ភ្នំពេញ៖ រដ្ឋាបាលរាជធានីភ្នំពេញនឹងចាប់ផ្អាកចរាចរនៅលើកំណាត់មហាវិធីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ ដើម្បីបញ្ជៀសចរាចរកកស្ទះក្នុងអំឡុងពិធីសម្ពោធវិមានអនុស្សារីយ៍នយោបាយឈ្នះ ឈ្នះនិងអបអរសាទការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី ចន្ទ នេះ បញ្ជាក់ថា ការផ្អាកចរាចរបណ្តោះអាសន្នលើកំណាត់ផ្លូវចាប់ពីស្ពានព្រែកព្នៅដល់ផ្លូវជាតិលេខ៦ គឺចាប់ពីថ្ងៃទី ២៨ ធ្នូ ដល់ថ្ងៃទី ១ មករា ឆ្នាំ ២០១៩។
អាជ្ញាធររាជធានីភ្នំពេញ អំពាវនាវឱ្យអ្នកដំណើរទាំំងអស់ធ្វើចរាចរចេញ-ចូលមករាជធានីភ្នំពេញ ត្រូវវាងទៅតាមស្ពានព្រែកក្តាមវិញ។
កម្មវិធីសម្ពោធវិមានអនុស្សារីយ៍នយោបាយឈ្នះ ឈ្នះនិងអបអរសាទការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៨។
សូមរំលឹកថា ស្តូបវិមានឈ្នះ ឈ្នះ ចាប់ផ្តើមសាងសង់កាលពីខែកុម្ភៈ ឆ្នាំ ២០១៦។ វិមានឈ្នះឈ្នះសាងសង់លើទំហំដី ៨ ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាអំណោយរបស់លោកឧញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។
ដើម្បីអបអរសាទការបញ្ចប់សង្គ្រាមស៊ីវិលនៃខួប ២០ឆ្នាំ ក្នុងការអនុវត្តគោលនយោបាយឈ្នះឈ្នះ ចាប់ពីឆ្នាំ ១៩៩៨ ដល់ ឆ្នាំ ២០១៨នេះ កងទ័ពនឹងដាក់តាំងពិព័រណ៍សមិទ្ធផលនានានៃកងកម្លាំងវិស្វកម្មចាប់តាំងពីការបង្កើតឡើងរហូតដល់ពេលបច្ចុប្បន្ននេះ៕