាក្យ​រដ្ឋបាល​រាជធានី​ បញ្ជាក់​ថា​ អាជ្ញាធរ​រំពឹង​ថា​ អាច​នឹង​អនុវត្ដ​នៅ​ដើម​ខែមករា​ ឆ្នាំ​២០១៩​ ជា​ការ​ដូ​ឆ្នាំ​ថ្មី​ ហើយ​តម្លៃ​ភ្លើង​នេះ​អាច​នឹង​បន្ដ​ចុះ​ទៀត​ ស្រប​ទៅ​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ពេល​នេះ​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ បាន​ប្រាប់​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ សិក្សា​មើល​ពី​បញ្ចុះតម្លៃ​អគ្គិសនី​ជូន​អាជីវករ​នៅ​គ្រប់​ផ្សារ​ទាំងអស់​ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​។​

​ករណី​នេះ​មន្ដ្រី​នាំពាក្យ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ លោក​ ម៉េ​ត​ មាស​ភក្ដី​ បញ្ជាក់​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ នេះ​ថា​ ក្រោយ​ពី​មានការ​ណែនាំ​ពី​នាយក​រដ្ឋមន្ដ្រី​ អភិបាល​រាជធានី​ បាន​ចុះ​ជួប​អាជីវករ​ ដើម្បី​សិក្សា​ពី​ការ​ចំណាយ​របស់​ពួក​គាត់​ពី​ការ​ប្រើប្រាស់​ភ្លើង​សព្វថ្ងៃ​ និង​ផ្សព្វផ្សាយ​ពី​គម្រោង​បញ្ចុះតម្លៃ​អគ្គិសនី​ដល់​ពួក​គាត់​។​

​យោង​តាម​ការ​សង្កេត​មើល​ជាក់ស្ដែង​មន្ដ្រី​នាំពាក្យ​រដ្ឋបាល​រាជធានី​ មាន​ប្រសាសន៍​ថា​ កន្លង​មក​អាជីវករ​លក់ដូរ​តាម​បណ្ដា​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ប្រើប្រាស់​អគ្គិសនី​ពី​អ្នក​ម៉ៅ​ង​ការ​ឯកជន​ ដែល​តូប​ខ្លះ​ត្រូវ​បង់​ក្នុង​តម្លៃ​ ១២០០​រៀល​ ទៅ​ ១៥០០​រៀល​ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។​ ក្រោយ​ពី​សិក្សា​ឃើញ​ថា​ តម្លៃ​នេះ​ហាក់​ខ្ពស់​ រដ្ឋបាល​រាជធានី​ និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​នឹង​កំពុង​រៀបចំ​ការ​បញ្ចុះតម្លៃ​អគ្គិ​នី​ឲ្យ​ចុះ​មក​ត្រឹមតែ​ ៧៤០​រៀល​ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ ស្រម​តាម​ការ​ណែនាំ​របស់​សម្ដេច​ ហ៊ុន​ សែន​។​

​លោក​ ម៉េ​ត​ មាស​ភក្ដី​ ប្រាប់​បន្ដ​ថា​ ការ​បញ្ចុះតម្លៃ​អគ្គិសនី​សម្រាប់​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​នេះ​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ មាន​បំណង​ចូលរួម​កាត់​បន្ថយ​ការ​ចំណាយ​របស់​អា​ជី​វិករ​ និង​លើក​ស្ទួយ​ជីវភាព​របស់​ពលរដ្ឋ​។​ មន្ដ្រី​នាំពាក្យ​ សង្កត់ធ្ងន់​ថា​ តម្លៃ​អគ្គិសនី​ ទំនង​អាច​នឹង​បន្ដ​ចុះ​ទៀត​ ស្រប​ទៅ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ៖«​អ​ញ្ចឹ​ង​ក្រោយ​ពេល​បញ្ចប់​នៅ​កិច្ចការ​នេះ​ បន្ដ​ពី​ហ្នឹង​ជា​រៀង​រហូត​គឺ​បងប្អូន​របស់​យើង​នឹង​បាន​តម្លៃ​នៃ​ការ​ប្រើប្រាស់​អគ្គិសនី​ទាប​ ឬ​ក៏​បញ្ចុះ​ទាប​បន្ដ​ទៀត​ ទៅ​តាម​គោលការណ៍​ ទៅ​តាម​យន្ដការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ន័យ​ គីត​គូរ​អំពី​បងប្អូន​អាជីវករ​របស់​យើង​»​។​

​យ៉ាងណា​ការ​សិក្សា​ពី​ការ​បញ្ចុះតម្លៃ​អគ្គិសនី​នេះ​ គឺ​ធ្វើ​ឡើង​សម្រាប់​តែ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​នានា​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែ​ប៉ុណ្ណោះ​ នេះបើតាមលោក ម៉េត មាស ភក្ដី។​ ចំពោះ​ថា​ តើ​នឹង​មាននៅ​ទូ​ទាំង​ប្រទេស​ឬ​យ៉ាងណា​ រដ្ឋបាល​រាជធានី​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។​

តែ​យ៉ាងណា​ បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​ អគ្គិសនី​កម្ពុជា​ បាន​បញ្ជាក់​ថា​ កាលពី​ពេល​ថ្មីៗ​នេះ​មាន​សារព័ត៌មាន​ មួយ​ចំនួន​ បាន​ផ្សព្វផ្សាយ​ថ្លៃ​លក់​អគ្គិសនី​ឆ្នាំ​ ២០១៩​ ខុស​ពី​បញ្ជី​ថ្លៃ​លក់​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ដូច្នេះ​អគ្គិសនី​កម្ពុជា​ សូម​បង្ហាញ​ជូន​នូវ​បញ្ជី​ថ្លៃ​លក់​ដូច​ខាងក្រោម​។​

​ចំពោះ​អ្នក​ប្រើប្រាស់​តាម​តូប​លក់​ក្នុង​ផ្សារ​នានា​ត្រូវ​ចាត់​ចូល​ជា​ប្រភេទ​ពាណិជ្ជកម្ម​ធុន​តូច​ដែល​ទិញ​ចេញពី​ខ្សែបណ្តាញ​ចែកចាយ​សាធារណ​:​តាម​តង់ស្យុង​ទាប​ដែល​មាន​ថ្លៃ​ ៧៤០​រៀល​/kWh​ ចាប់ពី​ឆ្នាំ​២០១៩​ នេះ​តទៅ​ ដោយ​ចាប់ផ្តើម​ពី​ផ្សារ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​បន្តបន្ទាប់​ផ្សារ​តាម​ខេត្ត​នានា​។

ជាមួយ​គ្នា​នេះ​ មន្ដ្រី​នាំពាក្យ​ រដ្ឋបាល​រាជធានី​បញ្ជាក់​ថា​ អាជ្ញាធរ​កំពុង​តែ​ខិតខំ​ធ្វើ​ដើម្បី​ឲ្យ​ការ​បញ្ចុះតម្លៃ​អគ្គិសនី​ សម្រាប់​អាជីវករ​បាន​ចេញ​ជា​រូបរាង​នៅ​ដើមឆ្នាំ​២០១៩​នេះ​៕​

Share

Image
Image
Image