en     km
en     km

ក្រសួង​ចំនួន​២​ ប្រកាស​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ដ្រ​ និង​ផែនការ​ប្រតិបត្ដិ​ច្បាប់​ស្ដី​ពី​យុត្ដិធម៌​អនីតិជន​

Share

​ភ្នំពេញ​ ៖​ ក្រសួងយុត្តិធម៌​ និង​ ក្រសួង​សង្គមកិច្ច​ បាន​រៀបចំ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ និង​ផែនការ​ប្រតិបត្តិ​ច្បាប់​ស្តី​ពី​យុត្តិធម៌​អនីតិជន​ចាប់ពី​ ២០១៨​ ដល់​ឆ្នាំ​ ២០២០​។​ រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច​បញ្ជាក់​ថា​ គោលបំណង​នៃ​ផែនការ​យុទ្ធសាស្ត្រ​ និង​ផែនការ​ប្រតិបត្តិ​នេះ​ គឺ​ធ្វើ​ឲ្យ​ជីវិត​របស់​អនីតិជន​ទំនាស់​នឹង​ច្បាប់​បាន​ប្រសើរ​ឡើង​ ដោយ​ផ្តោត​លើ​គោលដៅ​ពីរ​។​

​លោក​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ក្រសួងយុត្តិធម៌​ និង​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ជាមួយនឹង​ការ​គាំទ្រ​ពី​យូ​នី​សេ​ហ្វ​ បាន​រៀបចំ​រួម​គ្នា​ ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ និង​ផែនការ​ប្រតិបត្តិ​ច្បាប់​ស្តី​ពី​យុត្តិធម៌​អនីតិជន​ ដើម្បី​ណែនាំ​ពី​ការ​អនុវត្ត​ច្បាប់​នេះ​ ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ដើមឆ្នាំ​២០១៧​ ក្រោម​អធិបតីភាព​ សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ ស​ ខេ​ង​ កាលពី​ពេល​នោះ​ បាន​លើក​ឡើង​ថា​ ចំណុច​គ​ន្លិះ​មួយ​នៅ​ក្នុង​ផែនការ​នេះ​ គឺ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ឲ្យ​មានការ​យល់​ដឹង​ពី​ផលប្រយោជន៍​នៃ​ការ​អនុវត្ត​នូវ​វិធានការ​បង្វែរ​ និង​វិធានការ​ផ្សេង​ក្រៅពី​ការ​ឃុំខ្លួន​ ដែល​អាច​កាត់​បន្ថយ​ការ​ប្រព្រឹត្ត​បទល្មើស​សារ​ជា​ថ្មី​ និង​កាត់​បន្ថយ​ចំនួន​អនីតិជន​ជាប់​ឃុំ​ ហើយ​ក៏​អាច​ឈាន​ទៅ​កាត់​ន្ថ​យ​បន្ទុក​ចំណាយ​របស់​រដ្ឋ​ ក្នុង​ការ​គាំទ្រ​ទៅ​លើ​ការងារ​ឃុំឃាំង​ផង​ដែរ​។​

​ច្បាប់​ស្តី​ពី​យុត្តិធម៌​អនីតិជន​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៧​ ដើម្បី​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​អនីតិជន​នៅ​កម្ពុជា​។​ ច្បាប់​នេះ​ផ្តោត​លើ​ការ​បង្វែរ​ ដែល​ជា​ការ​ឆ្លើយ​តប​ដ៏​ត្រឹមត្រូវ​ចំពោះ​អនីតិជន​ទំនាស់​នឹង​ច្បាប់​ ជា​ជាង​ការ​ដាក់​ទណ្ឌកម្ម​ដែល​ជា​អភិក្រម​កំពុង​បច្ចុប្បន្ន​ ដោយ​មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​អនីតិជន​។​

​មាន​ប្រសាសន៍​ក្នុង​ពិធី​នោះ​លោក​ វង​ សូត​ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ បាន​គូសបញ្ជាក់​ថា​ គោលបំណង​នៃ​ផែនការ​យុទ្ធសាស្ត្រ​ និង​ផែនការ​ប្រតិបត្តិ​នេះ​ គឺ​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​អនីតិជន​ទំនាស់​នឹង​ច្បាប់​បាន​ប្រសើរ​ឡើង​ ដោយ​ផ្តោត​ទៅ​លើ​គោលដៅ​ពីរ​ ទី​ ១.​ កសាង​ប្រព័ន្ធ​យុត្តិធម៌​អនីតិជន​ទំនើប​មួយ​ ប្រកបដោយ​ចីរភាព​ និង​មានការ​កែ​លម្អ​ជា​បន្តបន្ទាប់​នា​ពេល​អនាគត​ និង​ទី​ ២.​ ផ្ដល់​កិច្ច​ការពារ​ និង​គាំទ្រ​សិទ្ធិ​របស់​អនីតិជន​ទំនាស់​នឹង​ច្បាប់​ ប្រកបដោយ​ប្រសិទ្ធភាព​។​

​តាម​ការ​ប៉ាន់​ប្រមាណ​ ក្នុង​ចំណោម​កុមារ​ ១០០.០០០​នាក់​ មាន​កុមារ​ប្រហែល​២៣​នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នា​ពេល​បច្ចុប្បន្ន​។​ ចំនួន​កុមារ​ក្នុង​ពន្ធនាគារ​បាន​កើនឡើង​ពី​ ៣៣៦​ ក្នុង​ឆ្នាំ​២០១៤​ ដល់​ ១.៥៣៥​ ក្នុង​ឆ្នាំ​២០១៨​នេះ​។​ នេះ​ជា​សញ្ញា​មួយ​ទាមទារ​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ជា​បន្ទាន់​ ដើម្បី​ឲ្យ​អនីតិជន​ទំនាស់​នឹង​ច្បាប់​ ត្រូវ​បាន​បង្វែរ​ចេញពី​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ ទៅ​កាន់​យន្តការ​កុមារ​មេត្រី​ដូច​ជា​កម្មវិធី​បង្វែរ​ជាដើម​។​

​ក្នុង​ពេល​ដែល​ច្បាប់​យុត្តិធម៌​អនីតិជន​ គឺជា​គោលដៅ​ដ៏​សំខាន់​នៅ​ក្នុង​កិច្ចការ​កំណែទម្រង់​យុត្តិធម៌​អនីតិជន​នោះ​ ទស្សនៈទាន​ស្តី​ពី​យុត្តិធម៌​អនីតិជន​នេះ​ក៏​ជា​បញ្ហា​ថ្មី​មួយ​សម្រាប់​កម្ពុជា​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​យឺតយ៉ាវ​ក្នុង​ការ​អនុវត្ត​ច្បាប់​។​ ផែនការ​យុទ្ធសាស្ត្រ​ និង​ផែនការ​ប្រតិបត្តិ​នេះ​ ផ្តល់​ជា​ផែនទី​ចង្អុល​ផ្លូវ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ​ និង​កសាង​ប្រព័ន្ធ​យុត្តិធម៌​អនីតិជន​ទំនើប​មួយ​ស្រប​តាម​ការ​អនុវត្ត​ល្អៗ​របស់​អន្តរជាតិ​។​

​ដើម្បី​សម្រេច​បាន​គោលដៅ​ទាំង​ពីរ​ដូចដែល​លោក​ វង​ សូត​ បាន​លើក​ទ្បើ​ង​ ផែនការ​យុទ្ធសាស្ត្រ​ និង​ផែនការ​ប្រតិបត្តិ​ច្បាប់​ស្តី​ពី​យុត្តិធម៌​អនីតិជន​នេះ​បាន​ផ្តោត​លើ​កម្មវិធី​យុទ្ធសាស្ត្រ​ចំនួន​៩​ ដែល​រួម​មាន​ ការ​សម្របសម្រួល​ ការ​គ្រប់គ្រង​ និង​ការ​ទំនាក់ទំនង​ ការ​អប់រំ​ និង​ការ​បណ្តុះបណ្តាល​ភ្នាក់ងារ​សង្គមកិច្ច​ ការ​បង្វែរ​ ការ​ធ្វើ​សមាហរណកម្ម​ ការ​ឃុំខ្លួន​ ការ​ទប់ស្កាត់​បទល្មើស​ ក្រប​ខណ្ឌ​គោលនយោបាយ​និង​ប្រព័ន្ធ​ប្រតិបត្តិ​ និង​ការ​ពិនិត្យ​តាមដាន​ និង​វាយតម្លៃ​៕

Share

Image
Image
Image