កម្មករចំនួន៧១នាក់ បានរងរបួស ដោយសារឆក់ខ្សែភ្លើង ក្នុងនោះមានម្នាក់រងរបួសធ្ងន់ ហើយកំពុងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
ប្រធានសហជីពសេរីកម្មករលោក ជា មុន្នី ឲ្យនៅថ្ងៃសុក្រ ទី៩ ខែតុលានេះថា ឧបទ្ទវហេតុកម្មករឆក់ខ្សែភ្លើងនេះ បានកើតឡើងនៅរោងចក្រហ្គោលឌិនអឹបផើរៀល ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រនេះ។
លោក ជា មុន្នី បានឲ្យដឹងទៀតថា បើតាមការស៊ើបអង្កេតបឋមឃើញថា ឧបទ្ទវហេតុនេះ បណ្តាលមកពី ការធ្វេសប្រហ្វេសរបស់ភាគីរោងចក្រ ដែលបានតចរន្តអគ្គិសនីខុសបច្ចេកទេសចូលក្នុងម៉ាស៊ីនដេរ។ លោកបញ្ជាក់បន្ថែមផងដែរថា លោកបានបញ្ជាដល់ក្រុមការងាររបស់លោក ឲ្យស្នើដល់រោងចក្រកើតហេតុខាងលើ ឲ្យផ្អាកដំណើរការសិន ដោយហេតុថាពេលនេះ កម្មករ កម្មការនីកំពុងតែមានភាពជ្រួលច្របល់នៅឡើយ និងត្រូវធ្វើការស៊ើបអង្កេតករណីនេះ។
ប្រធានសហជីពសេរីកម្មកររូបនេះបានអះអាងថា លោកនឹងប្តឹងក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនមួយនេះចេញមុខទទួលខុសត្រូវ ចំពោះឧបទ្ទវហេតុដែលបានកើតឡើងចំពោះកម្មករ។
WMC មិនអាចទាក់ទងសុំការបំភ្លឺពីរោងចក្រហ្គោលឌិនអឹបផើរៀល បានទេ នៅល្ងាចថ្ងៃសុក្រនេះ។
សូមបញ្ជក់ថា កម្មករដែលកំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនោះ រហូតមកទល់ពេលនេះនៅមិនទាន់ទទួលដំណឹងថា មានធូរស្បើយ ឬក៏មានការវិវឌ្ឍយ៉ាងណានោះទេ៕